នាវា​ចម្បាំង​របស់​ចក្រភព​អង់គ្លេស​ HMS Spey បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​កង​ទ័ពជើងទឹក​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ និង​ ២៦ ខែ​កញ្ញា​នេះ ​នៅ​ខេត្ត​ព្រះសីហនុរ ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី២​របស់​ខ្លួន។​


សមយុទ្ធ​រួម​គ្នា​នេះ​ដឹក​នាំ​ដោយ​មេ​បញ្ជាការPaul Caddy ​មេបញ្ជាការ​នៃ​នាវា ​HMS Spey ​ជាមួយ​មន្ត្រី​កងទ័ព​ជើង​ទឹក​កម្ពុជា​ចំនួន​៣០​នាក់ ដោយ​គ្រប​ដណ្តប់​លើ​ការ​ធ្វើ​នាវាចរណ៍ Man Overboard Procedure​ បច្ចេកទេស​ពន្លត់​អគ្គិភ័យ​និង​លំហាត់​នានា​ជា​ច្រើន​ទៀត។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា។

លោក​ Paul Caddy បាន​ថ្លែង​ថា៖ «ការហ្វឹក​ហ្វឺន​ទ្វេភាគី​ដែល​យើង​បាន​ធ្វើ​ជាមួយ​កងទ័ព​ជើងទឹក​កម្ពុជា​គឺ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ការរៀន​សូត្រ​រួម​គ្នា​និង​ពង្រឹង​ភាព​ជា​ដៃគូ​ដែល​កំពុង​រីក​ចម្រើន​រវាង​ចក្រភព​អង់គ្លេស​និង​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា»។


លោកDominic Williams ​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​​បាន​ថ្លែង​ថា នាវា​ HMS Spey ​​បាន​មក​កម្ពុជា​លើក​ទី១​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ២០២៣។ វា​ជា​នាវា​ចក្រភព​អង់គ្លេស​ដំបូង​គេ​ដែល​បាន​មក​ទស្សកិច្ច​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​៦៥​ឆ្នាំ។ ឆ្នាំ២០២៣ ក៏​ជា​ឆ្នាំ​ដែល​មាន​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​បាន​សិក្សា​នៅ​សាលា​នាយ​ទាហាន​ជាន់​ខ្ពស់​របស់​ចក្រភពអង់គ្លេស​ឈ្មោះ​ Sandhurst។

លោក​ Dominic Williams ថ្លែង​ដូច្នេះ​ថា៖ «ជាង​មួយ​ឆ្នាំ​កន្លះ​មក​នេះ យើង​នៅ​តែ​បន្ត​ទំនាក់​ទំនង​ការពារជាតិ​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា​ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ការ​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​របស់​នាវា HMS Spey ជា​សញ្ញា​នៃ​ការ​ប្តេជ្ញាចិត្ត​ដ៏​យូរ​អង្វែង​របស់​យើង»។


លោក​ងួន ឧត្តម មេបញ្ជាការ​រង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​ការហ្វឹកហ្វឺន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​និង​បាន​កោត​សរសើរ​ចំពោះ​កិច្ចសហការ​នេះ។

លោក​បាន​ថ្លែង​ថា៖ «យើង​សូម​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​ជា​ញឹកញាប់[មក​កាន់]​​កងទ័ព​ជើង​ទឹក​កម្ពុជា។ យើង​អាច​បន្ត​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជាមួយ​គ្នា​រៀន​សូត្រ​ពី​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​និង​ការ​ពង្រឹង​មិត្តភាព​រវាង​កងទ័ព​ជើងទឹក​របស់​យើង​ទាំង​ពី»

ចក្រភពអង់គ្លេស​ចាត់​ទុក​កម្ពុជា​ជា​ដៃគូ​ដ៏សំខាន់​នៅ​ក្នុង​អាស៊ាន​និង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​និង​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​ចាប់​ពី​ពាណិជ្ជកម្ម​រហូត​ដល់​ការ​អប់រំ ក៏ដូចជា ​ការប្រែប្រួល​អាកាសធាតុ៕