អាកាស​យានដ្ឋាន​អន្តរជាតិ​តារាសាគរ ក្នុង​ខេត្ត​កោះកុង ​នឹង​បើក​ដំណើរ​ការ​ហោះ​ហើរ​សម្រាប់​យន្ត​ហោះ​ខ្នាត​តូច​ក្នុង​ស្រុក ​នៅ​ចុង​ខែវិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​សាង​សង់​រួច​រាល់ ១០០​ភាគរយ និង​ឆ្លង​កាត់​ការ​ហោះ​ហើយ​សាក​ល្បង​ដោយ​ជោគ​ជ័យ​នៅ​ថ្ងៃ​ទី២៩ និង​៣០ ខែ​កញ្ញា​នេះ។ 


រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល​បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ​បាន​ធ្វើ​ការ​ហោះ​ហើរ​សាក​ល្បង​នៅ​ថ្ងៃ​ទី២៩ និង​ថ្ងៃ​ទី៣០ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​អាកាស​យានដ្ឋាន​អន្តរជាតិ​តារាសាគរ ​Union Development Group ​( Costal Airport Investment Co. Ltd)។

ការ​ហោះ​ហើរ​សាក​ល្បង​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ឆែក​ឧបករណ៍​បច្ចេកទេស​នាំផ្លូវ​អាកាស វិទ្យុ​ទាក់ទង​ជាមួយ​អាកាសយាន​និក និង​កង្វះ​ខាត​នានា​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ថែម​ទៀត។ 


លោក ស៊ីន​ ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ​និង​ជាអ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា៖ «បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​នោះ ​ការ​បើក​ឲ្យ​ប្រតិបត្តការ​សម្រាប់​ការ​ហោះ​ហើរ​យន្ត​ហោះ​ប្រភេទ​ស្រាល​ខ្នាត​តូច​ក្នុង​ស្រុក និង​ការ​ហោះ​ហើរ​ហ្វឹកហ្វឺន​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ អាច​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ»។

អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ មាន​ទីតាំង​ក្នុង​ស្រុកបុទម​សាគរ ខេត្ត​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group ​និង​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន ​Costal Airport Investment Co. Ltd​ ក្នុង​ទំហំ​ទឹក​ប្រាក់​២០០​លាន​ដុល្លារ ​ក្នុង​ដំណាក់​កាល​ទី១។ ការ​វិនិយោគ​នេះ​ គាំទ្រ​ដល់​ពហុបំណង​វិស័យ​ទេសចរណ៍។ នេះបើ​តាម​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល។


ព្រលាន​យន្ត​ហោះ​នេះ​សាងសង់​លើ​ផ្ទៃដី ​២១៨​ហិចតា និង​បាន​ត្រៀម​ដី​បម្រុង​ទុក​ជិត ១០០០​ហិចតា​សម្រាប់​អភិវឌ្ឍន​គម្រោង​គាំទ្រ​ផ្សេងៗ។

បើ​តាម​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល​ ផែនការ​ដំបូង​នៃ​ការ​បើក​ដំណើរ​ការ​អាកាស​យានដ្ឋាន​នេះ គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ដោយ​សារ​តែ​​វិបត្តិ​ផ្សេងៗ រួម​មាន​ទំាំង​កូវីដ១៩​ផង ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​ធ្លាក់​ចុះ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ការ​បើក​ដំណើរ​ការ​នា​ពេល​នេះ​ ដំបូង​គឺ​សម្រាប់​យន្តហោះ​ខ្នាត​តូច​ក្នុង​ស្រុក រីឯ​ការ​ហោះ​ហើរ​ជា​អន្តរជាតិ​នឹង​បើក​ដំណើរ​ការ​នៅ​ពេល​ណា​មាន​តម្រូវការ «មិន​មាន​អ្វី​ជា​ឧបសគ្គ​ទៀត​ទេ»៕