ធនាគារ ABA មាន​មោទនភាព​ចូលរួម​ជា​ថវិកា​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន ៤០០​លាន​រៀល (ប្រមាណ ១00,000 ដុល្លារ) ជូន​ដល់​មូលនិធិ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធតាម​ព្រំដែន​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​កិច្ច​អភិវឌ្ឍ​និង​សន្តិសុខ​សុវត្ថិភាព​នៅ​តាម​បណ្ដាយ​ព្រំដែន​កម្ពុជា។


មូលនិធិ​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​គោល​បំណង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។

ការអភិវឌ្ឍ​ជា​យុទ្ធសាស្ត្រ​ទាំង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្ដល់​ផលវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជាតិ, លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ព្រម​ទាំង​ពង្រឹង​សន្តិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន។


ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​និង​សកម្ម​ក្នុង​កិច្ចការ​ទទួល​ខុសត្រូវ​សង្គម ABA នៅតែ​ប្តេជ្ញា​ចិត្ត​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាមួយ​នឹង​សេវាកម្ម​ហិរញ្ញ​វត្ថុ​ល្អឯក​និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ។

ការរួម​ចំណែក​របស់ ABA សម្រាប់​គម្រោង​នេះ​គឺ​ស្របតាមកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បុព្វហេតុ​ការពារ និង​អភិវឌ្ឍ​ជាតិ ក្នុង​ស្មារតី​សាមគ្គី​ជាតិ​ខ្មែរ ដើម្បី​ថែរក្សា​សុខ​សន្តិភាព​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​កាន់​តែ​រឹងមាំ និង​ប្រកប​ដោយ​ចីរភាព​ដែល​នឹង​នាំមក​នូវ​វិបុលភាព​ជូន​ប្រជាពលរដ្ឋ។ 


បន្ថែម​ពី​លើ​ការ​បរិច្ចាគ​ផ្នែក​ថវិកា​នេះ ធនាគារ ABA ក៏​ផ្ដល់​មធ្យោបាយ​ឲ្យ​អតិថិជន​ពី​គ្រប់​ធនាគារ​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ដោយ​ផ្ទាល់ និង​ឥត​គិតថ្លៃ​សម្រាប់​គម្រោង​មូលនិធិ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​ព្រំដែន។

ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​ជា​អតិថិជន​របស់​ធនាគារនានា​អាច​ស្គែន​កូដ KHQR របស់ ABA ខាងលើ​ជាមួយ​នឹង​អេប​ធនាគារ​របស់​ពួក​គាត់ ឬ​ផ្ទេរប្រាក់​ដោយ​ផ្ទាល់​ទៅ​កាន់​លេខ​គណនី ABA របស់​មូលនិធិ​ដែល​មាន​លេខ៖ 717 987 179 (គណនី​ប្រាក់រៀល) និង 717 997 179 (គណនី​ដុល្លារ) ដោយ​គណនី​នីមួយៗ​មាន​ឈ្មោះ​ដូចគ្នា​ថា "Foundation for Border Inf"៕

អំពី​ធនាគារ ABA

ABA គឺជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​យោង​តាម​របាយការណ៍​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ ២០២១ ដល់ ២០២៣ របស់​ធនាគារជាតិ​នៃ​កម្ពុជា។ គិត​ត្រឹម​ថ្ងៃទី ៣០ មិថុនា ២០២៤ ABA មាន​ទ្រព្យ​សកម្ម​សរុប ១២.៣ ពាន់​លាន​ដុល្លារ​អាមេរិក​ប្រាក់​បញ្ញើ​អតិថិជន ៩.៨ ពាន់​លាន​ដុល្លារ​អាមេរិក​និង​កម្ចី​ដុល​កើន​ដល់ ៨.៣ ពាន់​លាន​ដុល្លារ​អាមេរិក។

ជាមួយ​បណ្ដាញ​សាខា​ចំនួន ៩៩, ទីតាំង​ស្វ័យសេវា​ចំនួន៤៦, ម៉ាស៊ីន​ស្វ័យសេវា​ជាង ១៧00 នៅ​ទូទាំង​ប្រទេស, សេវា​ធនាគារ​អនឡាញ​និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប ធនាគារ ABA អាច​បម្រើ​អតិថិជន​បាន​ដល់​ជាង ៤លាន ជាមួយ​សេវាហិរញ្ញ​វត្ថុ​ដ៏​ទំនើប​សម្បូរបែប ។ 

ធនាគារ ABA គឺជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កាណាដា​ដែល​ជា​ធនាគារ​ធំ​បំផុត​លំដាប់​ទី៦ នៅ​កាណាដា​និង​នាំមុខគេ​នៅ​ខេត្ត​កេប៊ិច​ជា​ជម្រើស​របស់​បណ្ដា​សហគ្រាស​ធុនតូច​និង​មធ្យម​នៅ​ទីនោះ។