ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​មិន​ពេញ​ចិត្ត​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ វៀតណាម (CLV-DTA) បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​ដក​ខ្លួន​ឬ​មិន​ដក​ខ្លួន​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា។


ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី ​និង​សិក្ខា​កាម​មេធាវី នៃ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា មាន​ទស្សនៈ​ ៣ ​នៅ​​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​​អំពី​រឿង CLV-DTAនោះ​គឺ​មាន​អ្នក​ចង់​ឲ្យ​កម្ពុជា​ដក​ខ្លួន​ និង​អ្នក​គាំទ្រ​ឲ្យ​បន្ត​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​នេះ ​និង​អ្នក​មិន​មាន​មតិ​យោបល់​អ្វី​ទាំង​អស់។

ប៉ុន្តែ លោក​សង្កេត​ឃើញ​មាន​​ចំណុច​រួម​ពីរ​ នោះ​គឺ​ភាគី​ទាំង​អស់​សុទ្ធតែ​មិន​ចង់​ឲ្យ​កម្ពុជា​បាត់​បង់​ទឹកដី និង​បាត់​បង់​ខេត្ត​ទាំង​បួន​ដែល​ស្ថិត​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​នា​ពេល​អនាគត និង​​សុទ្ធ​តែ​មាន​គោលដៅ​ចង់​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ខ្មែរ​ខ្លាំង។


លោក​ថា៖ «អ្វី​ដែល​មិន​ទាន់​ឯកភាព​គ្នា​គឺ មួយ​ក្រុម​ថា អត់​ទេ ខ្មែរ​ធ្វើ​ខ្លួន​ឯង​ ១០០​ភាគរយ ចំណែក​មួយ​ក្រុម​ទៀត​ថា អត់ទេ ខ្មែរ​យើង​ក៏​ធ្វើ ហើយ​ឯកភាព​លើ​កិច្ច​សហប្រតិបត្តិការ​ផង។ នេះ​ជា​ចំណុច​មិន​ទាន់​ត្រូវ​គ្នា។ តើ​រដ្ឋាភិបាល​យក​មួយ​ណា? តើ​យើង​ទៅ​យក​រឿង​ចាញ់​ឈ្នះ​រឿង​ដក​ខ្លួន​ឬ​មិន​ដក​ខ្លួន ឬ​មួយ​យើង​មក​មើល​គោលដៅ​ធំ​ដែល​គាត់​ចង់​បាន​ទាំង​អស់​គ្នា?»។

លោក​ឆ្លើយ​ថា៖ «[គឺ​យក] ​ការ​អភិវឌ្ឍន៍ ហើយ​ការ​ធានា​មិន​ឲ្យ​បាត់​អធិបតេយ្យភាព និង​ទឹកដី​ទៅ​អនាគត ហើយ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កិច្ច​ការ​ងារ​នេះ​ជា​បន្ទាន់ ហើយ​យើង​ក៏​បាន​ធ្វើ​កន្លង​មក​ហើយ»។


លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​អំពី​ភាព​ចាំ​បាច់​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ចប់​សព្វគ្រប់​ជាមួយ​វៀតណាម ដែល​បច្ចុប្បន្ន​នេះ​សម្រេច​បាន​៨៤​ភាគ ខណៈ​ដែល​សល់​១៦​ភាគរយ​កំពុង​ចរចា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ផែនទី​បោន​នៃ​ភូមិសាស្ត្រ​ឥណ្ឌូចិន​ដែល​មាន​ចំនួន ២៦ ផ្ទាំង តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។

ពាក់​ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ CLV-DTA ពលរដ្ឋ​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ ហើយ​បាន​ធ្វើ​បាតុកម្ម​នៅ​រៀង​រាល់​ចុង​សប្ដាហ៍​ចាប់​ពី​ថ្ងៃទី១១ ខែ​សីហា​មក។ ប៉ុន្តែ ​ក៏​មាន​ក្រុម​ដែល​បាន​អំពាវនាវ​ឲ្យ​យក​ឱកាស​នេះ​ធ្វើ​សកម្មភាព​ទម្លាក់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី១៨ ខែ​សីហា​កន្លង​ទៅ ដែល​សមត្ថកិច្ច​បាន​ចាត់​វិធានការ។

បើ​តាម​លោក ហ៊ុន ម៉ាណែត ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា មាន​មនុស្ស​ ៦៦​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ​ដោយ​ក្នុង​នោះ ​៩​នាក់​ដែល​សមត្ថកិច្ច​រក​ឃើញ​ថា​ជា​មេខ្លោង ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​និង​បន្ត​នីតិវិធី​ច្បាប់​ ចំណែក​៥៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អប់រំ និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕