លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​កញ្ញា​នេះ​ថា កម្ពុជា​បាន​សាងសង់​ផ្លូវ​នៅ​តាម​ព្រំដែន​បាន​ប្រមាណ ៥០​ភាគ​រយ​ហើយ​ក្នុង​ចម្ងាយ​ផ្លូវ​សរុប​ជាង ២៦៦០គីឡូម៉ែត្រ។


ថ្លែង​ក្នុង​ពិធី​ប្រគល់​​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី ​និង​សិក្ខា​កាម​មេធាវី នៃ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ថា​ ផ្លូវ​ដែល​នៅ​សេសសល់​ប្រមាណ ១៣០០​គីឡូម៉ែត្រ​ទៀត នឹង​ត្រូវ​សាង​សង់​រួចរាល់​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ទៀត ដោយ​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ។

លោក​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៥ ​ខែកញ្ញា​នេះ​ មាន​អ្នក​ចូលរួម​ជិត ៤០​ម៉ឺន​នាក់។ លោក​បញ្ជាក់​ថា មូលនិធិ​នេះ​គឺ​ដើម្បី​ឲ្យ​​ប្រជាជន​ភ្ជាប់​និស្ស័យ និង​ចូលរួម ​មិន​មែន​ថា រដ្ឋាភិបាល​មាន​កង្វះ​ថវិកា​នោះ​ទេ។


លោក​ថ្លែង​ថា៖ «មក​ដល់​ម៉ោង​នេះ យើង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជិត ៤០​ម៉ឺន​នាក់ ហើយ​ក្នុង​មួយ​ថ្ងៃៗ យើង​មាន​អ្នក​ចូលរួម​បរិច្ចាគ​ចន្លោះ​ពី​១ម៉ឺន ៣​ពាន់​នាក់​ទៅ ១ម៉ឺន ៧ពាន់​នាក់ ហើយ​យើង​នៅ​បើក​ទទួល ហើយ​ខ្ញុំ​សូម​អរគុណ​ណាស់»។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ឲ្យ​ក្រសួង​ព័ត៌មាន​រៀបចំ​ដំណើរ​កម្សាន្ត​​ឥត​គិត​ថ្លៃ​ទៅ​មើល​បង្គោល​ព្រំដែន និង​ការ​រីក​ចម្រើន​នៅ​ក្នុង​ខេត្ត​ទាំង ៤ របស់​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ CLV-DTA។ នៅ​ព្រឹក​ថ្ងៃ​នេះ ក្រសួង​ព័ត៌មាន​បាន​ប្រកាស​បញ្ជី​ឈ្មោះ​ដែល​ចូលរួម​ដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃ​ទី៧ ខែ​កញ្ញា​នេះ ដែល​មាន​ចំនួន ២០០​នាក់។


បើ​គិត​ចាប់​ពី​ការ​ប្រកាស​ចុះ​ឈ្មោះ​កាល​ពី​ចុង​សប្ដាហ៍​មុន មាន​មនុស្ស​ជាង ១ពាន់​នាក់​ហើយ​បាន​ចុះ​ឈ្មោះ​ចូលរួម​ដំណើរ​កម្សាន្ត​នេះ។​ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន។​

ក្រសួង​ព័ត៌មាន​បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុម​ការងារ​ទទួល​បន្ទុក​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ​ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ​ សម្រាប់​ជូន​ប្រជាពលរដ្ឋ​នូវ​បទពិសោធន៍​ទស្សនកិច្ច​មួយ​ដែល​ផ្តល់​នូវភាព​សប្បាយ​រីករាយ​ បង្កើត​ភាព​ស្និទ្ធ​ស្នាល​និង​សាមគ្គីភាព​ជា​ជាតិ​កម្ពុជា​តែ​មួយ ផ្តល់​ចំណេះ​ដឹង​បន្ថែម​ស្តី​ពី​ភូមិសាស្ត្រ​តំបន់​ភូមិភាគ​ឦសាន​ ទីតាំង​និង​បង្គោល​ព្រំដែន​ អំពី​ការ​គ្រប់​គ្រង​តំបន់​ក្រវាត់​ព្រំដែន​ដោយ​ធានា​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹក​ដី និង​អំពី​ស្ថាន​ភាព​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច»៕