កម្ពុជា​និង​ចិន​ផ្ដោត​គោលដៅ​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​សម្រាប់​ពេល​ទៅ​មុខ ​ទៅ​លើ​បញ្ហា​សន្តិសុខ ការ​ស្វែង​រក​និង​ការ​ចាប់​បញ្ជូន​ជន​ល្មើស​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​ បន្ថែម​លើ​ការ​កសាង​សមត្ថភាព​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ 


ការ​កំណត់​គោល​ដៅ​រវាង​ភាគី​កម្ពុជា​និង​ចិន​លើ​ផ្នែក​សន្តិសុខ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​ប៉េកាំង ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាប់​ពី​ថ្ងៃទី៥​ដល់​ទី៧ ខែ​កញ្ញា ដែល​លោក​បាន​ជួប​ជាមួយ​សមភាគី​ចិន វ៉ាង ស៊ាវហុង សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន។ 

ទំព័រ​ហ្វេសប៊ុក​លោក ស សុខា បាន​បញ្ជាក់​ថា៖ «សម្រាប់​ឆ្នាំ​បន្ត​នេះ ភាគី​ទាំង​ពីរ​បាន​ផ្ដោត​លើ​ការងារ​សន្តិសុខ ការ​ស្វែង​រក​ជន​ល្មើស និង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាក់​ស្តែង ការ​កសាង​សមត្ថភាព ការ​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ»។


កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​ជា​ការ​បន្ត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ក្នុង​អនុវត្ត​ច្បាប់​ជាមួយ​គ្នា​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៩ ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ចសហការ​ថែ​រក្សា​សន្តិសុខ សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។

បើ​តាម​ក្រសួង​មហាផ្ទៃ គិត​ពី​ឆ្នាំ​២០២៣​ដល់​ឆមាសទី១ ​ឆ្នាំ​២០២៤​នេះ ភាគី​ទាំង​ពីរ​បាន​សហការ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​ជាច្រើន​ករណី ​រួម​មាន​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​គ្រឿង​ញៀន​ជាដើម។ 


បើ​តាម​ក្រសួង​មហា​ផ្ទៃ ភាគី​ទាំងពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​បន្ត​ដំណើរ​ការ​ការិយាល័យ​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិការ​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។ 

ក្រសួង​មហាផ្ទៃ​អះ​អាង​ថា៖ «ផែនការ​ការងារ​ស្តី​ពី​ការ​បន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ប្តេជ្ញា​ចិត្ត​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​ក៏​ដូចជា​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្នុង​កិច្ច​សហការ​ថែរក្សា​សន្តិសុខ​ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ»។ 

លោក ស សុខា បាន​កោត​សរសើរ​កិច្ចសហការ​នានា​ដែល​ភាគី​ចិន​កំពុង​ជួយ​កម្ពុជា​លើ​វិស័យ​សន្តិសុខ ​និង​ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស ការ​បណ្ដុះ​បណ្តាល​ធនធាន​មនុស្ស ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ការ​ជួញដូរ​មនុស្ស និង​សកម្មភាព​ឆបោក​តាម​អនឡាញ​ជាដើម។ 

លោក​ វ៉ាង ស៊ាវហុង ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​និង​ជឿជាក់​ខ្ពស់​ថា កិច្ច​សហ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​ទាំង​ពីរ​នឹង​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ជា​ផ្លែផ្កា​នៅ​ក្នុង​អាណត្តិ​ថ្មី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ថា​ ចិន​នឹង​បន្តគាំទ្រ ​និង​ផ្តល់​ជំនួយ​ទាំង​ផ្នែក​ពង្រឹង​សមត្ថភាព និង​សម្ភារៈ​ផ្សេងៗ។

កាល​ពី​ថ្ងៃ​ទី៦ ខែកញ្ញា​កន្លង​ទៅ ជនសង្ស័យ​ចំនួន ៥​នាក់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ដើម្បី​គាំទ្រ​ដល់​ក្រុម​ជនល្មើស​ឆបោក​តាម​បណ្ដាញ​ទូរគមនាគមន៍​ ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន ក្រោម​«ប្រតិបត្តិការ​ប្រមាញ់​ចចក» ដែល​ជា​ប្រតិបត្តិការ​សម្ងាត់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​បង្ក្រាប​បទល្មើស​ពុករលួយ និង​បទល្មើស​សេដ្ឋកិច្ច។ 

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី៦ ខែ​កញ្ញា​នេះ​ថា គិត​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២៣​មក ជន​សង្ស័យ​ទាំង​ ៥​នាក់​​​បាន​ជ្រើសរើស​មនុស្ស​ជាង ១០០​នាក់​នៅ​កម្ពុជា​ក្រោម​លេស​ថា ដើម្បី​ធ្វើ​ការ​ក្រៅ​ម៉ោង និង​ដើម្បី​ផ្ដល់​ប្រាក់​កម្ចី។ ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​អនឡាញ ហើយ​បន្ទាប់​ពី​បាន​លុយ​ហើយ ពួកគេ​បាន​វេរ​លុយ​តាម​រយៈ​កាត​ឆូត ហើយ​បន្ទាប់​មក​បាន​ទិញ​រូបិយប័ណ្ណ​ពី​ចម្ងាយ​ដើម្បី​ផ្ទេរ​លុយ​និង​លាង​លុយ​ដែល​ពួកគេ​លួច​បាន។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បញ្ជាក់ ថា ដើម្បី​គេច​ចេញ​ពី​ការ​តាម​ដាន​របស់​អង្គភាព​សន្តិសុខ​សាធារណៈ Qinក្រុម​ជន​សង្ស័យ​ទាំង​នេះ​តែង​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​របស់​ពួក​គេ​ជា​ញឹក​ញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​កញ្ញា​នេះ។ 

យោង​តាម​កាសែត China Daily ចាប់​តាំង​ពី​«ប្រតិបត្តិការ​ប្រមាញ់​ចចក» ​ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៤ មក​ ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន​ជាង ៩ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ពី​ប្រទេស​ចំនួន ១២ និង​ទ្រព្យសម្បត្តិ​មាន​ទឹកប្រាក់​ប្រមាណ ៦,៧៦ ពាន់​លាន ត្រូវ​បាន​រឹប​អូស។ 

កាល​ពី​ខែ​សីហា​កន្លង​ទៅ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​បញ្ជាក់​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​នានា​ដើម្បី​បង្ក្រាប​ទៅ​លើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​យក​ជនជាតិ​ចិន​ជា​គោលដៅ ដែល​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ផ្ដោត​ទៅ​លើ​ល្បែង​អនឡាញ ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត​​នៅ​ក្រៅ​ប្រទេស​ ឃាតកម្ម​និង​បទ​ឧក្រិដ្ឋ​មាន​ការ​ចាត់​តាំង។ 

សម្រាប់​កម្ពុជា អំពើ​​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស ឬ​ការ​ចាប់​ជំរិត​ នៅ​កម្ពុជា ត្រូវ​បាន​រាយការណ៍​ជា​ញឹក​ញាប់​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មិន​ធ្លាប់​បាន​មក​កម្ពុជា មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​ទស្សនា ទោះបី​ជា​ស្ថានភាព​ជាក់ស្ដែង មិន​មាន​ការ​រាយការណ៍​អំពី​ករណី​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​ធ្លាប់​ត្រូវ​បាន​ចាប់​ជំរិត​ក៏​ដោយ។

ស្ថានទូត​បរទេស​មួយ​ចំនួន ដូចជា ស្ថានទូត​ឥណ្ឌា​ ម៉ាឡេស៊ី ចិន ជាដើម បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ឃោសនា​ជ្រើស​រើស​បុគ្គលិក​មក​បម្រើ​ការ​នៅ​កម្ពុជា ដោយហេតុ​ថា ពលរដ្ឋ​របស់​ខ្លួន​ធ្លាប់​ត្រូវ​បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន និង​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​បញ្ជូន​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា សម្រាប់​ការ​បង្ក្រាប​ករណី​ឆបោក​តាម​អនឡាញ និង​ការ​ចាប់​​ជំរិត​​នៅ​កម្ពុជា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​បទ​ឧក្រិដ្ឋ​បែប​នេះ​អាច​កើត​ឡើង​បាន​នៅ​កម្ពុជា នោះ​គឺ​ការ​អនុវត្ត​ច្បាប់​ខ្សោយ ​ឬ​សមត្ថភាព​ខ្ពស់​របស់​ក្រុម​ឧក្រិដ្ឋជន ​អំពើ​ពុក​រលួយ និង​ឆន្ទៈ​នយោបាយ។

លោក​ពន្យល់​ថា៖ «មូលហេតុ​ទី១​គឺ​ការ​អនុវត្ត​ច្បាប់​ខ្សោយ។ ចំណុច​នេះ​អាច​ទាក់ទង​នឹង​លក្ខណៈ​ស្មុគស្មាញ​ក្នុង​ការ​បង្ក្រាប ដោយសារ​ជន​ឧក្រិដ្ឋ​មាន​ឧបករណ៍​បច្ចេកវិទ្យា​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ដើម្បី​បញ្ចៀស​ពី​រ៉ាដា​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​ប្ដូរ​ពី​គម្រោង​មួយ​ទៅ​គម្រោង​មួយ​លឿន ព្រោះ​ដោយសារ​ពេល​ខ្លះ​យើង​កំពុង​តាមដាន​រឿង​នេះ ពួក​គេ​ប្ដូរ​ទៅ​គម្រោង​ផ្សេង»។

លោក​បន្ត​ថា៖ «បញ្ហា​ទី២​គឺ​រឿង​ពុក​រលួយ ដូចជា​អាង​ខ្នង ខ្សែ​ស្រឡាយ។ ជន​ឧក្រិដ្ឋ​ប្រើប្រាស់​បណ្ដាញ​ដែល​មាន​អំណាច និង​មាន​លុយ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ដើម្បី​ការពារ​ពួកគេ ហើយ​ប្រើប្រាស់​យន្តការ​អំពើ​ពុករលួយ​នោះ​ដើម្បី​ដោះ​បញ្ហា​នៅ​ពេល​ពួកគេ​ជួប​បញ្ហា»។

ចំពោះ​ឆន្ទៈ​នយោបាយ លោក ពិសី ថ្លែង​ថា ​ប្រសិនបើ​កម្ពុជា​ចង់​បង្ក្រាប​រឿង​នេះ គឺ​ត្រូវ​ការ​ឆន្ទៈ​នយោបាយ​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​កំពូលៗ ដើម្បី​ដោះ​បញ្ហា​នេះ​ជា​ប្រព័ន្ធ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «បើ​សិន​មិន​ដោះ​ស្រាយ​រឿង​ហ្នឹង​ទេ កម្ពុជា​យើង​ពិបាក​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ ជាពិសេស​ការ​វិនិយោគ​ពី​បស្ចិម​ប្រទេស​ដែល​ជា​ការ​វិនិយោគ​ធំ និង​ស្អាត​ស្អំ។ មួយ​ទៀត​វា​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ពីព្រោះ​បច្ចុប្បន្ន​នេះ ជន​រងគ្រោះ​សាយ​ភាយ​ទៅ​ដល់​តំបន់​អាស៊ាន​ដូច​ជា ជនជាតិ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ជប៉ុន ដែល​ទាំង​នេះ​ជា​ការ​បារម្ភ»៕