ត្បូងឃ្មុំៈ ក្រសួង​បរិស្ថាន​កំពុង​ធ្វើការ​សិក្សា​ពី​ទំហំ​គម្រប​ព្រៃឈើ​ពិត​ប្រាកដ​ដែល​កម្ពុជា​មាន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បណ្តុះ​កូន​ឈើ​យក​ទៅ​ដាំ ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពង្រីក​គម្រប​ព្រៃឈើ​ឱ្យ​​បាន ៦០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ក្នុង​រយៈពេល​២៥​ឆ្នាំ​នេះ។ នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ថ្នាល​បណ្ដុះ​កូន​ឈើ​ថ្នាក់​តំបន់​ទីមួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃអាទិត្យ ទី​៨​ខែ​កញ្ញា​នេះ។ 


លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ដើម្បី​ពង្រីក​គម្រប​ព្រៃឈើ​ឱ្យ​បាន​ ៦០​ភាគរយ នៃ​ផ្ទៃ​ប្រទេស​ទៅ​តាម​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដាំ​ដើមឈើ ឱ្យ​មាន​គម្រប​ព្រៃឈើ​រហូត​ដល់​ទៅ​ប្រមាណ​ជា ១១​លាន​ហិកតា នៃ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ១៨​លាន​ហិកតា។ ហេតុ​នេះ កម្ពុជា​ត្រូវ​ការ​កូនឈើ​ជាច្រើន​លាន​ដើម ដើម្បី​ដាំ ហើយ​ការ​រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចាប់​ផ្តើម។

លោក អ៊ាង សុផល្លែត បញ្ជាក់​ថា៖ «យើង​អាច​ផលិត​តាម​ប្លង់ ដែល​ខ្ញុំ​បាន​គូរ​ចេញ​មក​ឧបត្ថម្ភ​ដោយ​អង្គការ UNDP នោះ​គឺ​យើង​អាច​បណ្តុះ​បាន​ពី ១០ ទៅ​ ១៥​លាន​ដើម​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ដឹង​ថា ថា​តើ​គ្រប់ ឬ នៅ​នោះ​ទេ។ ខ្ញុំ​កំពុង​តែ​សិក្សា​មើល​ថា​តើ គម្រប​ព្រៃឈើ​យើង​សព្វ​ថ្ងៃនេះ​មាន​ប៉ុន្មាន​ភាគរយ​ហើយ។ តើ​យើង​ត្រូវ​ពង្រីក​ប៉ុន្មាន។ ក្នុង​រយៈពេល​២៥ឆ្នាំហ្នឹង ត្រូវ​ពង្រីក​មួយ​ឆ្នាំ​ប៉ុន្មានៗ ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​មុន​ឆ្នាំ ២០៥០ ដូច​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះ»។


ថ្នាល​បណ្តុះ​កូន​ឈើ​ទី១ ដែល​ស្ថិត​ក្នុង​ភូមិ​៤៤ ឃុំ​ព្រះធាតុ ស្រុក​អូរាំងឪ​នោះ មាន​សមត្ថភាព​បណ្តុះ​កូនឈើ​បាន​ជាង​១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ លើ​ផ្ទៃ​ដី​ជាង ៣​ហិកតា​ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ថ្នាលនេះ​គឺ​ស្ថិត​ក្នុង​ចំណោម​ថ្នាល​ចំនួន​៥ ដែល​ក្រសួង​មាន​ទិស​ដៅ​រៀបចំ​បណ្តុះ​កូន​ឈើ។ ថ្នាល​៤​ផ្សេង​ទៀត​មាន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី កំពង់ស្ពឺ កោះកុង និងសៀមរាប។

លោក​រដ្ឋ​មន្រ្តី​ថ្លែង​ដូច្នេះ​ថា៖ «យើង​អត់​មាន​ប្រើ​ថវិកា​ក្រសួង ឬ​ថវិកា​រដ្ឋ​ទេ គឺ​គាត់​ជួយ​គាំទ្រ​យើង​ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​ដំណើរ​ការ​របស់​ក្រសួង​បរិស្ថាន ឱ្យ​បាន​ជោគជ័យ តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល»។


លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ថ្នាល​នៅ​កំពង់ស្ពឺ​អាច​មាន​ផ្ទៃដី​រហូត​ដល់​ទៅ​ពី​២០០ ទៅ ៣០០​ហិកតា ដើម្បី​បណ្តុះ​កូន​ឈើ​ហើយ​យក​ទៅ​ដាំ​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​ផ្សេងៗ ដើម្បី​បង្កើន​ភាព​បៃតង​ស្រស់​បំព្រង​ស្អាត និង មាន​បរិស្ថាន​ល្អ។

លោក​មាន​ប្រសាសន៍​ថា៖ «ថ្នាល​បណ្តុះ​កូន​ឈើ​នេះ​រួម​ចំណែក​ដល់​ការ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ សម្តៅ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ធ្វើឱ្យ​កម្ពុជា​មាន​ភាព​បៃតង​ស្រស់​ស្អាត។ ការ​ដាំ​ដើមឈើ​ក៏​ជា​ការ​ដាក់​ទុន​មួយ​ផងដែរ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ និង ការ​ជំរុញ​ការ​លើក​កម្ពស់​អព្យាក្រឹត​កាបូន»។ 

តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) នៅ​កម្ពុជា លោកស្រីAlissar Chaker បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​នេះ​ជួយ​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដែល​កំពុង​អនុវត្ត​ក្រោម​យុទ្ធសាស្ត្រ​ស្តារ​ព្រៃឈើ​ជាតិ​ឡើងវិញ ដែល​មាន​គោល​បំណង​ដាំ​ដើមឈើ​ចំនួន ១​លាន​ដើម ក៏​ដូចជា អនុសាសន៍​ក្នុង​គោល​នយោបាយ​ការ​ចូលរួម​ចំណែក ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីការ​ប្រែប្រួល​អាកាសធាតុ (NDC) និង​គោលដៅ​អព្យាក្រឹត​កាបូន។

លោកស្រី​បន្ត​ថា កន្លងមក UNDP បាន​គាំទ្រ​រាជរដ្ឋាភិបាល​និង​ក្រសួង​បរិស្ថាន ក្នុង​ការ​បង្កើត​គោល​នយោបាយ​និង​ក្របខណ្ឌ​សំខាន់ៗ សម្រាប់​ការ​អនុវត្ត​របៀប​វារៈអាកាសធាតុ​របស់​ជាតិ និង​បន្ត​ការ​រួម​ចំណែក ​ចំពោះ​មហិច្ឆតា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការ​សម្រេច​បាន​គម្រប​ព្រៃឈើ​ចំនួន ៦០​ភាគរយ​នៅ​ឆ្នាំ​ ២០៥០។

លោក​ស្រី​បញ្ជាក់​ថា៖ «ព្រៃឈើ​មាន​តម្លៃ​សេដ្ឋកិច្ច អេកូឡូស៊ី និង​សង្គម​ដ៏​អស្ចារ្យ។ ការ​ដាំ​ដើមឈើ​និង​ការ​ស្តារ​ព្រៃឈើ​ឡើង​វិញ គឺជា​ចំណុច​សំខាន់​នៃ​របៀប​វារៈ​អាកាសធាតុ។ ការ​ប្រមូល​ផ្តុំ​កាបូន​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន និង​កាត់​បន្ថយការ​ប្រែប្រួល​អាកាសធាតុ»។

លោកស្រី​សង្ឃឹម​ថា នៅ​ដំណាច់​ឆ្នាំ​នេះ នៅខេត្ត​ទាំង​បួន​ផ្សេង​ទៀត នឹង​មាន​ការ​រៀបចំ​បង្កើត​ថ្នាល​បណ្តុះ​កូនឈើ​ដូច​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ​ផងដែរ។

លោក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រួម​គ្នា​ដាំ​ដើមឈើ​ដាំ​ឱ្យ​បាន​ច្រើន​ក៏​ដូចជា ជួយ​ថែ​រក្សា និង​កុំ​កាប់​ដើមឈើ ដើម្បី​ទុក​ជា​ម្លប់​និង​ខ្យល់​សម្រាប់​ដក​ដង្ហើម​ទាំងអស់​គ្នា៕