ភ្នំពេញ៖ ផ្ដើមពីអាជីវកម្មតូចមួយលើភូមិបណ្ដែតទឹកក្នុងខេត្ដពោធិ៍សាត់ ពេលនេះ យូនីកា ជាសហគ្រាសក្នុងស្រុកមួយដែលធ្វើការកែច្នៃផលិតផលត្រី ទទួលបានវិញ្ញាបនបត្រស្ដង់ដា និងត្រៀមនាំចេញទៅកាន់ទីផ្សារបរទេស។
អ្នកស្រី ឡឹប ម៉ារី ស្ថាបនិកយូនីកា បាននិយាយថា៖ «ខ្ញុំចាប់ផ្ដើមដំបូងជាមួយក្រុមស្ដ្រីកែច្នៃលើភូមិបណ្ដែតទឹកនៅខេត្ដពោធិ៍សាត់ដោយទិញផលិតផលរបស់ពួកគាត់នូវតម្លៃថ្លៃជាងលើទីផ្សារ ដើម្បីយកមកប្រកួតប្រជែងនៅទីផ្សារធម្មជាតិនៅភ្នំពេញ»។
អ្នកស្រី បានឱ្យដឹងថា ក្រៅពីប្រាក់កម្រៃ គិតគូរដល់សុខភាព អ្នកស្រីធ្វើការជាមួយសហគមន៍ស្ដ្រីជាច្រើនផ្ដោតលើផលិតផលត្រីទាំងទឹកសាប និងទឹកប្រៃ ក៏ដូចជាមាន់ស្រែតិចតួច។
ដោយមិនមានការផ្គត់ផ្គង់ត្រីជាប្រចាំនៅក្នុងខេត្ដពោធិ៍សាត់ អ្នកស្រី ម៉ារី បន្ដធ្វើការជាមួយក្រុមអ្នកចិញ្ចឹមត្រីទឹកសាប ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង ត្រីរ៉ស់ ត្រីឆ្ពឹនជាដើម។
អ្នកស្រីបន្ដពង្រីកទៅកាន់បណ្ដាខេត្ដដែលមានផលិតផលត្រីទឹកប្រៃថែមទៀត ដោយមានដៃគូទាំងអស់នៅខេត្ដពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ព្រះសីហនុ កំពត និងបាត់ដំបង។
អ្នកស្រីបានបញ្ជាក់ថា៖ «ពេលយូនីកា ចាប់ផ្ដើមជាមួយសហគមន៍ណាមួយ យើងមិនត្រឹមតែទិញផលិតផលពីពួកគាត់នោះទេ ប៉ុន្ដែថែមទាំងពិនិត្យមើលថា តើផលិតផលមានគុណភាព វត្ថុធាតុដើមមានសុវត្ថិភាព និងការវេចខ្ចប់ត្រូវតាមស្ដង់ដាដែរឬទេ»។
នេះជាអ្វីដែលស្ថាបនិកយូនីការូបនេះ បានយកជំនាញដែលទទួលបានពី UNIDO តាមរយៈគម្រោង CAPFISH-Capture ជាមួយការទទួលបានវិញ្ញាបនបត្រត្រាបញ្ជាក់គុណភាពសុវត្ថិភាពកម្ពុជា (CQS) and Hazard Analysis and Critical Control Points (HACCP) មកបន្ដបណ្ដុះបណ្ដាលដល់សហគមន៍ទាំងនោះ។
អ្នកស្រីបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះ អ្នកស្រីបានបណ្ដុះបណ្ដាលចំនួន ៨ សហគមន៍ ដែលមានចំនួនសមាជិក ១២៨នាក់ ដោយផ្ដោតលើការអនុវត្ដអនាម័យល្អ។
សហគ្រាសយូនីកា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងទើបទទួលបានវិញ្ញាបនបត្រកាលពីឆ្នាំមុន បានចាប់ផ្តើមជាប្រតិបត្តិការដែលមានគោលបំណងគាំទ្រក្រុមនេសាទរបស់ស្ត្រី។
សព្វថ្ងៃនេះ សហគ្រាសផ្គត់ផ្គង់ផលិតផលជលផលនេះលដ់ទីផ្សារចំនួន ១២ ហើយគ្រោងនឹងពង្រីកដល់៨ បន្ថែមទៀត។
សហគ្រាសនេះមានបុគ្គលិកចំនួន ១០ នាក់ ដែល ៧០ ភាគរយជាស្ត្រី ហើយបានបង្កើតភាពជាដៃគូរឹងមាំជាមួយអ្នកនេសាទក្នុងស្រុក អ្នកកែច្នៃ និងអ្នកចែកចាយ។
អ្នកស្រី ម៉ារី បានឱ្យដឹងថា៖ «គោលដៅរបស់យើងតែងតែលើកកំពស់ផលិតផលជលផលកម្ពុជាទៅកាន់ស្តង់ដារលំដាប់ពិភពលោក។ យើងបានចាប់ផ្តើមបេសកកម្មផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងធានាថា ផលិតផលរបស់យើងឈានដល់ទីផ្សារពិភពលោក»។
អ្នកស្រីបានបន្ដថា៖ «វាបានទទួលមតិកែលម្អជាវិជ្ជមានរួចហើយក្នុងអំឡុងពេលធ្វើតេស្តសាកល្បងនៅប្រទេសកូរ៉េ និងនូវែលសេឡង់ ហើយយើងជឿជាក់ថា វានឹងដំណើរការបានល្អនៅទូទាំងពិភពលោក»។
ផលិតផលរបស់យូនីកា រួមមាន ត្រីងៀត ប្រហិតត្រី ត្រីឆ្អើរ និងសាច់ត្រី ដែលសម្រាប់យកទៅចម្អិនតែម្ដង ដែលផ្គត់ផ្គង់ដល់អតិថិជននៅតាមផ្សារទំនើបក្នុងរដ្ឋធានី។
ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង សហគ្រាសបានវិនិយោគលើម៉ាស៊ីនវេចខ្ចប់ដោយស្វ័យប្រវត្តិ ហើយបានធ្វើឱ្យប្រសើរឡើងនូវបរិក្ខារវេចខ្ចប់ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងនិរន្តរភាពបរិស្ថាន។
និយោជិត និងអ្នកផ្គត់ផ្គង់ត្រូវបានបណ្តុះបណ្តាលលើស្តង់ដាសុវត្ថិភាពចំណីអាហារស្របតាមវិញ្ញាបនបត្រអន្តរជាតិដូចជា HACCP និងត្រាគុណភាពសុវត្ថិភាពកម្ពុជា (CQS)។
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) របស់គម្រោង គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture គឺជាគម្រោងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុវត្ដដោយរដ្ឋបាលជនផល សហការជាមួយអង្គការ UNIDO ដោយទទួលបានថវិកាហិរញ្ញប្បទានពីសហគាពអឺរ៉ុប (EU)។
លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO បានឱ្យដឹងថា អង្គការបានគាំទ្រដល់សហគ្រាសចំនួន ៥៥ នៅទូទាំងប្រទេស ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប។
លោកបានបន្ដថា ក្នុងចំណោមសហគ្រាសកែច្នៃផលិតផលពីត្រីទាំង ៥៥ នេះ ពួកគេទទួលបានការគាំទ្រតាមរយៈការពង្រឹងចំណេះដឹង ការកែលម្អលើទីតាំងផលិត ក៏ដូចជាសម្ភារដែលចាំបាច់ប្រើប្រាស់ក្នុងទីតាំងផលិតកម្មរបស់ពួកគេ។
លោក ណារិន បានថ្លែងថា៖ «យើងធ្វើការជាមួយរដ្ឋបាលជលផលដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាព អនុលោមតាមបទបញ្ញត្ដិបច្ចេកទេសគ្រប់គ្រាន់សម្រាប់មន្ដ្រីជំនាញជលផល។ យើងបានធ្វើការរួមគ្នានូវត្រាគុណភាពសុវត្ថិភាពផលិតផល (CQS) ជាការធានានូវគុណភាពសុវត្ថិភាពផលិតផល»។
យ៉ាងណាមិញ លោកទទួលស្គាល់ថា សហគ្រាសជួបឧបសគ្គជាច្រើនក្នុងចង្វាក់ផលិតកម្មកែច្នៃ រួមទាំងការខ្វះខាតដើមទុន ចំណេះដឹង និងបច្ចេកវិទ្យា។
លោកបានបញ្ជាក់ថា៖ «តាមរយៈគម្រោង CAPFISH-Capture យើងបានផ្ដល់ចំណេះដឹង និងជំនាញ ក៏ដូចជាផ្ដល់នូវសម្ភារដល់សហគ្រាសទាំងឡាយ។ យូនីកា ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសទាំង ៥៥ ដែលយើងបានជួយ ហើយគាត់អាចជាសហគ្រាសគំរូមួយដែលយើងអាចបង្ហាញដល់សហគ្រាសផ្សេងៗដើម្បីឱ្យគាត់អាចរៀនធ្វើតាម»។
លោក ណារិន បានបន្ដថា ភាពជោគជ័យក៏អាស្រ័យលើម្ចាស់សហគ្រាសផ្ទាល់ផងដែរ។ តាមរយៈគម្រោងនានា អង្គការ UNIDO បានជួយអ្វីដែលអង្គការអាចជួយបាន។
លោកបានបន្ថែមថា វាទាមទារឱ្យមានការគាំទ្រខ្លាំងពីអតិថិជនក្នុងប្រទេស ដែលម្ចាស់សហគ្រាសអាចពង្រីកលទ្ធភាពនៃការផលិតបំពេញតម្រូវការ។
យូនីកា ស្ថិតក្នុងចំណោមរោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ៥ ដែលបានអនុវត្តវិធីសាស្ត្រ ស៥ បានល្អប្រសើរ ដែលចេញដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីប្រគល់ «ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៤» ថា៖ «កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ និងជំរុញចលនាបង្កើនផលិតភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស»។
កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក ដោយជ្រើសរើសក្រុមហ៊ុនដែលឈានមុខគេក្នុងការអនុវត្តវិធីសាស្ត្រ ស៥ រួមាមន សម្រិតសម្រាំង សណ្តាប់ធ្នាប់ ស្អាត ស្តង់ដា និងស្ថិរភាព។
លោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល បានឱ្យដឹងថា គម្រោង CAPFISH-Capture នេះ អនុវត្ដដោយរដ្ឋបាលជនផល សហការជាមួយអង្គការ UNIDO ដោយទទួលបានថវិកាហិរញ្ញប្បទានពីសហគាពអឺរ៉ុប (EU) ដើម្បីជួយអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោកបានថ្លែងថា៖ «ភាពជោគជ័យរបស់សហគ្រាស ដូចជា យូនីកា បង្ហាញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការធ្វើទំនើបកម្មវិស័យជលផលរបស់ប្រទេសកម្ពុជា។ យើងនៅតែប្ដេជ្ញាចិត្តក្នុងការជួយដល់អាជីវកម្មទាំងនេះ ខណៈដែលពួកគេជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ»៕