ខេត្ដក្រចេះ៖ គម្រោង​ថ្មី​មួយ​ត្រូវបាន​ដាក់អោយអនុវត្ត​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក នឹង​ផ្តល់​ផល​ដល់​កុមារ​ដែល​ខ្វះ​អាហារូបករណ៍​ តាម​រយៈ​ការ​លើកកម្ពស់​សមភាព​យេនឌ័រក្នុង​តំបន់​នៃ​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បផុត​។​

គម្រោង​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​កម្មវិធី​អាហារូបត្ថម្ភ (ReactsIn) ដែលត្រូវបាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ៨ ខែមករា នៅ​សណ្ឋាគារ ហ៊រ ប៊ុ​នី្ន ខេត្តក្រចេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង ៣១ ០០០​នាក់ នៅក្នុង​ភូមិ​ចំនួន​២៥ ក្នុង​ឃុំ​ចំនួន​៥ ក្នុងស្រុក​ព្រែក​ប្រសព្វ ​មុន​ឆ្នាំ ២០២៩​។

យោងតាម​អង្គការ​ទស្សនៈ​ពិភពលោក បាន​ឱ្យដឹងថា​៖ «​​កម្ពុជា​គឺជា​ប្រទេស​ទី​ប្រាំ​ដែល​ចូលរួម​ក្នុង​គម្រោង​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​កម្មវិធី​អាហារូបត្ថម្ភ ReactsIn បន្ទាប់ពី​ប្រទេស បង់​ក្លា​ដែ​ស កេ​ន​យ៉ា សូ​ម៉ាលី និង​តង់​ហ្សា​នី ដោយ​នាំមក​នូវ​វិធីសាស្ត្រ​ពិសេស​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​កុមារ​តាមរយៈ​ការពង្រឹង​សមភាព​យេនឌ័រ»​។ 


គម្រោង (ReactsIn) ដែល​ផ្ដល់​មូលនិធិ​រដ្ឋាភិបាល​កាណាដា តាមរយៈ​កិច្ចការងារ​អន្តរជាតិ​កាណាដា (GAC) ​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​កម្មវិធី​អាហារូបត្ថម្ភ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ សិទ្ធិ​ដែល​ទាក់ទង​នឹង​អាហារូបត្ថម្ភ និង​ភាព​សមភាព​យេនឌ័រ សម្រាប់​អ្នកមាន​ជីវភាព​ក្រីក្រ និង​អ្នក​ដែល​ត្រូវបាន​គេ​រំលង ដោយ​ផ្តោត​ជាពិសេស​លើ​ស្ត្រី ក្មេងស្រី​វ័យ​ជំទង់ និង​កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ​។

ទោះបីជា​មានការ​រីកចម្រើន​ដ៏​លេចធ្លោ​នៅលើ​បញ្ហា​នេះ​ក្នុងអំឡុង​ទសវត្សរ៍​កន្លងមក​ក៏ដោយ កម្ពុជា​នៅតែមាន​អត្រា​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ខ្ពស់ ដោយមាន​កុមារ ២២ភាគរយ បង្ហាញ​ពី​កម្ពស់​ទាប​ធៀប​នឹង​អាយុ​របស់​ពួកគេ (​ការ​ក្រិះ​ក្រិន​) ដែល​តំណាងឱ្យ​គម្លាត​ការលូតលាស់​របស់​មនុស្ស​។ 


លោក​វេជ្ជបណ្ឌិត អាស្រាត តូ​ឡូ​សូ (Asrat Tolosso) ប្រធាន​គម្រោង​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​កម្មវិធី​អាហារូបត្ថម្ភ ReactsIn នៃ​អង្គការ​ទស្សនៈ​ពិភពលោក​កាណាដា បាន​និយាយថា៖ «​កុមារ​រីកចម្រើន និង​ឈានដល់​សក្តានុពល​ពេញលេញ​របស់​ពួកគេ នៅពេល​ពួកគេ​ទទួលបាន​ការថែទាំ​ពី​ម្ដាយ និង​ឪពុក​»។ 

លោក​បាន​បន្ដថា​៖ «​ទោះបីជា​ម្តាយ​ជា​អ្នកទទួលខុសត្រូវ​ចម្ប​ង ជាពិសេស​នៅក្នុង​ផ្នែក​ដូចជា​ការផ្តល់​អាហារ ការថែទាំ និង​ការស្វែងរក​សេវា​ថែទាំ​សុខភាព​ក៏ដោយ ក៏​ឪពុក​មាន​តួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​របស់​កូនៗ​ផងដែរ​»។ 

គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក ដោយ​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​កិច្ចការនារី និង​ក្រសួង​អភិវឌ្ឍន៍ជនបទ។ 

លោកស្រី​ ខាំ សុភាព អភិបាលរង​ខេត្តក្រចេះ បាន​ឱ្យដឹង​​ក្នុងពេល​បើក​អនុវត្ត​គម្រោង​ថា៖ «​​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​ទាំងអស់​ក្នុង​ការបើក​អនុវត្ត​គម្រោង​នេះ ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ការអនុវត្ត និង​បើកចំហរ​ទៅនឹង​ការរៀនសូត្រ​អ្វី​ថ្មីៗ​ពី​គម្រោង ដើម្បី​បម្រើ​សហគមន៍​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ និង​ធ្វើឱ្យ​សុខភាព​កុមារ​នៅ​ស្រុក​ព្រែក​ប្រសព្វ​កាន់តែ​ប្រសើរ»​។​​

ជាមួយនឹង​ថវិកា​ចំនួន ៤៣៤ ០៧៤ ដុល្លារ គម្រោង​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​កម្មវិធី​អាហារូបត្ថម្ភ ReactsIn នឹង​រួមចំណែក​ដោយផ្ទាល់​ទៅនឹង​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ទី​១ (​ការអភិវឌ្ឍ​ធនធានមនុស្ស​) និង​ទី​៤ (​ការអភិវឌ្ឍ​ដែលមាន​ភាព​ធន់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​) របស់​រាជរដ្ឋាភិបាល និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លេខ ២ (​ការលុបបំបាត់​ការអត់ឃ្លាន​) និង​លេខ​៥ (​ភាព​សមភាព​យេនឌ័រ​) របស់​អង្គការសហប្រជាជាតិ។

គម្រោង​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​កម្មវិធី​អាហារូបត្ថម្ភ ផ្តោតលើ​ការលើកកម្ពស់​តួនាទី សមភាព​យេនឌ័រ​ដែល​ទាក់ទង​​អាហារូបត្ថម្ភ សុខភាព និង​សុខភាព​បន្ត​ពូជ និង​សិទ្ធិ នៅ​កម្រិត​សហគមន៍។

យោងតាម​អង្គការ​ទស្សនៈ​ពិភពលោក​ បាន​បង្ហាញថា​ វា​បាន​ពង្រឹង​ការផ្តល់​សេវាសាធារណៈ និង​បង្កើន​ការយល់ដឹង​របស់​ភាគី​ពាក់ព័ន្ធ​អំពី​ភាព​សមធម៌​យេនឌ័រ​នៅក្នុង​ស្រុក​តាមរយៈ​ការស្វែងរក​មតិ​គាំទ្រ និង​ការសន្ទនា​គោលនយោបាយ​ផងដែរ​។​

អង្គការ​ទស្សនៈ​ពិភពលោក​ជា​អង្គការ​គ្រិស្តបរិស័ទ ដែល​ប្រតិបត្តិ​នៅ​កម្រិត​មូលដ្ឋាន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​៥០​ឆ្នាំ ហើយ​បាននិង​កំពុង​ពង្រឹង​សុខុមាលភាព​របស់​កុមារ និង​សហគមន៍​ដែលមាន​ភាព​ងាយ​រងគ្រោះ​បំផុត ឲ្យ​មាន​ភាពប្រសើរឡើង​។ 

អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បានធ្វើការ​នៅក្នុង​ខេត្ត​ចំនួន ២០ និង​រាជធានី​ភ្នំពេញ ដោយមាន​កម្មវិធី​សំខាន់​ៗ ដូចជា កម្មវិធី​ការការពារ​កុមារកម្មវិធី​អប់រំ  កម្មវិធី​អាហារូបត្ថម្ភ កម្មវិធី​ជីវភាព ឬ​ការ​បន្ស៊ាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​។

នៅក្នុង​ឆ្នាំ ២០២៤​កន្លងមកនេះ អង្គការ​ទស្សនៈ​ពិភពលោក បានផ្តល់​ផល​ជា​វិជ្ជមាន​ដល់​ជីវិត កុមារី និង​កុមារា ចំនួន ៣​លាន​នាក់​នៅ​កម្ពុជា​៕