មាន​មន្ត្រី​រាជការ​តែ ១០០​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​មន្ត្រី​រាជការ​ស៊ីវិល​ដែល​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ជាង​ ១១​ម៉ឺន​នាក់​ត្រូវ​ បាន​រក​ឃើញ​មាន​សារធាតុ​ញៀន ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រម​ខណ្ឌ​រដ្ឋ​ ដោយ​ផ្អែក​លើ​បទ​បញ្ជា ០១ របស់​រដ្ឋាភិបាល។ នេះ​បើ​តាម​លោក នេត សាវឿន ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កំពង់​ចាម កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា លោក នេត សារឿន បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​កុំ​ឲ្យ​ទុក​អ្នក​ដែល​​រក​ឃើញ​មាន​សារធាតុ​ញៀន​ចោល ពោល​គឺ​ត្រូវ​យក​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល។ 

សម្រាប់​ខេត្ត​កំពង់​ចាម ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រី​រាជការ​ជាង ១២០០០​នាក់ មាន​តែ​២​នាក់​ប៉ុណ្ណោះ​រក​ឃើញ​មាន​សារធាតុ​ហាម​ឃាត់។


លោក​ថ្លែង​ថា៖ «បើ​មាន​មន្ត្រី​រាជការ​ណា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ជួរ កុំ​ចោល ត្រូវ​ទាក់​ទង​ជាមួយ​នឹង​មជ្ឈមណ្ឌល​អប់រំ​ព្យាបាល​ដើម្បី​យក​ពួក​គាត់​ទៅ​ព្យាបាល មុន​នឹង​ឲ្យ​គាត់​ទៅ​រស់​នៅ​ក្នុង​សង្គម​វិញ។ គាត់​មិន​អាច​ចូល​ក្នុង​បុគ្គលិក​រដ្ឋ​វិញ​បាន​ទេ តែ​អាច​ចូល​ក្នុង​សង្គម ភូមិ​ឃុំ​បាន ដើម្បី​ប្រកប​អាជីវកម្ម»។

បទ​បញ្ជា ០១ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ «សម្អាត​បឹង» ឬ បោស​សម្អាត​មន្ត្រី​រាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​កុំ​ឲ្យ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់ ឬ បទ​ល្មើស​គ្រឿង​ញៀន។


លោក​ នេត សាវឿន ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ទាំង​អស់​បន្ត​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រី​រាជការ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន និង​ជំរុញ​ឲ្យ​សាធារណជន​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​រាយការណ៍​រឿង​គ្រឿង​ដែល​មាន​ឈ្មោះ​ថា «No Drug»។ 

បើ​តាម​លោក​ នេត សាវឿន កម្មវិធី​នេះ​មាន​អ្នក​ដោន​ឡូត ប្រើប្រាស់​ជិត ៤​ម៉ឺន​នាក់ គិត​ចាប់​ពី​ពេល​ដាក់​ដំណើរ​ការ​នៅ​ខែ​មេសា ឆ្នាំ​២០២៤។ តាម​រយៈ​កម្មវិធី​នេះ មាន​ការ​រាយការណ៍​អំពី​ករណី​គ្រឿង​ញៀន​ជិត ៦០០​ករណី ដែល​ករណី​ជា​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ជោគជ័យ។

លោក នេត សាវឿន បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០២៤ កម្ពុជា​បាន​ប្ដូរ​ទីតាំង​ដុត​បំផ្លាញ​គ្រឿង​ញៀន​នៅ​ភ្នំពេញ ដែល​ពីមុន​ធ្វើ​នៅ​កោះ​ពេជ្រ ដោយ​ប្ដូរ​ទៅ​ដុត​បំផ្លាញ​នៅ​ឡ​ឥដ្ឋ​ក្បែរ​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ម្ដុំ​កោះ​ពេជ្រ។

លោក​បន្ត​ថា បន្ថែម​ពី​លើ​នេះ កម្ពុជា​ទទួល​បាន​ការ​កោត​សរសើរ​ពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ញៀន​ដោយ​មាន​ការ​ចូល​ពី​ភាគី​ពាក់​ព័ន្ធ​ចាំ​បាច់ មិន​មែន​តែ​ក្នុង​ចំណោម​មន្ត្រី​រាជការ​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០២៤ កម្ពុជា​បង្ក្រាប​បាន​​គ្រឿង​ញៀន​ខុស​ច្បាប់​​​​បាន​ប្រមាណ ១៤,៧ តោន ខណៈ​ដែល​ឆ្នាំ​២០២៣ សមត្ថកិច្ច​បង្ក្រាប​និង​រឹប​អូស​បាន​គ្រឿង​ញៀន​តែ ២,២៩​តោន​ប៉ុណ្ណោះ។

ចំនួន​ជន​សង្ស័យ​ក៏​បាន​កើន​ឡើង​ផង​ដែរ ពី​១៩៩៤០​នាក់​នៅ​ឆ្នាំ២០២៣ ទៅ​ដល់​២៦០៣៣​នាក់​នៅ ឆ្នាំ ២០២៤ គឺ​កើន​ឡើង​៣០,៥​ភាគរយ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នេះ ជន​បរទេស​មាន​ចំនួន ៩៥៤​នាក់។ នេះ​បើ​យោង​តាម​តួលេខ​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន៕