បាត់ដំបងៈ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​​បាត់ដំបង ពុទ្ធិកបឋមសិក្សាវត្ត​ស្លា​កែ​ត គឺជា​ទីតាំង​គំរូ​មួយ​ក្នុងការ​បណ្តុះបណ្តាល​សម​ណ​សិស្ស ដោយមាន​បញ្ចូល​នូវ​មុខវិជ្ជាសំខាន់ៗ​ក្នុង​កម្មវិធីសិក្សា និង​ប្រើប្រាស់​បច្ចេកទេស​អប់រំ​ផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សមណ​សិស្ស មាន​មូលដ្ឋានគ្រឹះ និង​វិន័យ​ល្អ​។​

ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត ត្រូវបាន​បង្កើតឡើង​នៅក្នុង​ពី​ឆ្នាំ​២០០៨ ដោយ​ផ្តោតលើ​ការ​បណ្តុះ​បណ្តាល​កម្រិត​ថ្នាក់បឋមសិក្សា ហើយ​បច្ចុប្បន្នមាន​សមណ​សិស្ស​ចំនួន​ជាង​១៦០ អង្គ កំពុង​សិក្សា​រៀនសូត្រ​នៅទីនេះ។​ 

ព្រះអង្គ យ៉ិ​ន ផៃ​យីន នាយករង​នៃ​ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ការសិក្សា​​នៅ​ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត បែង​ចែកចេញជា​៥ ថ្នាក់ រួមមាន ថ្នាក់​ទី​១, ទី​២, ទី​៣ និង​ថ្នាក់​​បំប៉ន​ចំនួន​២​ថ្នាក់​។​ ​ព្រះអង្គ​បន្ថែមថា ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត មាន​កម្មវិធីសិក្សាដូចគ្នា​នឹង​សាលា​ចំណេះដឹង ទូទៅ និង​មានការ​សិក្សា​ខាង​ពុទ្ធចក្ក​ផងដែរ​។​


ព្រះអង្គ​មាន​សង្ឃដីកា​ដូច្នេះ​ថា​៖ «​សម្រាប់​សមណ​សិស្ស​សិក្សា​ទាំង​ខាង​អាណាចក្រ និង​ពុទ្ធចក្ក​ មេរៀន​ជា​គោល​ចំបង គឺ​សិក្សា​ភាសាបាលី ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ចំណេះវិជ្ជា​ទាក់ទង នឹង​ពុទ្ធសាសនា​គឺ​យើង​សិក្សា​ទាំងអស់ ហើយ​សមណ​សិស្ស ក៏​សិក្សា​ខាង​អាណាចក្រ​ផងដែរ មាន​ទាំង​ភាសា​ខ្មែរ គណិត សិក្សា​សង្គម វិទ្យាសាស្ត្រ គឺមាន​សិក្សា​ទាំងអស់​»​។​

ក្រៅពី​ការសិក្សា​នូវ​ចំណេះដឹង​ខាងលើ ទីកន្លែង​បណ្តុះបណ្តាល​ព្រះសង្ឃ​នេះ ក៏​បញ្ចូល​នូវ​មុខវិជ្ជា សំខាន់ៗ​ចំនួន​២​ទៀត គឺ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ដែល​មុខវិជ្ជា​ទាំងនេះ នឹង​ក្លាយ​ជា​ស្ពាន​ចំណេះដឹង​មួយ​ទៅដល់​ថ្ងៃ​អនាគត​។ 


ព្រះអង្គ​ អង្គ យ៉ិ​ន ផៃ​យីន មាន​សង្ឃដីកា៖«​អាត្មា​ឱ្យ​តម្លៃ​ថា បច្ចុប្បន្ន ភាសា​អង់គ្លេស និង​កុំព្យូទ័រ ប្រៀបបាន​នឹង​ភ្នែក​យើង​ម្ខាង យើង​មិនអាច​ខ្វះបានទេ ព្រោះ​សង្គម​យើង​ពឹង​ផ្នែក​លើ​ប្រព័ន្ធ​ឌីជីថល ហើយ​អាត្មា​គិតថា សមណ​សិស្ស​ទាំងអស់ មិនដឹង​អនាគត​ទៅ​លោក (​ព្រះសង្ឃ​) ស្រឡាញ់ ឬ​បួស​បាន​រហូត​ឬ​អត់​ទេ​? អ៊ីចឹង​អាចមាន​អង្គ​ខ្លះ សឹក​ទៅ​រៀន​នៅក្រៅ ឬក៏​សាលា​ផ្សេង លោក​អាច​ស្រឡាញ់​ជំនាញ​វិស្វករ ច្បាប់ ឬ IT អ៊ីចឹង​អាត្មា បានរៀបចំ​ផ្លូវ​ឱ្យ​លោក​ស្រាប់​ហើយ លោក​មាន​ជា​គ្រឹះ​អង់គ្លេស និង​គ្រឹះ​កុំព្យូទ័រ អាច​និយាយថា ការសិក្សា​អង់គ្លេស និង​កុំព្យូទ័រ​ដើរ​ផ្លូវ​ណា​ក៏ត្រូវ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ចំណេញ​ទាំង​២»​។ 

សម្រាប់​ថ្នាក់រៀន​កុំព្យូទ័រ សមណ​សិស្ស​ទាំងអស់ សិក្សា​នៅក្នុង​បន្ទប់​កុំព្យូទ័រ​ដែលជា​សម្បត្តិរ​បស់​វត្ត នៅក្នុង​ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត​ផ្ទាល់ ដោយឡែក​ការសិក្សា​ថ្នាក់​ភាសា​អង់គ្លេស សមណ​សិស្ស ត្រូវ​ទៅ​សិក្សា​នៅ​ខាងក្រៅ​។ 

សមណសិស្ស គង់លើរ៉ឹម៉ក់ ធ្វើដំណើរចេញទៅខាងក្រៅវត្ត។ រូបថតសហការី

នាយករង​ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត បញ្ជាក់ថា​៖ «​ភាសា​អង់គ្លេស ព្រះសង្ឃ​ទាំងអស់ តម្រូវឱ្យ​រៀន នៅ​វត្ត​ដំរី ព្រោះ​នៅ​ទីនោះ​មាន​សាលា​ដែរ គឺ​សាលា​ពុទ្ធិក​សកលវិទ្យា​ល័យ ដែល​បើក​កម្មវិធីសិក្សា ភាសា​អង់គ្លេស វគ្គ​ជំនាញ​ខ្លី ចំពោះ​ការចំណាយ​ផ្សេងៗ​ដូចជា​យានជំនិះ និង​អ្វីៗ​គ្រប់យ៉ាង​គឺ​លោកគ្រូ លោក​អាចារ្យ គណៈកម្មការ​ទាំងអស់ជា​អ្នករៀបចំ​ប្រគេន​ដល់​ព្រះសង្ឃ ដូច្នេះ​ព្រះសង្ឃ​មិនចាំបាច់​គិត អី​ទេ គឺ​ដល់​ម៉ោង​ទៅ​រៀន​ទៅបាន​ហើយ​»​។​

ការសិក្សា​នៅក្នុង​ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត ចែកជា​៣​វេន គឺ​ពេលព្រឹក​សិក្សា​ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៩​ព្រឹក និង​ពេល​ថ្ងៃ ចាប់ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៤​រសៀល និង​ពេលយប់ ចាប់ផ្តើម​សិក្សា​ពី​ម៉ោង ៧​យប់ ដល់​ម៉ោងជាង​៩​យប់ ដោយ​ការសិក្សា​ពេល​ថ្ងៃ ធ្វើឡើង​ក្នុង​ថ្នាក់រៀន ចំណែក​ពេលយប់ ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ស្លាកែត។

ព្រះអង្គ យ៉ិ​ន ផៃ​យីន មាន​សង្ឃដីការៀបរាប់ថា៖ «​ពេលយប់ យើង​សិក្សា​ផ្នែក​ទន្ទេញ ព្រោះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សមណ​សិស្ស ការ​ទន្ទេញ នោះ​គឺ​ទន្ទេញធម៌ និង​មេរៀន​ព្រះ​បាលី ព្រោះ​ភាសាបាលី បើ​អត់​យល់​មេរៀន​ទេ រៀន​អត់​ចេះ​ទេ មានតែ​ទន្ទេញ ទន្ទេញ​វេយ្យាករណ៍ ទន្ទេញមេរៀន​គោល​សំខាន់ៗ អត់​អាច​មើលរំលងការ​ទន្ទេញ​នេះបានទេ ណាមួយ​សម​នឹង​ពាក្យ​ថា រៀន​ថ្ងៃ​មិន​គ្រប់ រៀន​យប់​បន្ថែម​»​។

បន្ថែម​ពី​កម្មវិធីសិក្សា នៅ​វត្ត​ស្លា​កែ​ត​ក៏មាន​បច្ចេកទេស​អប់រំ​ពិសេស​មួយទៀត គឺជា​ការបិទ​នូវ​រូបភាព នានា ដែល​ទាក់ទង​នឹង​ការគោរព​ព្រះ​វិន័យ និង​កិច្ច​ពុំគួ​រ​គប្បី​ណាមួយ ដែល​នេះ​គឺជា​វិធីសាស្ត្រ​អប់រំ ដល់​សមណ​សិស្ស​ទាំងអស់ ដ្បិត​សមណ​សិស្ស គឺជា​កុមារ​តូចៗ​ដែល​ចូលចិត្ត​លេង និង​អាច​ភ្លេចភ្លាំង នូវ​ចំណុច​ណាមួយ ដូច្នេះ​នៅពេល​ឃើញ​រូបភាព សមណ​សិស្ស​អាច​រំឭក​ដឹងខ្លួន​ថា អ្វី​គួរ​ធ្វើ និង​អ្វី​ពុំគួរ​ធ្វើ​។ 

សមណសិស្ស កំពុងទន្ទេញមេរៀនព្រះធម៌នៅខាងក្រៅព្រះវិហារ នាពេលយប់។ រូបថត សហការី

ព្រះអង្គ យ៉ិ​ន ផៃ​យីន ពន្យល់ថា គណៈ​គ្រប់គ្រង​សាលា មាន​យុទ្ធសាស្ត្រ​មួយ គឺ​ការពារ​ប្រសើរ ជាង​ព្យាបាល ដោយ​ត្រូវ​អប់រំ​បណ្តុះបណ្តាល​ព្រះសង្ឃ​តូចៗ​ជាមុន ពោល​ធ្វើយ៉ាងណា​មិនឱ្យ សមណ​សិស្ស​ប្រព្រឹត្ត​ខុស​កន្លង ប្រាសចាក​វិន័យ សិក្ខាបទ​របស់​ព្រះសង្ឃ​នោះឡើយ​។ 

ទន្ទឹមនឹងនេះ នាយករង​នៃ​ពុទ្ធិកបឋមសិក្សា​វត្ត​ស្លា​កែ​ត ព្រះអង្គ យ៉ិ​ន ផៃ​យីន បញ្ជាក់ថា សមណ​សិស្ស ដែល​កំពុង​សិក្សា​នៅទីនេះ មកពី​គ្រប់កន្លែង​ទាំង​ក្នុង​ខេត្តបាត់ដំបង និង​បណ្តា​ខេត្ត​-​ក្រុង​នានា ដូច្នេះ​សមណ​សិស្ស ដែលមាន​បំណង​ចង់​មក​សិក្សា​នៅ​វត្ត​ស្លា​កែ​ត អាចមក​សិក្សា​បាន​៕