ស្រុកបន្ទាយមាស ខេត្តកំពតត្រូវបានប្រកាសជាស្រុកគ្មានផ្សែងដំបូងគេនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ខែមករា ដោយពលរដ្ឋនៅក្នុងស្រុកនេះឈប់ប្រើប្រាស់អុស ឬ ធ្យូង ដើម្បីជាមធ្យោបាយចម្អិនម្ហូបអាហារទៀតហើយ ហើយងាកមកប្រើប្រភពផ្សេងដូចជាអគ្គិសនី ឬ ឧស្ម័ន។
ការលើកទឹកចិត្តឲ្យឈប់ប្រើប្រាស់ប្រភពថាមពលមានផ្សែងនេះធ្វើឡើងដោយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) នៅកម្ពុជា ជាមួយនិងរដ្ឋបាលស្រុកបន្ទាយមាស ដើម្បីធ្វើឲ្យស្រុកនេះមាសជាស្រុកគ្មានផ្សែងទាំងស្រុងដំបូងគេនៅកម្ពុជា។
អង្គការនេះបានចាប់ផ្ដើមធ្វើការងារនេះនៅដើមឆ្នាំ២០២២ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថាន និងសុខភាព កើតចេញពីការអនុវត្តចម្អិនអាហារបែបប្រពៃណី។
យោងតាម SNV នៅពេលចាប់ផ្ដើមដំបូង មានគ្រួសារតែប្រមាណ ៤១ភាគរយប៉ុណ្ណោះនៅក្នុងស្រុកនេះដែលប្រើប្រាស់ឥន្ធនៈស្អាត រួមមានអគ្គិសនី និងឧស្ម័ន ចង្ក្រានសូឡា ជីឧស្ម័ន និងឧស្ម័នប្រូប៉ែន។
មានគ្រួសារច្រើនជាង៨៥ភាគរយបានផ្លាស់ប្តូរពីការប្រើប្រាស់អុសចម្អិនអាហារមកប្រើចង្ក្រានគ្មានផ្សែង។ ការជំនួសអុសដោយប្រើអគ្គិសនី ឬឧស្ម័នហ្គាសមានន័យថា ការប៉ះពាល់នឹងផ្សែងចង្ក្រានត្រូវបានកាត់បន្ថយ ភាពគ្រោះថ្នាក់ក្នុងការរកអុសក្នុងព្រៃ និងការកាប់បំផ្លាន់ព្រៃឈើ និងបរិស្ថានត្រូវបានកាត់បន្ថយ។
បច្ចុប្បន្ននេះ អង្គការ SNV កំពុងអនុវត្តកម្មវិធីភូមិគ្មានផ្សែង (SmokeFree Village) នៅក្នុងភូមិចំនួន ៤៨៧ នៅក្នុងខេត្តចំនួនបួន រួមមាន កំពត កំពង់ស្ពឺ សៀមរាប និងបាត់ដំបង ហើយស្រុកបន្ទាយមាសសម្រេចបានគោលដៅមុនគេ។
លោកស្រី Alexandra Mandelbaum នាយិកាប្រចាំប្រទេសនៃអង្គការអភិវឌ្ឍន៍ហូឡង់ លើកឡើងដូច្នេះថា៖ «ការសម្រេចបាននូវសមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីថាមពលនៃការផ្លាស់ប្តូរដែលជំរុញដោយសហគមន៍ និងបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការដោះស្រាយថាមពលប្រកបដោយចីរភាព។ ខ្ញុំមានបំណងជំរុញកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះនៅទូទាំងពិភពលោក ដោយបង្ហាញពីឥទ្ធិពលនៃគំនិតផ្តួចផ្តើមចម្អិនអាហារស្អាត»។
លោក ប៉ោ និមន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្មវិធីភូមិគ្មានផ្សេងនេះ មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ បង្កើននិរន្តរភាពបរិស្ថានដោយការឈប់ប្រើអុស និងបង្កើនសុវត្ថិភាពថាមពល។
លោកបន្តថា គម្រោងនេះរួមចំណែកដល់ការសម្រេចគោលដៅរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ថាមពលស្អាតឲ្យបានយ៉ាងហោចណាស់ ៧០ ភាគរយនៅឆ្នាំ២០៣០៕