​ភ្នំពេញ៖ ​​កម្ពុជា​បាន​ស្វាគមន៍​​​ភ្ញៀវទេសចរ​ដ៏​ច្រើន​​អំឡុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំសកល​ ២០២៥ ដោយរាជធានី​​ភ្នំពេញ​ក្លាយជា​គោលដៅ​ទេសចរណ៍​កំពូល ជាមួយ​កំណត់​ត្រា​​​ភ្ញៀវជាង ១,៥​លាន​នាក់​​ក្នុង​រយៈពេល​ពីថ្ងៃ​ទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២៤​។​

កំណើនភ្ញៀវ​ទេសចរ​​​នៅ​​រាជធានីនេះ ដោយ​សារ​មាន​ការ​​រៀបចំ​ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» ដែល​​ទាក់ទាញ​មនុស្ស​រាប់ម៉ឺន​នាក់​មក​កាន់​បេះដូង​នៃរាជធានី​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ឱ្យដឹង​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​​ថា ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣​ ៥៣៥ ៣២៥ នាក់ រួមទាំង​ភ្ញៀវ​ក្នុងស្រុក​ចំនួន ៣ ៤៤៤ ០៦៥ នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ៤៧ ២៦០ នាក់ នៅទូទាំង​ប្រទេស​។​


តួលេខភ្ញៀវ​ទេសចរ​នៅក្នុង​រាជធានី​​​ដោយ​ជោគជ័យ​នៃ «សាទរ​កម្ពុជា​» ដែល​មានក្បួន​​ដង្ហែព​ហុ​សិល្បៈ ការសម្ដែង​​បែប​ប្រពៃណី ការប្រគំ​តន្ត្រី​ និងព្រឹត្ដិការណ៍​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​នៅមុខ​ព្រះបរមរាជវាំង​។​

​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែជាការ​​ប្រារឰ​​ពិធីបុណ្យ​ឆ្លង​ឆ្នាំសកល​​ប៉ុណ្ណោះ​ទេ ថែមទាំង​​ជាការ​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ លើក​តម្កើង​​កេរ្តិ៍ឈ្មោះ​របស់​រាជធានី​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ទៀត​​។​


លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បា​ន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា៖ «ព្រឹត្តិ​ការណ៍ «សាទរកម្ពុជា» បាន​ប្រព្រឹត្ត​ទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ»។

​​យោងតាម​ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដ៏រស់រវើក និងមានការចូលរួមទស្សនា និងលើកទឹកចិត្តដ៏ច្រើនកុះករពីប្រជាពលរដ្ឋជាតិ និងភ្ញៀវអន្តរជាតិ។
ទិដ្ឋភាព​​ទេសចរណ៍​ទូទាំង​ប្រទេសខណៈពេលរាជធានី​​ភ្នំពេញទទួល​ភ្ញៀវ​ទេសចរ​នាំ​មុខ​គេ​ បណ្ដា​ខេត្ត​ផ្សេងទៀត​ក៏ត្រូវ​បាន​រាយការណ៍​ពី​ចំនួន​ភ្ញៀវ​យ៉ាងច្រើន​ផងដែរ​។ 

ខេត្ត​ព្រះសីហនុ ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន ៤២២​ ៨២៩​នាក់ មក​ទស្សនា​ឆ្នេរ​ដ៏​ស្រស់បំព្រង​ ខណៈ​ខេត្តសៀមរាប និង​ប្រាសាទ​អង្គរ​ដែលជា​និមិត្តរូប​របស់ខ្លួន​ទទួលភ្ញៀវ​បាន​ចំនួន ៣៣៣ ៦៦០​នាក់។​

ខេត្តបាត់ដំបង​ដែល​ល្បីល្បាញ​ខាង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរបែប​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចំនួន ៣២៤ ៧៦០ នាក់ ហើយ​ខេត្តកំពត​ទទួលបាន ២២៧ ៩៧៦ នាក់​។​

ដោយឡែក ​ខេត្តព្រៃវែង និង​ខេត្ដ​ក្រចេះ ទទួល​ភ្ញៀវ​​ទេសចរ​តិចតួច​បំផុត ដោយមាន​ភ្ញៀវ​ត្រឹមតែ ២០០០​នាក់​ប៉ុណ្ណោះ បូក​បញ្ចូល​គ្នា​។ 

ជាមួយទេសចរ​ជាង ៣,៥ លាន​នាក់នៅទូទាំងប្រទេស ភ្ញៀវ​បរទេស​ចំនួន ៤៧ ២៦០ នាក់ ក្រសួងទេសចរណ៍​កំពុង​ពង្រឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាស​កល​។​

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កម្ពុជា​បានអនុវត្ត​​នូវ​គំនិត​ផ្តួចផ្តើម​ជាបន្តបន្ទាប់​ ដើម្បី​លើក​កម្ពស់​ប្រទេស​​របស់ខ្លួន​ជា​គោលដៅ​ទេសចរណ៍​ពិភពលោក និង​សម្រេច​គោលដៅ​​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ ៥​លាន​នាក់​នៅ​ចុងឆ្នាំ ២០២៤។

ចំណុច​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​យុទ្ធសាស្ត្រ  «បង្កើន ៥ និង អភិវឌ្ឍ៣» ដើម្បី​លើក​កម្ពស់ប្រទេស​ជាតិ​លើ​​ឆាក​​អន្តរជាតិ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​ពិភពលោក និង​ធ្វើ​ពិពិធ​កម្ម​ផ្តលើ​វិស័យ​ ទេសចរណ៍ធម្មជាតិ បទពិសោធន៍​វប្បធម៌ និង​ម្ហូបអាហារ​​ក្នុងស្រុក​។

ការបំពេញបន្ថែម​នេះ​គឺជា​វិធីសាស្ត្រ «ភិវឌ្ឍ ៣» ដែល​ផ្តោតលើ​ការពង្រឹង​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​គាំទ្រ​ដល់​កំណើន​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​

ជាមួយគ្នានេះ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024» បាន​​ដាក់​ខេត្តសៀមរាប​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​លំដាប់​កំពូល ដោយ​ប្រើប្រាស់​សម្បត្តិ​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ជាពិសេស​ប្រាសាទអង្គរវត្ត ដែលជា​និមិត្តរូប តាមរយៈ​ព្រឹត្តិការណ៍ និង​សកម្មភាព​ផ្សព្វផ្សាយ​ផ្សេងៗ​។​

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ការវិនិយោគ​សំខាន់ៗ​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការហោះហើរ​ត្រង់​ក៏​កំពុងដំណើរការ​ផងដែរ ដើម្បី​បង្កើន​ភាពងាយស្រួល និង​បទពិសោធន៍​របស់​អ្នកទស្សនា​។​
​ដោយ​ទទួលស្គាល់​ពី​ភាព​ចម្រុះ​នៃប្រភព​​ភ្ញៀវទេសចរ​​របស់ខ្លួន កម្ពុជា​ក៏បាន​កំណត់​គោលដៅ​ទីផ្សារ​ទេសចរណ៍​មូស្លីម​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ដែល​ខិតខំ​ប្រឹងប្រែង​ដូចជា ការបង្កើត​កន្លែង​លក់​អាហារ​ហា​ឡា​ល និង​ការជំរុញ​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ឥស្លាម​។​

​សហគ្រាស​អង្គរ​ បាន​រាយការណ៍​អំពី​ស្ថិតិ​គួរឱ្យ​កត់សម្គាល់​​សម្រាប់​ខែធ្នូ ឆ្នាំ ២០២៤ ជាមួយ​តួលេខ​ភ្ញៀវទេសចរ​បរទេស​ចំនួន ១២៥ ៣៤៩ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង ២៧,៨១ភាគរយ បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ ២០២៣។​

របាយការណ៍ពី​​គ្រឹះស្ថានអង្គរ​បានឱ្យដឹង​​ថា​៖ «​ការលក់​សំបុត្រ​រកចំណូលបាន ៥ ៩១៨ ១៤៨ ដុល្លារ កើនឡើង ២៧,២១ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​»។​

លើសពីនេះ ការរួមចំណែករបស់​គ្រឹះស្ថាន​អង្គរ​ ប្រចាំខែ​សរុប​ចំនួន ២៥០,៦៩៨ ដុល្លារ ត្រូវបានផ្ដល់​ជូន​ ​មូលនិធិ​គន្ធបុប្ផា​កម្ពុ ដែល​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ផ្នែក​ថែទាំ​សុខភាព​សំខាន់ៗ​។​

ពេញ​មួយឆ្នាំ ២០២៤ ប្រាសាទអង្គរវត្ត​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ១ ០២៣ ៦៤៤​នាក់ កើនឡើង ២៨,២៧ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៣​។​

ប្រាក់ចំណូល​សរុប​សម្រាប់​ឆ្នាំនេះ​ឈានដល់ ៤៧ ៨២៦ ៩៨១ ​ដុល្លារ​អាមេរិក ដោយថវិកា ២ ០៤៧ ៣៧៦ ដុល្លារ ត្រូវបាន​បែងចែក​ទៅឱ្យ​មូលនិធិ​គន្ធបុប្ផា​។​

នៅ​ប្រាសាទកោះកេរ្តិ៍ ការលក់​សំបុត្រ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៤ មាន​ចំនួន ៥០​៣១០ ដុល្លារ ពី​ភ្ញៀវ ៣៣៥៤ នាក់ ខណៈ​ចំណូល​សរុប​សម្រាប់​ឆ្នាំឡើង​ដល់ ៣២៩០២៥ ដុល្លារ ពី​ភ្ញៀវចំនួន​ ២១ ៩៣៥ នាក់​។​

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទន្ទឹមនឹងនេះ កំពង់ផែ​ចុង​ឃ្នា​សបាន​កត់ត្រា​ប្រាក់ចំណូល​សំបុត្រ​ទូក​ចំនួន ៩៤៣៤៤ ដុល្លារ ​ក្នុង​ខែធ្នូ ឆ្នាំ ២០២៤ ដោយមាន​ទូក​ចំនួន ៣២០៣ គ្រឿង (​តូច ២១០៤ មធ្យម ៩៥១ និង​ធំ ១៤៨ គ្រឿង​) ផ្ដល់សេវាកម្មដឹក​​​ភ្ញៀវ​ទេសចរណ៍​។​

ប្រាក់ចំណូល​ប្រចាំឆ្នាំ​ពី​ការលក់​សំបុត្រ​ទូក​មាន​ចំនួន​សរុប ៧៩៤ ៣៤៨ ដុល្លារ ដែលមាន​ទូក​ចំនួន ២៨ ៨៧១ គ្រឿង​បម្រើភ្ញៀវ​ពេញ​មួយឆ្នាំ​៕​