រតនគិរីៈ សត្វក្រៀលចំនួន២២ក្បាល ត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃលំផាត់ ដែលជាចំនួនច្រើនបំផុត បំបែកកំណត់ត្រាសម្រាប់ឆ្នាំ ២០២៤ បន្ទាប់ពីមានការបង្កើតក្រុមការងារ អភិរក្សសត្វក្រៀលកម្ពុជាកាលពីឆ្នាំ២០២៣កន្លងមក។
ការប្រទះឃើញការកើនឡើងចំនួនសត្វក្រៀល ពី១៦ក្បាល ទៅដល់២២ក្បាលរបស់ក្រុមការងារតាមដានជីវចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់នេះ ត្រូវបានអង្គការ ជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) កាលពីថ្ងៃទី៣១ ខែធ្នូ ចាត់ទុកថាជា ព័ត៌មានដ៏សែនរីករាយសម្រាប់ចុងឆ្នាំ២០២៤។
អង្គការបានឱ្យដឹងថា ក្នុងចំណោម សត្វក្រៀលចំនួន២២ក្បាលនោះ មានកូនក្រៀល ដែលទើបនឹងធំរហូតដល់ទៅចំនួន៨ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
អង្គការបញ្ជាក់ថា ចំនួននេះគឺមានច្រើនលើសពីពេលណាៗទាំងអស់ ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រក និងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែ ចំនួន១៦ក្បាលប៉ុណ្ណោះ។
អង្គការបានលើកឡើងដូច្នេះថា៖«ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត»។
ការធ្វើជំរឿនចុងក្រោយក្នុងឆ្នាំ២០២៤នេះ បានរកឃើញសត្វក្រៀលចំនួន១៨០ក្បាលនៅកម្ពុជា ដែលចំនួននេះបង្ហាញពីនិន្នាការ កំពុងតែកើនឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្វើជំរឿន កាលពីឆ្នាំ២០២២ បានរកឃើញថា ចំនួនសត្វក្រៀលបានធ្លាក់ដល់ ១៥៦ក្បាលឯនោះ។
នាយកអង្គការ ជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) លោក ប៊ូ វរសក្សបានឱ្យដឹងថា ក្រសួងបរិស្ថាន, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអង្គការធំៗ ដូចជា អង្គការ ជីវិតធម្មជាតិនៅកម្ពុជា, WWF និង WCS ជាដើម បានយកចិត្តទុកដាក់ លើការអភិរក្សសត្វក្រៀលនេះ ដោយបានបង្កើតក្រុមការងារ អភិរកសត្វក្រៀលកម្ពុជាមួយ កាលពីឆ្នាំ២០២៣ បន្ទាប់ពីចំនួនវាបានធ្លាក់ចុះនោះមក។
ក្រុមការងារ ដែលត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន បានបង្កើតផែនការអភិរក្សសត្វក្រៀលរយៈពេល៥ឆ្នាំ ដែលជាឯកសារតម្រង់ទិសមួយ ទាំងនៅតំបន់នីមួយៗ និងនៅសកម្មភាពកម្រិតថ្នាក់ជាតិជាដើម។
ក្រៀលជាប្រភេទស្លាបទេសន្តប្រវេសន៍ក្នុងរយៈចម្ងាយខ្លី។ ក្រុមសត្វក្រៀលនេះ ហើរឆ្លងប្រទេសកម្ពុជា និងវៀតណាម។ ក្នុងពេលរដូវពងកូន ចាប់ផ្តើមពីខែមិថុនា ដល់វិច្ឆិកា វាពងកូននៅ ដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី និង មណ្ឌលគិរី និងដែនជម្រកសត្វព្រៃឆែប-ព្រះរកា និងគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ នៅក្នុងតំបន់វាលស្មៅ បឹង ឬ នៅក្នុងព្រៃជ្រៅៗ ដែលគ្មានមនុស្សចូលទៅដល់។ នេះបើយោងតាម លោក វរសក្ស។
ក្រោយពេលពងកូនរួចហើយ សត្វក្រៀលតែងនាំកូនរបស់វា ចុះទៅដីសណ្តទន្លេមេគង្គ ក្នុងរយៈពេល ៦ខែ មានដូចជា នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងខេត្តកំពត។ មួយចំនួនទៀតបានចុះទៅតំបន់ជុំវិញបឹងទន្លេសាប ដូចជានៅ តំបន់អភិរក្សជម្រកសត្វស្លាបអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ ជាដើម។
លោកបញ្ជាក់ថា នៅពេលដល់រដូវពងកូន សត្វក្រៀលតែងត្រឡប់ទៅតំបន់ដែនជម្រកនោះវិញ ហើយមួយចំនួនតូចក៏ហើរឆ្លងទៅដល់វៀតណាមផងដែរ។
សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង។ ប៉ុន្តែប្រភេទសត្វក្រៀលនៅអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលសត្វក្រៀលតំបន់ទន្លេមេគង្គផងដែរនោះ កំពុងឈានទៅរកការផុតពូជ ប្រសិនបើមិនមានការការពារនោះទេ។
ពួកវាត្រូវបានគេរកឃើញថាមានកាច់សំបុកចំនួនប្រហែលតិចជាង៥០ សំបុកប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារការបាត់បង់ទីជម្រក និងកត្តាគំរាមកំហែងផ្សេងៗទៀត។
អង្គការបានលើកឡើងថា សត្វក្រៀលទាំង២២ក្បាល ដែលរួមទាំងកូនៗដ៏គួរឱ្យស្រឡាញ់របស់ពួកវាទាំងនេះ ត្រូវបានសង្កេតឃើញហោះហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីយ៉ាងរីករាយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលនេះ។ ដែនជម្រកនេះ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងារ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារUSAID និង មូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ី ដែលរងការគម្រាមកំហែង (Critical Ecosystem Partnership Fund) បាននិងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វក្រៀលទាំងនេះ។ ក្នុងនោះ រួមមានការតាមដានការពារសំបុកសត្វ ការល្បាតព្រៃឈើ កម្មវិធីកសិកម្មដែលមានមេត្រីភាពចំពោះសត្វព្រៃ និងសកម្មភាពជាច្រើនផ្សេងទៀត។
កម្មវិធីអភិរក្សសត្វក្រៀលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលត្រូវបានជំរុញដោយការអនុវត្តគម្រោងរេដបូកលំផាត់ ដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ជីវចម្រុះ ការពារវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចក្នុងតំបន់ និងការរស់នៅប្រកប ដោយបរិយាកាសល្អតាមរយៈការអភិរក្សព្រៃឈើឱ្យនៅគង់វង្ស៕