ទោះបីជាគ្មានករណីប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយត្រូវបានរាយការណ៍នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាក្រើនរំឭកដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមការទប់ស្កាត់ការចរាចរប្រាក់ដុល្លារក្លែងក្លាយ។
បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិដែលផ្សព្វផ្សាយនៅថ្ងៃនេះ ការក្រើនរំឭក និងការអំពាវនាវឲ្យមានការចូលរួមនេះ ក៏តាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ផងដែរ ខណៈដែលប្រាក់ដុល្លារអាមេរិកនៅតែកំពុងធ្វើចរាចរនៅកម្ពុជា។
ធនាគារជាតិបានស្នើឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។
សេចក្ដីជួនដំណឹងបន្តថា៖ «គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា»។
ធនាគារជាតិនៃកម្ពុជាក៏លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារក្លែងក្លាយ។
ខណៈដែលគ្មានករណីរាយការណ៍អំពីប្រាក់ដុល្លារក្លែងក្លាយនាពេលថ្មីៗនេះនៅកម្ពុជា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏បានបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុករបស់ធនាគារជាតិ ដោយលើកទឹកចិត្តឲ្យធនាគារជាតិបង្ហាញពីរបៀបកំណត់ថាតើប្រាក់ដុល្លារបែបណាជាប្រាក់ដុល្លារក្លែងក្លាយ។ ស្របពេលជាមួយគ្នានេះ អ្នកខ្លះក៏បានលើកទឹកចិត្តឲ្យសាធារណៈជនប្រើប្រាស់ប្រាក់រៀលវិញ៕