ភ្នំពេញៈ​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ« ផ្លូវ​ជាតិគ្មានសំរាមប្លាស្ទិក»ចាប់ពីថ្ងៃទី១ ខែមករានេះ ដើម្បី​ធ្វើឱ្យផ្លូវ​ជាតិ​គ្មាន​សំរាម​ប្លា​ស្ទិក​រាយ​ប៉ាយ​ នៅក្នុង​ឆ្នាំ​២០​២៥​នេះ​។

ការប្រកាសដាក់ចេញ នូវយុទ្ធនាការសំអាតផ្លូវជាតិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានចលនាចូលរួមពីថ្នាក់ដឹកនាំ អា​ជ្ញា​ធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅ​ក្នុង​សកម្ម​ភាព​សា​កល្បង​សំអាតតាមដងផ្លូវ នាពេលកន្លងមក ដូចជា ការអាតផ្លូវជាតិ លេខ៣, លេខ៤, លេខ៤១, និង​លេខ៥១ ក្នុង​គោល​បំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ 

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«យុទ្ធនាការសំអាតផ្លូវជាតិ នឹងចូលរួមចំណែក លើក​កម្ពស់សោភ័ណភាពទីក្រុង ទី​ប្រ​​ជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់​អាកាសស្អាត និងសណ្តាប់​ធ្នាប់​ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និង​ការ​ទាក់​ទាញ​អ្នកវិនិយោគ និងអ្នក​ទេសចរ​ណ៍​មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។


ក្រសួងបរិស្ថានបានរៀបចំផែនការសកម្មភាព ក្នុងការអនុវត្តយុទ្ធនាការនេះ ដើម្បីសម្អាតអនាម័យបរិស្ថាន រើស និងប្រមូលសំរាមនៅតាមបណ្តាស្រុកខណ្ឌនានា នៅតាមដងផ្លូវជាតិគោលដៅ ឱ្យមានភាពស្អាត មិនមានសំរាម រា​យប៉ា​យ​នៅក្នុ​ងឆ្នាំ២០២៥។ 

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋ​បា​ល​ក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀប​ចំស​កម្ម​ភា​ពចុះ​សំអា​ត​ផ្លូវ​ជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ។


លោកបាន​ស្នើ​ឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង​យុទ្ធ​នា​ការ​«កម្ពុជាស្អាត ខ្មែរធ្វើបាន»  ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បី​ជំរុញភាព​ស្អាតរបស់​កម្ពុជា​បន្ថែម​ទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។

ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំង​ប្រទេស​ជាង៩,៧​លាន​​អង្គ/នាក់ និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន ៣,៦​លាន អង្គនាក់។ 

ក្រសួងបានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់​បន្ថយការ​នាំចូល​ប្លាស្ទិក​បានចំនួនជាង ៨០ភាគរយ និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ 

ការដាក់ចេញយុទ្ធនាការសំអាតផ្លូវជាតិ« ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»នេះ នឹងបន្តជួយ រៀប​ចំ «សម្អា​ត​ផ្ទះយើង»​ឱ្យ​បាន​ស្អាត មានអនាម័យ ដើម្បីត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។ 

ទាក់ទងនឹងបញ្ហសំរាមនេះដែរ ប្រទេសជប៉ុនបាន​ផ្តល់ជំនួយ​រថយន្ត​ប្រមូល​សំរាម​១០​គ្រឿង​បន្ថែម​ទៀត​កាល​ពីថ្ងៃ​ទី​២៣​ ខែធ្នូ កន្លងមក ដើម្បី​គាំទ្រ​ដល់​ភាពស្អាតរបស់កម្ពុជា។ រថយន្តទាំងនេះ នឹងត្រូវប្រើប្រាស់ ដើម្បីពង្រឹងការប្រមូល និង​ដឹក​ជញ្ចូ​នសំ​រាម​ទៅចា​ក់​ចោល​នៅទី​លានឱ្យស្អាត និងទាន់ពេលវេលានៅក្នុងរដ្ឋបាលក្រុងស្រុកចំនួន៧។ ជប៉ុន​ក៏​ធ្លាប់​​បាន​ប្រ​គ​ល់រ​ថយ​ន្តដឹក​សំ​រាម​២០គ្រឿ​ងរួចហើយដល់ក្រសួងបរិស្ថាននាពេលកន្លងមក។ 

ក្រសួងបរិស្ថាន នាពេលកន្លងមកនេះ ក៏បានផ្តល់ឡដុតសំរាម ចំនួន ៦៣គ្រឿង រថយន្ត​៨៨គ្រឿង ម៉ូតូកង់បី ១៦១​គ្រឿង និង​ធុងសំរា​មរា​ប់​ពាន់ធុង ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌល​សុខភាព និងវត្តអារាម មានធុង​ដាក់​សំ​រាម​ឱ្យបានត្រឹមត្រូវ មាន​ភាពស្អាត មិនមានសំរាមរាយប៉ាយ ធ្វើឱ្យប្រសើរឡើង នូវគុណ​ភាព​បរិស្ថាន​នៅ​ក្នុងមូល​ដ្ឋាន​។​

កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន​ នៅក្នុងមួយឆ្នាំ ពោលគឺ​នៅទូ​ទាំង​ប្រទេស​មា​ន​សំរាម ជាង១​ម៉ឺន​តោន​ក្នុងមួយថ្ងៃៗ។ ក្នុងនោះរាជធានីភ្នំពេញបាន​បង្កើតសំរាមរហូត​ដល់ទៅ៥​ពាន់​តោន​ក្នុង​១ថ្ងៃ៕