កម្មវិធី​ «ផ្តល់​ដី ការពារ​ព្រៃ ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» របស់​រាជ​រដ្ឋាភិបាល​អាច​នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​ស្នើ​សុំ​ដី​ពី​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ពិតប្រាកដ ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​តទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែ​មករា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា តាម​រយៈ​កម្មវិធី​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ដី​ពិត​ប្រាកដ​នឹង​ត្រូវ​បាន​រដ្ឋ​ផ្ដល់​ដី​ជួន ជាមួយ​នឹង​ការ​រៀប​ចំ​ជា​ភូមិករ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​ទៅ​រស់​នៅ​ទី​នោះ អាច​ចង​ក្រង​ជា​សហគមន៍​ដើម្បី​ជួយ​ការពារ​ដី​និង​ព្រៃឈើ​នៅ​ជុំវិញ​សហគមន៍ ដែល​ខ្លួន​រស់​នៅ។

លោក​ចាត់​ទុក​កម្មវិធី​នេះ​ថា​នេះ​ជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​ពិត​ប្រាកដ និង​ការពារ​ព្រៃ​ឈើ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ ឬ​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់។ កម្មវិធី​ «ផ្តល់ដី ការពារ​ព្រៃ ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» មាន​លេខាធិការដ្ឋាន​មួយ​មើល​ការ​ខុស​ត្រូវ។


លោក​ថ្លែង​ថា៖ «ចំពោះ​នីតិវិធី បែបបទ ទីកន្លែង​ដាក់​ពាក្យ​ស្នើ​សុំ និង​លក្ខណៈ​សម្បត្តិ​នៃ​អ្នក​ស្នើ​សុំ​ដើម្បី​ទទួល​បាន​ដី លេខាធិការដ្ឋាន​នឹង​ចាប់​ផ្ដើម​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​​ និង​អាច​ចាប់​ផ្ដើម​ទទួល​ពាក្យ​ស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​តទៅ»។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ផ្ទៃ​ដី​រាប់​លាន​ហិតា​ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ខាត និង​អតីត​យុទ្ធជន ចាប់​ពី​ឆ្នាំ​១៩៨៥​មក។ លោក​ក៏​បាន​អះអាង​ជា​ថ្មី​ថា លោក​នឹង​ខិតខំ​បម្រើ​ប្រជាជន និង​ប្រទេស​ជាតិ​ឲ្យ​អស់​ពី​សមត្ថភាព។


លោក ហេង គឹមហុង ប្រធាន​ប្រតិ​បត្តិ​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​ យល់​ឃើញ​ថា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ថ្មី​នេះ​ រដ្ឋាភិបាល​ក៏​គួរ​តែ​ពិនិត្យ​មើល​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ជាច្រើន ថា​តើ​ដី​ទាំង​នោះ​នៅ​តែ​បន្ត​វិនិយោគ​ដាំដុះ​ ឬ​ក៏​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​នោះ​​បាន​ក្ស័យ​ធន់​ទៅ​ហើយ។ លោក​ថា​ ប្រសិន​បើ​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​ទុក​ចោល​នោះ រដ្ឋ​គួរ​តែ​កាត់​យក​ទៅ​ឲ្យ​ភាគី​ពាក់​ព័ន្ធ ឬ ឲ្យ​ទៅ​អតីត​យុទ្ធជន ពលរដ្ឋ​ក្រីក្រ​អនាថា​ជា​ដើម។

លោក គឹមហុង យល់​ថា វា​មិន​មែន​ជា​រឿង​ល្អ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​​សឹករិចរិល​ឬ​គម្រប​ព្រៃ​ឈើ​សម្រាប់​កម្មវិធី​នេះ ផ្ទុយ​ទៅ​វិញ​ដី​ព្រៃ​ទាំង​នោះ​គួរ​បន្ត​អភិរក្ស និង​ស្ដារ​ឡើង​វិញ។

លោក​និយាយ​ថា៖ «វត្តមាន​របស់​​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កៀក​នឹង​តំបន់​អភិរក្ស​អាច​បង្ក​ហានិភ័យ​ច្រើន ដូចជា​ការ​ចូល​ទៅ​កាប់​​បំផ្លាញ​ព្រៃឈើ ឬ​ការ​ប្រើ​ប្រាស់​ព្រៃ​ឈើ​ទាំង​នោះ»។

លោក​ថា​ដើម្បី​ឲ្យ​កម្មវិធី «ផ្តល់ដី​ ការពារ​ព្រៃ ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»​ មាន​ប្រសិទ្ធភាព ត្រូវ​មាន​ការ​គ្រប់​គ្រង​តឹងរ៉ឹង អនុវត្ត​ច្បាប់​ម៉ឹង​ម៉ាត់ ដោយ​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​តម្លាភាព​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឱកាស​ស្ដារ​ជីវភាព​ឡើងវិញ ជា​ពិសេស​ពលរដ្ឋ​ដែល​គ្មាន​ដី​កសិកម្ម ហើយ​កំពុង​ជាប់​បំណុល​ទៀត ឬ​ពលរដ្ឋ​រស់​នៅ​តំបន់​អនាធិបតេយ្យ៕