ភ្នំពេញ៖ វីដេអូថ្មីៗនេះ របស់ប្រធានសមាគមទេវ សក្ខី ភគវន្ត បានបញ្ឆេះប្រតិកម្មពីសំណាក់ព្រះសង្ឃ និងពុទ្ធសាសនិក បន្ទាប់ពីលោកបានអះអាងថា ព្រះសង្ឃជា «បន្ទុក» ដល់អ្នកកាន់ព្រះពុទ្ធសាសនា។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយវីដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក ក្រសួង និងគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំកិច្ចប្រជុំបន្ទាន់ពិភាក្សាលើខ្លឹមសារវីដេអូនៅរសៀលថ្ងៃអង្គារ ថ្ងៃទី២៨ ខែមករា ក្រសួង និងស្ថាប័នពាក់ព័ន្ធបន្តពិភាក្សា នឹងចាត់វិធានការតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យបានបន្ដថា៖ «សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ទាំងអស់ ព្រះមេត្តា និងមេត្តារក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកលទ្ធភាពដល់ក្រសួងធម្មការនិងសាសនា និងស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយនិងចាត់វិធានការតាមនីតិវិធីច្បាប់»។
ជាការឆ្លើយតប សមាគមបានចេញសេចក្ដីថ្លែងការណ៍ថា សមាគមប្រកាន់គោលជំហរយកការពិតតែម្យ៉ាង (សព្ទនិយម) ដោយ ឈរលើទស្សនៈ អហិង្សា មិនបង្កអរិភាពបង្កើតភាពជាសត្រូវវាយប្រហារបំបែកបំបាក់ ជាន់ពន្លិច បំផ្លិចបំផ្លាញសាសនាណាមួយឡើយ ជាពិសេស ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលពលរដ្ឋខ្មែរត្រូវមាន កាតព្វកិច្ចអភិរក្ស និងអភិវឌ្ឍន៍។
យោងតាមសេចក្ដីថ្លែងការណ៍បានបង្ហាញថា៖ «ក្នុងន័យ នេះសមាគមមានបេសកកម្មច្បាស់លាស់ធ្វើការផ្សព្វផ្សាយធម្មរាជសារ ឬសារសន្តិអមតភាព បើកបង្ហាញការពិតជាសាកល អនុគ្រោះដល់សាធារណជនទូទៅគ្រប់ជាតិសាសន៍ ដែលចង់ដឹងការពិត “ភ្ញាក់ពីសុបិនមកកាន់ការពិតក្នុងសួននៃសន្តិអមតភាព”»។
ថ្វីបើសមាគមព្យាយាមបំភ្លឺពីជំហររបស់ខ្លួនក៏ដោយ សេចក្តីថ្លែងការណ៍នេះហាក់មានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ ដើម្បីបកស្រាយទៅនឹងការថ្កោលទោសពីសហគមន៍ពុទ្ធសាសនាកម្ពុជា។
លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងអ្នកជំនាញទស្សនវិទ្យានៃ រាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា ក្រុមអ្នកផ្សព្វផ្សាយដែលមានការពន្យល់បកស្រាយទាក់ទងនឹងព្រះពុទ្ធសាស្ដ្រ ហាក់ដូចជាមានការរៀបចំមួយ ដែលមិនដឹងច្បាស់ពីប្រភព ដោយមើលឃើញមានឈុតពណ៌ស កន្សែងពានារ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺមានការៀបចំត្រឹមត្រូវ។
លោក ប៊ុនថង បានថ្លែងថា៖ «មែនទែន ប្រធានបទទាក់ទងសាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងនយោបាយ សុទ្ធតែជាប្រធានបទរសើប។ នៅពេលជំនឿណាមួយដែលចាក់ឫសនៅក្នុងសង្គមរឹងមាំហើយ និងមានមនុស្សជាច្រើនគោរព មានទម្រង់ មានរបៀបជាក់លាក់ហើយ ហើយត្រូវបាននរណាម្នាក់ ឬក្រុមណាមួយយកមកវិភាគ រិះគន់ ខុសពីច្បាប់ដើម ច្បាស់ណាស់ថា វានឹងមានប្រតិកម្ម»។
លោកបានលើកឡើងអំពីបទពិសោធកន្លងមកថា លោក ធាន វុទ្ធី ក៏ទទួលរងនូវការរិះគន់ រួមទាំង ព្រះអង្គច័ន្ទមុនី។ ពួកគេប្រាកដជាមានអ្នកជំនឿដើរតាម និងគោរពប្រណិបតន៍ផងដែរ រួមទាំង គ្រហស្ថ និងបុព្វជិក។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នៅពេលធ្វើការបកស្រាយ ពន្យល់ អត្ថាធិប្បាយ ពាក្យពេចន៍ធ្វើឱ្យប៉ះពាល់ដល់អ្វីដែលគេគោរពកន្លងមក ប្រាកណាស់ វានឹងមានប្រតិកម្មពីបុគ្គល ក្រុម និងស្ថាប័ន។ យើងត្រូវចាំថា សាសនាដើមរបស់ខ្មែរយើង ដែលអ្នកខ្លះនិយាយថា សាសនាជី សាសនាបែបដូនតា ឬព្រលឹងនិយមជាដើម។ ក្រោយមក យើងទទួលយកឥទ្ធិពលព្រហ្មញ្ញសាសនា»។
លោក ប៊ុនថង បានបន្ដថា បន្ទាប់ពីការប្រណិបន៍សាសនាលាយរវាងសាសនាដើម និងព្រហ្មញ្ញសាសនា កម្ពុជាក៏ទទួលយកនូវព្រះពុទ្ធសាសនារហូតដល់បច្ចុប្បន្ននេះ ដែលត្រូវបានរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។
ប្រជាពលរដ្ឋមានសិទ្ធិកាន់លទ្ធិសាសនាទៅតាមជំនឿរបស់បុគ្គលរៀងៗខ្លួន តែមិនធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងជំនឿរបស់អ្នកដទៃ។
លោកថ្លែងថា៖ «ថ្វីដ្បិតតែបុគ្គល ឬក្រុមណាមួយមានសិទ្ធិក្នុងការបកស្រាយអ្វីមួយ តែបើធ្វើអត្ថាធិប្បាយលើអ្វីដែលគេគោរព ប្រាកដណាស់ថា ពួកគេនឹងទទួលរងនូវការឆ្លើយតបក្នុងកម្រិតណាមួយ»។
លោក ប៊ុនថង បានបន្ថែមថា ការប្រណិបតន៍ចម្រុះសាសនាធ្វើឱ្យមានភាពលាយឡំគ្នារវាងសាសនាដើម ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដូចជា ព្រះសង្ឃព្រះពុទ្ធសាសនាសាក់យ័ន្ដព្រហ្មញ្ញសាសនា ប្រោះព្រំ មន្ដអាគមន៍ជាដើម។
លោកបានបញ្ជាក់ថា ថ្វីដ្បិតតែព្រះពុទ្ធសាសនាមាននិកាយពីរ និងត្រូវបានបែងចែកជាធម្មយុត្ដិកនិកាយ និងមហានិកាយចំពោះហិនយាន។ ការបកស្រាយ និងការពន្យល់អំពីសាសនាមានដូចគ្នាខ្លះ ខុសគ្នាខ្លះ តែមិនប៉ះពាល់គ្នា ដោយអ្នកអត្ថាធិប្បាយមិនប្រើពាក្យពេចន៍ឃ្លោងឃ្លាណាដែលមិនធ្វើឱ្យប៉ពាល់ដល់តួអង្គសំខាន់ៗ រួមមាន ព្រះពុទ្ធ ព្រះគុម្ពី ព្រះសង្ឃជាដើម។
ប៉ុន្ដែចំពោះការអត្ថាធិប្បាយវាយប្រហារដល់ព្រះសង្ឃ ព្រះពុទ្ធ គុម្ពីព្រះត្រៃបិដក ប្រាកដណាស់ មហាជន អ្នកមានជំនឿព្រះពុទ្ធសាសនា រួមទាំងស្ថាប័នព្រះពុទ្ធសាសនាក៏មានប្រតិកម្ម។
លោក សាស្ដ្រាចារ្យ អ៊ីន សុផល ជាបណ្ឌិតផ្នែកវិទ្យាសាស្ដ្រនយោបាយមកពីរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា លោកមិនអាចនៅស្ងៀមបាន ព្រោះពួកគេមុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន។
លោកបានឱ្យដឹងថា បាវនាជាតិកម្ពុជាៈ ជាតិ ! សាសនា ! ព្រះមហាក្សត្រ ! គ្មានជនណាអាចរំលោភបំពានបាន ទោះបីអ្នកឯងជានរណា មកពីណា ក៏ត្រូវតែកម្ចាត់ឱ្យចេញផុតពីទឹកដីរបស់ព្រះពុទ្ធ!
លោក សុផល បាននិយាយថា៖ «កូនខ្មែរត្រូវចាំថា មុនពេលបារាំងចូលមកគ្រប់គ្រង ប្រទេសកម្ពុជាត្រូវបានបែងចែកជាពីររវាងអាណ្ណាម និងសៀម។ ពួកគេបានបំផ្លាញមូលដ្ឋានគ្រឹះនៃវប្បធម៌ប្រពៃណីជាតិខ្មែរស្ទើរគ្មានសល់ ប្រជាជនខ្មែរស្ទើរលែងស្គាល់ខ្លួនឯងថាជានរណា»។
លោកបានលើកឡើងពី កញ្ញា ស៊ូសាន ជនជាតិបារាំង បានលះបង់ដ៏ធំធេង ខិតខំព្យាយាមស្វែងរកគម្ពីរសាសនា ប្រពៃណីទំនៀមទម្លាប់ ដែលបានកប់បាត់ទៅហើយនោះ ប្រមូលផ្តុំនិងចងក្រងឡើងវិញ សម្រាប់កូនខ្មែរជំនាន់ក្រោយៗ បានរៀនសូត្រនិងចងចាំពីប្រវត្តិរបស់ខ្លួន។
លោកបានបន្ដថា នៅឆ្នាំ១៩៣០ រាជបណ្ណាល័យត្រូវបានបង្កើតជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាមជ្ឈមណ្ឌលតែមួយគត់របស់កម្ពុជា បានទាក់ទាញនិស្សិតជាច្រើនមកពីរដ្ឋអាណានិគមផ្សេងៗទៀតនៅក្នុងឥណ្ឌូចិន ជាពិសេសជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងដែនដីកូស័ងស៊ីន។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ថា៖ «នៅពេលវប្បធម៌ប្រពៃណីជាតិខ្មែរស្ទើរតែផុតរលត់ទៅហើយនោះ គឺព្រះសង្ឃមានតួនាទីសំខាន់បំផុតក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិខ្មែរឱ្យរស់ឡើងវិញ អប់រំផ្នត់គំនិត និងមនសិការប្រជាជនខ្មែរឱ្យរួបរួមគ្នាកសាងជាតិឡើងវិញ។»
ក្រោយឆ្នាំ១៩២២ ព្រះសង្ឃជួន ណាត និង ហួត តាត បានក្លាយទៅជាជំនួយការដ៏ជិតស្និទ្ធជាមួយលោកល្វីស ហ្វីណូត “Louis Finot” ដែលក្រោយមកគឺជានាយកសាលា (EFEO) និងជាអ្នកត្រួតពិនិត្យមើលលើការបង្រៀនបាលីសំស្ក្រឹត សិក្សាពីប្រវត្តិរបស់ព្រះពុទ្ធ ដ៏ច្បាស់លាស់មួយរហូតឈានដល់ការបោះពុម្ពផ្សាយអត្ថបទព្រះពុទ្ធសាសនានៅកម្ពុជា សម្រាប់ប្រើនៅក្នុងវិទ្យាស្ថានព្រះពុទ្ធសាសនា។
លោក សុផល បានបន្ថែមថា៖ «យើងក៏ត្រូវប្រុងប្រយ័ត្នចចំពោះសង្ឃក្លែងក្លាយ ដែលចូលមកជ្រកក្រោមព្រះពុទ្ធសាសនា ដើម្បីបំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ ជនទាំងនោះហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការបំផ្លាញព្រះសង្ឃខ្មែរ ធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមព្រះសង្ឃដែលមានទឹកព្រះទ័យដ៏ល្អបរិសុទ្ធរបស់ខ្មែរពិតៗ»។
ភ្នំពេញប៉ុស្ដិ៍ មិនអាចសុំការបំភ្លឺលម្អិតពីប្រធានសមាគម ដែលបានហៅខ្លួនឯងថា ព្រះសាស្ដា ឬព្រះពុទ្ធ នោះទេ ដោយសារលេខទូរស័ព្ទទំនាក់ទំនងលើហ្វេសប៊ុក មិនមានអ្នកទទួល។
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស យ៉ាងដាច់អហង្ការចំពោះមេក្រុមសមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។
សេចក្ដីថ្លែងការណ៍បានពន្យល់ថា៖ «ទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ»។
គណៈសង្ឃនាយក បានបន្ដថា៖ «បុគ្គលនេះ មានគំនិតទុច្ចរិត បាននិយាយបកស្រាយបំភាន់ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ ថាជា បុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម»៕