ភ្នំពេញៈ មន្រ្តីអាវុធហត្ថខេត្តតាកែវ ចំនួន៣នាក់ ដែលរួមមានទាំងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តម្នាក់ផង កំពុង​តែត្រូ​វ​បានធ្វើការសាកសួរ នៅបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បន្ទាប់​ពី​ពួ​ក​​គេ​ត្រូ​វបានឃាត់ខ្លួនរួចមក។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង ទៅតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជា​ការ​រង និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ហើយ​ត្រូវ​បា​នប​ញ្ជូ​ន​ទៅ​

សាក​សួរនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្តាល រហូតមកដល់ព្រឹកថ្ងៃសុក្រ ទី៣ ខែមករានេះ។ 


មន្រ្តីអាវុធហត្ថមួយរូបបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រនេះថា៖«គេកំពុងតែបន្តនីតិវិធី សួរនាំ នៅ​អាវុធ​ហត្ថ​ខេត្ត​កណ្តាលនៅឡើយទេ។ មិន​ទាន់​ដឹង​យ៉ា​ងម៉េចនោះទេ ចាំមើលសិន»។ 

មន្ត្រី​អាវុធហត្ថដែលត្រូវបានឃាត់ខ្លួន​ទាំង៣នាក់នោះ មានឈ្មោះ​ លោកវរៈសេនីយ៍ឯក​  ង៉ែត ចាន់ធី មេ​បញ្ជា​កា​ររងអាវុធហត្ថខេត្តតាកែវ, លោកលុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួ​យកា​រការិយាល័យគ្រឿងញៀនខេត្ត។


មន្រ្តីកងរាជអាវុធហត្ថ ដែលទទួលទូរស័ព្ទប្រចាំបញ្ជានៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវមា្នក់ សុំមិនធ្វើអត្ថា​ធិប្បា​យលើ​ក​រណី​​នេះនោះទេ។ 

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងថា មន្ត្រី​នគ​របា​ល​យុត្តិ​ធម៌​នៃ​ក​ងរា​ជអា​វុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើប​អង្កេត​ពាក់ព័ន្ធនឹងបទល្មើស ទៅលើ​នាយទា​ហាននៃកង​រាជអាវុធ​ហត្ថខេត្តតាកែវ ទាំង៣រូបនេះ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ដោយ​មាន​កា​រស​ម្រ​បស​ម្រួ​លពី​តំ​ណាង​អយ្យ​កា។

លោកបានបញ្ជាក់នាថ្ងៃទី២ ខែមករាថា៖«ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះ​ការ​ផ្តល់​ព័​តមា​ន​ជា​សា​ធារ​ណៈ មិនអាចបានទេ។ កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់​ពីអ​នុ​វត្ត​នី​តិ​វិធី​បា​ន​ប​​ញ្ចប់»។

ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤០៦ ករណី។ ក្នុងនោះ មាន​ជន​សង្ស័​យចំ​នួន១​ ១៤៦នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៨៧៦ នាក់។ នេះបើយោងតាមអ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចាកឆ្ងាយពីគ្រឿងញៀន ក៏ដូច​ជាចៀ​សវា​ងនូ​វ​រាល់ស​កម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍”។ 

មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និង​ជួយរា​យកា​រណ៍​ពីប​ទ​ល្មើស​​​គ្រឿង​ញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕