មនុស្ស ២ នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿននៅព្រឹកថ្ងៃទី៣ ខែមករា នេះនៅក្នុងភូមិសាស្ត្រភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រវាងរថយន្តលុចស៊ីស RX300 និងរថយន្តដឹកទំនិញ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត៤ព្រឹក នៅលើកំណាត់ផ្លូវល្បឿនលឿន K39+200 ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមទិន្នន័យពីកាមេរាសុវត្ថិភាព ផ្ដល់ដោយក្រុមហ៊ុនផ្លូវល្បឿនលឿន បង្ហាញថា រថយន្តទាំងពីរធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញដូចគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តម៉ាក់ លុចស៊ីស RX300 ដែលដឹកជនជាតិចិន២នាក់ក៏បានបុកពីក្រោយរថយន្ដដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ិនដាយ។
ហេតុការណ៍នេះបណ្ដាលឲ្យអ្នកបើកបររថយន្ត RX300 ឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ និង អ្នកដំណើរជនជាតិចិនម្នាក់ឈ្មោះ YIN CHAOYANG ស្លាប់នៅនឹងកន្លែង ខណៈដែលអ្នកដំណើរជាជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្តដឹកទំនិញបានរត់គេចខ្លួន។
សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីដោយបានយករថយន្តទាំងពីរទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង៕