វា​អាច​ចាត់​ទុក​ថា​ ជា​ការ​សង្គ្រោះ​ទារក​លើក​ទី១ ប្រចាំ​ឆ្នាំ​២០២៥​នេះ ដែល​ក្រុម​គ្រូពេទ្យ​​មណ្ឌល​សុខភាព​កោះ​កេរ្តិ៍​ ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ បាន​ជួយ​សង្គ្រោះ​ស្ត្រី​អាយុ ១៨ ឆ្នាំ​ម្នាក់ ដែល​បាន​សម្រាល​កូន​អាយុ​ ៧ ខែ​​ កាល​ពី​ថ្ងៃ​ទី២ ខែ​មករា​នេះ។

លោក​ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា នៅ​ថ្ងៃទី២​ ខែ​មករា​ ស្ត្រី​ម្នាក់​ឈ្មោះ ចេន អាន អាយុ​ ១៨​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ម្រេច​ថ្មី​ ឃុំ​ស្រយ៉ង់ ស្រុក​គូលែន បាន​ឈឺ​ពោះ​សម្រាល​កូន​ដំបូង​នៅ​ផ្ទះ​របស់​គាត់​ ប៉ុន្តែ​ផ្ទៃ​ពោះ​របស់​នាង​ទើប​តែ​បាន ២៨​សប្ដាហ៍ ដែល​ស្មើ​នឹង​ ៧ខែ។

ការ​សម្រាល​នេះ​កើត​ឡើង​បន្ទាប់​ពី​ស្ត្រី​រួប​នេះ​​បាន​បត់​ជើង​តូច ហើយ​មាន​អារម្មណ៍​ថា​ឈឺពោះ។  ក្រុម​គ្រួសារ​ក៏​បាន​​ហៅ​គោយន្ត​ដើម្បី​ដឹក​ស្ត្រី​ រូប​នេះ​ទៅ​មណ្ឌល​សុខភាព និង​បាន​រាយការណ៍​ទៅ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ (VHSG)។ ប៉ុន្តែ ដោយ​សារ​ផ្ទះ​របស់​គាត់​នៅ​ឆ្ងាយ​ពេក​ ស្ត្រី​រូប​នោះ​ក៏​បាន​សម្រាល​នៅ​តាម​ផ្លូវ​តែ​ម្ដង។


ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ​ភ្លាម ប្រធាន​មណ្ឌល​សុខភាព​កោះ​កេរ្តិ៍ បាន​បញ្ជូន​រថយន្ត​គិលាន​សង្គ្រោះ​ និង​ឆ្មប​ដើម្បី​ទៅ​ទទួល​ស្ត្រី​នោះ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​លើ​គោយន្ត​តាម​ផ្លូវ។

លោក​ស្រី ឱ វណ្ណឌីន ​បន្ត​ថា ទារក​ដែល​ទើប​កើត​​នេះ មាន​ទម្ងន់​តែ​ ១គីឡូ​ក្រាម​ប៉ុណ្ណោះ ដោយ​សារ​តែ​កើត​មិន​គ្រប់​ខែ។ ក្រោយ​ពេល​បាន​ជួយ​សង្គ្រោះ​ម្ដាយ​និង​ទារក តាម​រយៈ​ការ​ទម្លាក់​ស្បូន និង​សម្អាត​ស្បូន ប្រធាន​មណ្ឌល​សម្រេច​ចិត្ត​បញ្ជូន​ទាំង​ម្ដាយ និង​ទារក ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​ខេត្ត​សៀមរាប​ ដើម្បី​បន្ត​តាម​ដាន និង​ព្យាបាល។


លោកស្រី​ថ្លែង​ថា៖ «ទង្វើ​ដ៏​ល្អ​ប្រពៃ​នេះ​ គឺ​ជា​ការ​បើក​ទំព័រ​ឆ្នាំ​ថ្មី​២០២៥​ ដ៏​ល្អ​ណាស់​ និង​ជា​ការ​បញ្ជាក់​ពី​ទឹក​ចិត្ត​គ្រូពេទ្យ​ចំពោះ​អ្នក​មាន​ធុរ:​ និង​មាន​តម្រូវការ​ជួយ​សង្គ្រោះ​បែប​នេះ​ផង​ដែរ»។

លោក​ស្រី​ក៏​​បាន​កោតសរសើរ​នូវ​ការ​ប្រតិបត្តិ​របស់​ក្រុម​គ្រូពេទ្យ​មណ្ឌលសុខភាព​កោះកេរ្តិ៍ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ និង​មាន​ក្រម​សីលធម៌​ខ្ពស់​ ក្នុង​ការ​ខិតខំ​ជួយ​សង្គ្រោះ​ទាំង​ម្តាយ​ និង​ទារក​ និង​បាន​បញ្ជូន​ពួក​គេ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​ខេត្តសៀមរាប​ ដោយ​សុខ​សុវត្ថិភាព៕