ស្ទឹងត្រែងៈ ឈើ២៨៥សន្លឹក ដែលស្មើនិង៩ម៉ែត្រគូប ត្រូវបានមន្រ្តីឧទ្យានុរក្សបរិស្ថាន និង​មន្រ្តី​យោធា​រក​ឃើញ នៅក្នុងប្រតិបត្តិការ​ចុះបង្រ្កាបបទល្មើសព្រៃឈើ រយៈពេល៤ថ្ងៃ នៅក្នុង​ដែន​ជ​ម្រ​កស​ត្វ​ព្រៃ​ព្រៃ​ឡង់ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ប៉ុន្តែជនល្មើសបានរត់គេចខ្លួនបាត់។ 

ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងបរិស្ថាន និង​យោ​ធាបានសហការគ្នា ចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ការកាប់ឈើ ខុសច្បាប់ ក្នុង​ភូមិ​សាស្ត្រ ឃុំសៀមបូក ស្រុក​សៀមបូក។ 

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ ក្រុមមន្រ្តីបាន ប្រទះ​ឃើញ​ឈើ​ប្រ​​ភេទ​ឈើដួងចែម ដែល​ត្រូវបានកាត់គល់ផ្ដួលរំលំ ចំនួន៣៥គល់ ឈើក្តារ ដែលអារជ្រៀករួច ចំនួន​២៨៥​សន្លឹក ស្មើនិង ចំនួន​៩ម៉ែត្រ​គូប។ នេះបើយោងតាម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃ សុក្រ ទី៣ ខែ​មករា​នេះ។ 


ក្រៅពីនោះ គោយន្តកន្ត្រៃសណ្តោងរឺម៉ក ចំនួន ៣គ្រឿង និងរណាយន្តចំនួន ១គ្រឿងក៏ត្រូវបានរក​ឃើញ​ និង​រឹបអូសផង​ដែរ។ 

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោកស្រេង ជាហេងបានឱ្យដឹងថា ជនល្មើសមិនត្រូវបានចាប់ឃាត់ខ្លួន​បាន​នោះទេ។ ពួកគេ​បានរត់គេចខ្លួនបាត់អស់ ពេលដែលកម្លាំងចុះទៅបង្រ្កាបនោះ។ 


លោកបានបន្តថា ពួកជនល្មើសមកពីទឹកដីខេត្តកំពង់ធំ ដោយឆ្លងព្រំប្រទល់ចូលទឹកដីខេត្តស្ទឹងត្រែង ប្រ​ហែល​ជា១គីឡូម៉ែត្រ ដើម្បី​ប្រព្រឹ​ត្ត​បទល្មើសកាប់ឈើនេះ។ 

លោកបញ្ជាក់ថា៖«ជនល្មើសរត់បាត់ហើយ។ វាមិននៅឱ្យយើងចាប់នោះទេ។ តាមមើលទៅ ឈើ​ដែល​កាប់​នេះ​ គឺស​ម្រាប់យកទៅធ្វើផ្ទះរបស់ប្រជាជន។ ភាគច្រើនអត់មានក្រុមហ៊ុនអីឯណាទេ មានតែធ្វើផ្ទះ។ វត្ថុ​តាង​យើងយកមកបានខ្លះ ដោយសារតែវាឆ្ងាយ»។ លោកបានបន្ថែមថា កម្លាំងជំនាញ នឹងកសាងសំណុំ​រឿង​បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។ 

លោកជាហេង ក៏បានឱ្យដឹងផងដែរថា សំណុំរឿងជាង៧០ករណី ត្រូវបានបញ្ជូនទៅតុលាការ ក្នុង​ឆ្នាំ២​០​២៤​ក​ន្ល​ងម​ក។ ក្នុងនោះ​ ភាគច្រើនពាក់ព័ន្ធទៅនឹងការកាប់រានដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់។  

ប្រតិបត្តិការនេះ ត្រូវបាន ដឹកនាំដោយ លោកវរសេនីយ៍ឯក ហួត សុក្រា នាយសេនាធការរង​យោធភូមិ​ភាគ​ទី១ សហការជាមួយកម្លាំងតំបន់ ប្រតិបត្តិការ សឹករង ស្ទឹងត្រែង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ជិន ហេង នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង និងកម្លាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន នៃ ដែន​ជ​ម្រក​សត្វព្រៃ ព្រៃឡង់ សរុបចំនួន១៣នាក់។ លោក គាន គឹមសាន ប្រធានស្នាក់ការរងអន្លង់ជ្រៃ បានដឹកនាំ​ក្រុម​មន្រ្តីបរិស្ថានចូលរួម​ធ្វើការល្បាតរុករកបទល្មើសនេះ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយ​អនុវត្ត​តាម​បទ​ប​ញ្ជា​របស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១។ 

កាលពីសប្តាហ៍មុន មន្រ្តីឧទ្យានុរក្ស ប្រចាំស្នាក់ការល្បាតវាលពីរ នៃការិយាល័យដែនជម្រកសត្វព្រៃតាតៃ​សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាន​ធ្វើកា​របង្រ្កាប​ការ​ដឹក​ជញ្ជូនវល្លិ៍រមៀត តាមរថយន្តសាំយ៉ុងមួយករណី ដោយខុសច្បាប់ផងដែរ នៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុក​កោះ​កុង ខេត្តកោះកុង។ នេះបើយោងតាម ក្រសួងបរិស្ថាន។

វល្លិ៍រមៀតចំនួន២០បាវ ដែលស្មើនិង១ ៣០០គីឡូក្រាម និងជនសង្ស័យចំនួន២នាក់ ត្រូវបានរឹបអូស និង​ឃាត់​ខ្លួន។ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការវាលពីរ ជាបណ្តោះអាសន្ន ហើយ​ ជន​សង្ស័​យ​ត្រូវបានក្រុមការងារ បញ្ជូនទៅមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕