កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន ៣ នាក់ និងបុគ្គលិកជាជនជាតិខ្មែរ ១៥ នាក់ភាគច្រើនជាស្ត្រី ខណៈដែលនគរបាលជាតិបង្ក្រាបការផ្សព្វផ្សាយល្បែងខុសច្បាប់ឃាត់ខ្លួនមនុស្ស៤នាក់។
ការបង្ក្រាបនៅល្បែងស៊ីសងលួចលាក់ខុសច្បាប់នៅខេត្តកំពង់ស្ពឺ ធ្វើឡើងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង កាលពីថ្ងៃទី១ ខែមករា ដោយឃាត់ខ្លួនជនជាតិចិនជាមេការម្នាក់ និងបុគ្គលិក ២នាក់ និងជនជាតិខ្មែរ១៥នាក់ ភាគច្រើនជាស្ត្រី។ នេះបើតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
កងកម្លាំងរាជអាវុធហត្ថខេត្តប្រមូលភស្តុតាង រួមមានតុសម្រាប់លេងបៀចំនួន ៧ តុហ្គេមបាញ់ត្រីចំនួន ២ សម្ភារៈសម្រាប់លេងបៀ និងកាក់មួយចំនួន។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។
ដោយឡែក អគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនមនុស្ស ៤ នាក់ដែលបានផ្សព្វផ្សាយល្បែងស៊ីសងបំពានការណែនាំរបស់ក្រសួងមហាផ្ទៃ។
ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានលោក ជា ពៅ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មានបង្ហាញកាលពីថ្ងៃទី៣១ ខែធ្នូ។
លោកថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំង៤នាក់តំណាងឲ្យក្រុមផ្សេងៗ ហើយពួកគេបានសារភាពថាបានធ្វើការផ្សព្វផ្សាយមែន។
លោកបន្តថា អ្នកដែលនៅបន្តផ្សព្វផ្សាយរឿងល្បែង កងកម្លាំងអនុវត្តច្បាប់នឹងបង្ក្រាប ហើយសមត្ថកិច្ចក៏នឹងបន្តស្រាវជ្រាវរកទំព័របណ្ដាញសង្គមនានាដែលផ្សព្វផ្សាយរឿងល្បែងគ្រប់ប្រភេទ។ ក្រុមការងារអន្តរក្រសួងនឹងចុះបង្ក្រាបនៅគ្រប់ខេត្តក្រុងទាំងអស់ដែលនៅមានការផ្សាយអំពីល្បែងស៊ីសង។
លោកថ្លែងថា៖ «ឲ្យតែមានអ្នកបង្ហោះនៅលើផេកមួយ គឺថា អនុវត្តវិធានការច្បាប់មួយ បង្ហោះពីរគឺអនុវត្តវិធានការច្បាប់ពីរ។ បើគាត់មិនលុបចេញការផ្សព្វផ្សាយទេ យើងនឹងអនុវត្តច្បាប់ចាប់ពីពេលនេះតទៅ។ នេះក៏ជាសារសម្រាប់អាជីវករទាំងអស់ដែលនៅតែរឹងទទឹង មិនអនុវត្តតាមសារាចរហើយយើងនឹងមិនអនុគ្រោះ ហើយនឹងមិនឱនដែរ»៕