ភ្នំពេញ៖ បុគ្គលដែលបានហៅខ្លួនឯងជា សក្ខី ភគវន្ត ឈ្មោះពិត ថង ប៊ុនថេង បានព្រមទទួលកំហុស និងចេញមុខធ្វើការសុំទោសជាសាធារណៈចំពោះការប្រើប្រាស់ពាក្យពេចន៍ប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា។
ត្រឹមងារវាគ្មិនរបស់សមាគម លោក ថង ប៊ុនថេង ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម ខណៈក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។
ការថ្លែងសុំទោសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកដឹកនាំសមាគមចូលជួបជាមួយរដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ក៏ដូចជាតំណាងក្រសួងពាក់ព័ន្ធនៅល្ងាចថ្ងៃទី២៩ ខែមករា។
លោក ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា កិច្ចប្រជុំរវាងសមាគម ទេវ សក្ខី ភគវន្ត ជាមួយរដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ក៏ដូចជាតំណាងមកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្ដិធម៌ បានចំណាយពេលជាង ៣ម៉ោង។
លោកបានថ្លែងថា៖ «កិច្ចប្រជុំនេះ ចេញជាលទ្ធផល ៣ធំៗ រួមមាន លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបានលើកឡើងកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា»។
លោក ប៊ុនថេង បានថ្វាយបង្គំសុំទោស និងសុំអភ័យទោសចំពោះគណៈសង្ឃទាំងពីរគណៈ ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រទេសនូវកំហុសឆ្គងអចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនា និងព្រះគម្ពីរព្រះត្រៃបិដក។
នៅក្នុងវីដេអូឃ្លីបខ្លី លោក ប៊ុនថេង បាននិយាយថា៖ «ខ្ញុំព្រះករុណា ខ្ញុំបាទ ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត សុំខមាទោសចំពោះសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយរងទាំងពីរគណៈ ព្រះរាជគណៈ ព្រះថេរា ព្រះថេរៈគ្រប់ព្រះអង្គទាំងពីរគណៈទូទាំងព្រះរាជាណាចក្រកម្ពុជា និងសម្ដេចជាថ្នាក់ដឹកនាំ ចំពោះការឆ្គាំឆ្គង លើសលួសដោយពាក្យសម្ដីដែលបានលើកឡើងថា (ព្រះត្រៃបិដកមិនគ្រប់ទឹក) និងពាក្យ (អ្នកបួសជាទម្ងន់របស់អ្នកស្រុក) ឈប់ប្រើសំពត់ពានា សម្រេចលប់វីដេអូណាដែលប៉ះពាល់ទឹកចិត្ដពុទ្ធបរិស័ទ និងព្រះសង្ឃ»។
លោកបានបន្ដថា៖ «ខ្ញុំព្រះករុណា ទូលព្រះបង្គំ សុំតាំងចិត្ដថា នឹងមិនពោលអ្វីដែលប៉ះពាល់ដល់តម្លៃពុទ្ធសាសនារបស់រដ្ឋ ច្បាប់រដ្ឋ និងសង្គមជាតិចាប់ពីពេលនេះតទៅ»។
គួរបញ្ជាក់ថា វីដេអូថ្មីៗនេះ របស់ប្រធានសមាគមទេវ សក្ខី ភគវន្ត បានបញ្ឆេះប្រតិកម្មពីសំណាក់ព្រះសង្ឃ និងពុទ្ធសាសនិក បន្ទាប់ពីលោកបានអះអាងថា ព្រះសង្ឃជា «បន្ទុក» ដល់អ្នកកាន់ព្រះពុទ្ធសាសនា៕