ភ្នំពេញៈ អង្គការជីវិតធម្មជាតិកម្ពុជា (NatureLife Cambodia Organization) និង​ក្រុមហ៊ុនដាវ៉ាន់បានដាក់ឱ្យដំណើរការ នូវ​កម្មវិធី «អង្ករមិត្តក្រៀល»(Crane Rice) នាថ្ងៃពុធ ទី៨ ខែមករានេះ ដើម្បី រួមគ្នា អភិរក្ស​សត្វ​ក្រៀល​ដែល​នៅសេសស​ល់​ចុង​ក្រោយ បង្កើនជីវភាពសហគមន៍ និងជួយទ្រទ្រង់សុខភាពរបស់អ្នកប្រើប្រាស់អង្ករមិត្តក្រៀលផងដែរ។

លោកប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងថា​ការចុះ​អនុ​ស្ស​រ​ណៈ​យោគ​យល់​រ​វាងអង្គការ និងក្រុមហ៊ុនដាវ៉ាន់ គឺជាការចាប់ផ្ដើមការសហការរួមគ្នាមួយ ក្នុងការ​ពង្រី​កទី​ផ្សា​រអ​ង្ក​រមិ​ត្តក្រៀ​ល​នៅ​ថ្នាក់​ជាតិ។

លោកបានថ្លែងក្នុងឱកាសនោះថា៖«ស្រូវមិត្តក្រៀលគឺជាគំនិតផ្តួចផ្តើមដំណោះស្រាយដោយេពឹងផ្អែកលើធម្មជាតិដែលបង្កើតឡើងជាពិសេសសម្រាប់ការចូលរួមអភិរក្សសត្វក្រៀលកុំឱ្យផុតពូជ តាមរយ:ការជំរុញ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសំណាក់សហគមន៍»។ 


លោកបានបន្ថែមទៀតថា ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ចំនួនកសិករស្រូវ​មិត្ត​ក្រៀល​បានកើនឡើងពីចំនួន ៤០ ទៅ ១២0 គ្រួសារ។ 

ចំណែកឯ​ទីជម្រកដែលមានសុវត្ថិភាព​សម្រាប់សត្វក្រៀល​ត្រូវ​បាន​ពង្រីកបន្ថែមពីផ្ទៃដី ២១៩ ហិកតាទៅ ៣៨៦ ហិកតា។ ការកើនឡើងប្រចាំឆ្នាំនៃ​ទិន្នផលស្រូវមិត្តក្រៀល​គឺជា​សក្ខី​ភាព​មួយ ដែលបង្ហាញឱ្យឃើញពីភាពជោគជ័យរបស់គម្រោង។ 


សត្វក្រៀល ដែលមាន​វត្តមាននៅតំបន់ឥណ្ឌូចិន​ ត្រូវបានចាត់ថ្នាក់​ចូលជាប្រភេទ​កំពុង​ទទួល​រងការគំរាម​កំហែង​នៅ​ក្នុងបញ្ជីក្រហមអង្គការIUCN។ លទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣បានបង្ហាញថា សត្វក្រៀលតែ​១៨០ក្បាល​ប៉ុ​ណ្ណោះត្រូវបានកត់ត្រា។ 

អង្គការបានឱ្យដឹងថា ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនរបស់សត្វក្រៀលត្រូវបាន​ថយចុះ​ក្នុងកម្រិតមួយ​ដ៏គួរ​ឳ្យព្រួយបារម្ភ​ដោយ​សារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់របស់សត្វក្រៀល។​

កត្តាគំរាម​កំហែ​ងផ្សេ​ងៗ​​ទៀត​ ដែលកើតមានចំពោះសត្វក្រៀលមានដូចជា ការបាត់បង់ទីជម្រក ការរំខានដល់ការ​ពង​កូន កត្តា​បំពុ​ល​ដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដនៃទឹក និង​កត្តា​បម្រែ​បម្រួលអាកាសធាតុជាដើម។

តំបន់ការពារទេសភាព អន្លង់ព្រីង នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត គឺជាតំបន់ដីសើមដ៏មានសារៈសំខាន់មួយ ស​ម្រាប់​ជួយ​ទ្រ​ទ្រង់​ទៅដ​ល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥ភាគរយ នៃចំនួនក្រៀលដែលមានទាំងអស់ នារ​ដូវមិនបន្តពូជ ចាប់ពីខែធ្នូ ដល់ឧសភា ជារៀងរាល់ឆ្នាំ។ 

ទោះជាយ៉ាងណា សត្វក្រៀល​ដែលមក​រកចំណីនៅ​ក្នុង​និ​ងជុំ​វិញ​​តំបន់ អន្លង់ព្រីងនេះ នៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួនដូចជា ការបំលែងទីជម្រក កង្វះចំណី និង​កត្តាបំពុល ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំគីមីកសិកម្មលើសកម្រិតទៅលើដំណាំ។  

ដើម្បីដោះស្រាយ និង​ឆ្លើយតបទៅនឹងកត្តាប្រឈមទាំងនេះ ក្រសួងបរិស្ថាននិង អង្គការជីវិតធម្មជាតិនៅ​កម្ពុជា​បាន​ផ្តួចផ្តើមបង្កើតគម្រោងស្រូវមិត្តក្រៀលឡើង ក្នុងឆ្នាំ២០១៩ ។ 

លក្ខខណ្ឌចំនួន១២ចំណុច ត្រូវបានកំណត់​​ក្នុង​គ​ម្រោង ​ ដែលធ្វើ​ឡើងដើម្បី​លើក​កម្ពស់​ការចូល​រួម​របស់​កសិក​រមូលដ្ឋា​ន​ ដែល​មាន​ដីស្រែ​ជាប់​តំ​បន់​អន្ល​ង់ព្រីង​ ក្នុង​កា​រអភិ​រក្ស​សត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាពប្រជាជនក្នុងសហគមន៍ផងដែរ។ 

គម្រោងនេះ ជំរុញទៅលើការដាំដុះពូជស្រូវប្រចំាតំបន់ និង ប្រភេទស្រូវ​ដែលក្រៀល​ចូលចិត្តស៊ី​ដោយមិន​ប្រើ​ប្រាស់​ថ្នាំ​គីមីកសិកម្ម ឬជីគីមីកសិកម្មឡើយ។  

កសិករគម្រោងស្រូវមិត្តក្រៀល យល់ព្រមក្នុងការរក្សាទុកស្រូវពី៥ ទៅ៥០ ភាគ​រយ ក្នុងស្រែរបស់ពួកគាត់ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀលនារដូវដែលវាមករកចំណីនៅតំបន់នេះ។ 

កសិ​ករ​ផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឱ្យ​មានតុល្យភាពនៃការ​អ​ភិ​រក្ស​អេកូឡូស៊ី ជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។

អគ្គនាយកក្រុមហ៊ុនដាវ៉ាន់ លោកឆេង មករា បានថ្លែងថា សត្វក្រៀល គឺជានិមិត្តរូបនៃ​មោទនភាព​របស់​ប្រជាជាតិក​ម្ពុជា​ ហើយអង្ករមិត្តក្រៀលទៀតសោតគឺតំណាង នៃគំរូអាជីវកម្ម ដែល​ផ្សាភ្ជាប់​ជាមួ​យបេ​ស​កក​ម្មក្នុ​ង​ការ​អភិ​រក្ស​ប្រភេ​ទ​សត្វ​ដ៏កម្រមួយនេះ»។ 

លោកមានប្រសាសន៍ថា៖«កាលពីរយៈពេលបួនឆ្នាំមុន វាគ្រាន់តែជាក្តីសង្ឃឹមមួយប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃនេះ យើងមាន​មោទ​នភាពចំពោះការសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ក្នុងរយៈពេលមួយរយឆ្នាំទៅមុខ យើង​ចង់​ឱ្យ​កូនចៅជំនាន់ក្រោយមានមោទនភាពចំពោះវត្តមានរបស់សត្វក្រៀល ដូចដែលយើងកំពុងមាននាថ្ងៃនេះដូចគ្នា»។ 

លោកបន្ថែមថា អង្ករមិត្តក្រៀល គឺជាអង្ករម្លិះក្រហមដែលមានគុណភាពល្អ និងផ្តល់ផលប្រយោជន៍ដល់អ្នកបរិភោគ កសិករ និងធម្មជាតិ ពោលគឺជាផលិតផល ដែលស្របតាមគោលការណ៍គ្រឹះទាំងបីរបស់ក្រុមហ៊ុនដាវ៉ាន់។ 

ប្រធានក្រុមកសិករស្រូវមិត្តក្រៀល លោកស្រី ឆេង សុវណ្ណា បានលើកឡើងថា កសិករក្នុងគម្រោង ​បាន ប្តេជ្ញាថា​នឹង​អនុវត្ត​បច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សត្វក្រៀល ពី​ព្រោះក្រៀ​លនាំ​មកនូ​វមោ​ទន​ភាពដ៏អស្ចារ្យសម្រាប់សហគមន៍។

លោកស្រីបានថ្លែងដូច្នេះថា៖«ការគាំទ្ររបស់លោក លោក​ស្រីមិ​នត្រឹ​ម​តែជួយទ្រទ្រង់ដល់សុខភាពផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យជីវភាពរស់នៅរបស់សហគមន៍យើងប្រសើរឡើង និងការពារដល់​សត្វក្រៀល​សម្រាប់​កូន​ចៅជំនាន់ក្រោយផងដែរ»៕