រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា គ្រោងជួបជាមួយស្មៀនឃុំ សង្កាត់ទាំង ១៦៥២ ទូទាំងប្រទេសនាពេលឆាប់ៗខាងមុខដើម្បីស្វែងយល់ពីចំណុចខ្លាំងនិងចំណុចត្រូវកែលម្អ ក៏ដូចជាសំណូមពរឬសំណើផ្សេងៗរបស់ស្មៀន។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមរយៈជំនួបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងទទួលបាននូវព័ត៌មានផ្ទាល់ពីស្មៀនឃុំ សង្កាត់ទាំងអស់អំពីកង្វល់ និងសំណើនានា ដែលអាចជួយឲ្យការផ្ដល់សេវាសាធារណៈរបស់ពួកគេមានភាពប្រសើរឡើង។
លោកថ្លែងថា៖ «បច្ចុប្បន្ន នៅតាមឃុំសង្កាត់មានស្មៀនតែម្នាក់ទេ ហើយការងារសព្វបែបយ៉ាងគឺគាត់រ៉ាប់រងជាមួយប្រជាពលរដ្ឋ ដែលពេលខ្លះធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ជាមួយស្មៀន ប៉ុន្តែ មិនបានដឹងពីទំហំការងាររបស់ស្មៀនទេ។ ពេលខ្លះថ្ងៃបុណ្យ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ បងប្អូនយើងមួយចំនួនថា ស្មៀនអត់នៅការិយាល័យ ហើយនេះជាអ្វីដែលយើងត្រូវរកដំណោះស្រាយ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា វាជារឿងល្អដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួបផ្ទាល់ជាមួយស្មៀនឃុំសង្កាត់ ពីព្រោះវាជាការសន្ទនាគ្នាមួយរវាងអាជ្ញាធរនៅថ្នាក់ជាតិ ជាមួយមន្ត្រីនៅថ្នាក់មូលដ្ឋាន។
វាក៏ជាឱសម្រាប់ស្មៀនលើកឡើងពីកង្វល់ បញ្ហាប្រឈម និងស្នើសុំការអន្តរាគមន៍បន្ថែមដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការងារ។
លោកបន្តថា៖ «ក្រសួងមហាផ្ទៃក៏អាចប្រើប្រាស់ជំនួបជាឱកាសក្នុងការពញ្ញាក់ស្មារតីឲ្យមន្ត្រីស្មៀនទាំងអស់យកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសគឺលើកកម្ពស់ការយល់ដឹងទៅលើការវៀរចាកពីការប្រព្រឹត្តអំពើពុករលួយ ទាំងថវិកាឃុំសង្កាត់ ឬ ការលួចលក់ទ្រព្យសម្បត្តិសាធារណៈ ឬក៏ការឃុបឃិតក្នុងទម្រង់ណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន»។
លោកសង្ឃឹមថា ជំនួបនេះនឹងពង្រឹងដល់គោលការណ៍អភិបាលកិច្ចល្អនៅតាមឃុំសង្កាត់៕