ចាប់ពីឆ្នាំ ២០២៥នេះតទៅ ថ្ងៃទី២៤ ខែកញ្ញា មិនត្រឹមតែជាថ្ងៃឈប់សម្រាកសម្រាប់ទិវាប្រកាសរដ្ឋធម្មនុញ្ញ ប៉ុណ្ណោះទេ មន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញទាំងនៅភ្នំពេញ និងនៅតាមខេត្តទូទាំងប្រទេស។
ការតម្រូវឲ្យមានការរៀបចំ«ពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»នេះ ធ្វើឡើងតាមរយៈសារាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។
សារាចររបស់លោកនាយករដ្ឋមន្ត្រីបានសរសេរថា៖ «គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលត្រូវរៀបចំដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ ដោយឡែក គ្រប់មន្ទីរ អង្គភាពនានា នៅរាជធានីនិងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ តាមទីតាំងនិងលទ្ធភាពជាក់ស្តែង»។
លោកក៏ជំរុញឲ្យគ្រប់ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនចូលរួមផ្សព្វផ្សាយខ្លឹមសាររដ្ឋធម្មនុញ្ញ និងប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញ ដើម្បីបំផុសស្មារតី «គោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ»។
លោក អ៊ូ ចន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានថ្លែងថា លោកគាំទ្រការរៀបចំឲ្យមានការគោរពរដ្ឋធម្មនុញ្ញ ដែលផ្ដល់តម្លៃកាន់តែខ្លាំងដល់ច្បាប់កំពូលរបស់ជាតិ។ លោកបន្តថា ការគោរពរដ្ឋធម្មនុញ្ញនេះ ត្រូវភ្ជាប់ទាំងការអនុវត្តនិងស្មារតី។
លោកបន្តថា៖ «មិនត្រឹមតែបង្ហាញរូបភាពនៃការគោរពទេ ប៉ុន្តែ អនុវត្តទៅតាមរដ្ឋធម្មនុញ្ញឲ្យបានប្រសើរ នោះទើបវាមានតម្លៃគ្រប់គ្រាន់ក្នុងការធ្វើពិធីគោរពរដ្ឋធម្មនុញ្ញនេះ»។
ស្រដៀងគ្នានេះ លោក យង់ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការជំរុញឲ្យមានការគោរពរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលកំពុងធ្វើនេះ ជារឿងត្រឹមត្រូវ ហើយការគោរពនោះ«មិនមែនគ្រាន់តែជាការសម្ដែងមួយពេលទេ»នោះទេ។
លោកបន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ហើយអ្នកនយោបាយ ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់កំពូលនេះឲ្យលើសពីរូបភាព ស្មារតី ពោលគឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នោះទើបការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងសណ្ដាប់ធ្នាប់ល្អ។
លោកបញ្ជាក់ថា៖ «ការបង្កើតឲ្យមានទិវាប្រកាសរដ្ឋធម្មនុញ្ញនិងពិធីគោរពរដ្ឋធម្មនុញ្ញនេះ វាជារឿងដែលយើងសាទរ ព្រោះវាបង្ហាញជារូបភាពអំពីអ្វីទៅជារដ្ឋធម្មនុញ្ញ ហើយការតស៊ូរបស់អ្នកនយោបាយក្នុងការបង្កើតរដ្ឋធម្មនុញ្ញមកហ្នឹងវាយ៉ាងម៉េចខ្លះ។ ប៉ុន្តែ ខ្ញុំសុំគូសបញ្ជាក់ថា គ្រប់អ្នកនយោបាយទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ដែលធានានូវឯកភាពជាតិ សាមគ្គីជាតិ សណ្ដាប់ធ្នាប់សង្គម អធិបតេយ្យជាតិ និងសុខសន្តិភាពជូនប្រជាជាតិ»៕