នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជារកចំណូលពន្ធបានពីល្បែងនៅកាស៊ីណូ និងល្បែងផ្សងសំណាងក្នុងទំហំទឹកប្រាក់សរុបជាង ៦៣ លានដុល្លារ ដែលកើនឡើងប្រមាណ ៨៥ ភាគរយបើប្រៀបធៀបនឹងចំណូលរកបាននៅឆ្នាំ២០២៣។
ក្នុងចំនួនទឹកប្រាក់ជាង ៦៣លានដុល្លារនេះ ទឹកប្រាក់ជាង ៦២,១លានដុល្លារបានពីកាស៊ីណូ និង ជាង១លានដុល្លារបានពីល្បែងផ្សងសំណាង។ នេះបើយោងតាមទិន្នន័យចំណូលពីល្បែងពាណិជ្ជកម្មដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) ប្រមូលបាន។
បច្ចុប្បន្ននេះ កម្ពុជាមានកាស៊ីណូកំពុងប្រតិបត្តិការស្របច្បាប់ជិត ២០០កន្លែងភាគច្រើននៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ វៀតណាម ក្រុងព្រះសីហនុ លើកលែងតែណាហ្គាវើលដ៍ ដែលនៅរាជធានីភ្នំពេញភ្នំពេញ។ នេះបើយោងតាម គ.ល.ក.។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា បើគិតពីទិដ្ឋភាពសេដ្ឋកិច្ច កន្លែងណាដែលជាប្រភពរកចំណូលសម្រាប់ជាតិ សុទ្ធតែជារឿងសំខាន់។
យ៉ាងណាក៏ដោយ លោកថា ដោយសារតែល្បែងស៊ីសងមានផលប៉ះពាល់ច្រើន ការគ្រប់គ្រងទាំងនៅកន្លែងល្បែង អ្នកលេងល្បែង និងប្រភពចំណូល និងការមិនពង្រីកចំនួនកាស៊ីណូថែមទៀត គឺជារឿងចាំបាច់។
លោកក៏ពន្យល់ផងដែរថា ចំណូលពន្ធដែលបានពីល្បែងពាណិជ្ជកម្មជាង ៦៣ លានដុល្លារនេះ មិនបានគិតដល់ផលប៉ះពាល់ផ្សេងៗ។ ជួនកាលការធ្វើតុល្យភាពរវាងចំណូលនិងផលប៉ះពាល់សង្គម ផលចំណេញជាក់ស្ដែងអាចទាបជាងនេះ។
លោកបន្តថា៖ «ដូច្នេះ ចំនួនកាស៊ីណូដែលមានហើយ មិនគួរបន្ថែមទៀតទេ ទោះបីជាល្បែងអនឡាញក៏ដោយ ល្បែងបរទេសមកបើកក៏ដោយ។ ឬមួយក៏ថា បរទេសគ្នាគេមកលេងនៅស្រុកយើងទេ ទោះបីបរទេសគេមកលេងស្រុកយើងក៏ដោយ ផលប៉ះពាល់គឺមកដល់ស្រុកយើងដដែល»។
សម្រាប់ល្បែងផ្សងសំណាងឬឆ្នោត លោក ហុង វណ្ណៈ យល់ថា វាគួរតែជាឆ្នោតរដ្ឋដែលអាចធានាបាននូវភាពត្រឹមត្រូវ និងមិនគួរអនុញ្ញាតឲ្យឯកជន ឬ បរទេសបើកទេ។ ធ្វើដូច្នេះ គឺដើម្បីកុំឲ្យថវិកាហូរចេញទៅក្រៅប្រទេស៕