ភ្នំពេញ៖ នៅក្នុង​​​ការវិវត្តន៍​នៃ​បញ្ញា​សិប្ប​និម្មិត​ (AI) កម្ពុជា​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ពិភាក្សា​អន្តរជាតិ​ស្តីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ការទទួលខុសត្រូវ និង​ការអនុវត្ត​បច្ចេកវិទ្យា​នេះ​ ដោយ​ស្វែងរក​កិច្ចសហការ​ដើម្បី​ធានាថា​អត្ថប្រយោជន៍​ពី​ (AI) ត្រូវបាន​សម្រេច​យ៉ាង​ពេញលេញ​។​

នៅក្នុង​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រី​កម្ពុជាពីរូប ​បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​​ក្នុងការ​ជំរុញ​អភិវឌ្ឍ​ AI ខណៈពេលដែល​ធានាបរិយាប័ន្នភាព​ក្នុង​វិស័យ​អប់រំ និង​អភិបាលកិច្ច​។​

នៅ​ថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់​ដេ​ត បាន​ចូលរួម «កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ញា​សិប្បនិម្មិត» ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ​ជា​ការជួបជុំ​ជា​សាកល​របស់​ប្រតិភូ​ជាង ១៥០០ នាក់​មកពី ១០០ ប្រទេស ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ស្ថាប័ន​សិក្សា​។​


យោង​តាម​ក្រសួង​ប្រៃសណីយ៍ បាន​ឱ្យ​ដឹងថា​៖ «​កិច្ចប្រជុំ​កំពូល​ដែល​បាន​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron មាន​គោលបំណង​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ពិភាក្សា​អំពី​ឱកាស និង​បញ្ហា​ប្រឈម​នៃ​បញ្ញា​សិប្ប​និមិត្ត ដោយ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ប្រាំគឺ​ នវានុវត្តន៍ ​និង​វប្បធម៌ អនាគត​នៃ​វិស័យ​ការងារ បញ្ញា​សិប្បនិម្មិត​ដែល​គួរឱ្យ​ទុកចិត្ត បញ្ញា​សិប្បនិម្មិត​បម្រើ​ប្រយោជន៍​សាធារណៈ និងអភិបាលកិច្ច​កម្រិត​សាកល​លើ​បញ្ញា​សិប្បនិម្មិត​»។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល អ្នកពាក់ព័ន្ធ​បាន​ពិភាក្សា​អំពី​បញ្ហាសំខាន់ៗ រួមមានៈ ការធ្វើ​និយ័តកម្ម​និង​អភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​ដើម្បី​បញ្ចៀស​ភាពអវិជ្ជមាន ធានា​អត្ថប្រយោជន៍ AI គ្រប់​វិស័យ​​ នវានុវត្តន៍​ដើម្បី​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងការ​អភិវឌ្ឍ​ថ្នាល កម្មវិធី និង​ប្រព័ន្ធ​ផ្សេងៗ​មាន​ស្តង់ដា​និង​លក្ខណៈ​បើកចំហរ ការប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ចីរភាព និង​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​​។​


​ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ​ប្រជាជាតិ​ផ្សេងទៀត​បាន​គាំទ្រ​លើ «​សេចក្ដីថ្លែងការណ៍​ស្ដីពី​បញ្ញា​សិប្បនិម្មិត​ប្រកបដោយ​បរិ​យាប​ន្ន​និង​ចីរភាព​សម្រាប់​មនុស្សជាតិ​និង​ភពផែនដី»​។​

ទោះយ៉ាងណា​ក៏ដោយ មិនមែន​អ្នកចូលរួម​ទាំងអស់​ចែករំលែក​ទស្សនៈ​ដូចគ្នា​នោះទេ​។ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​​មិន​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ​ទេ ដោយ​បញ្ជាក់ថា ការអភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និ​មិ្ម​ត​មិនគួរ​មាន​បទ​ប្បញ្ញត្តិ​រិត​ត្បិត​ទេ ពីព្រោះ​ការ​រិត​ត្បិត​នេះ​អាច​នឹង​ក្លាយជា​ឧបសគ្គ​ក្នុង​ជំរុញ​នវានុវត្តន៍ និង​ឈានដល់​ការសម្លាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផងដែរ​។​​

ទោះបី​ជាមាន​ទស្សនៈ​ខុសគ្នា​ទាំងនេះ​ក៏ដោយ ការពិភាក្សា​ក្នុង​​កិច្ចប្រជុំ​កំពូល​បានកំណត់​​ការបន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល អាជីវកម្ម និង​សង្គម​ស៊ីវិល​ក្នុង​ការរៀបចំ​អនាគត​នៃ​បច្ចេកវិទ្យា AI​។​

ទន្ទឹមនឹងនេះ កិច្ចខិតខំ​ប្រឹងប្រែង​ស្របគ្នា​កំពុងដំណើរការ​ដើម្បី​បញ្ចូល AI ទៅក្នុង​កំណែទម្រង់​អប់រំ​របស់​ប្រទេស​។​

កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Olivier Brandouy អគ្គនាយក​នៃ France Éducation International (FEI) នៅ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស​។​

ការពិភាក្សា​របស់​ពួកគេ​ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​ផ្នែក​អប់រំ​រវាង​កម្ពុជា និង​បារាំង ដោយ​ផ្តោត​ជាក់លាក់​លើ​ការអប់រំ AI និង​ឌីជីថល​។​

លោក ណារ៉ុន​ បាន​សរសេរ​នៅលើហ្វេសប៊ុក​​ថា៖ «​ការអប់រំ​ឌីជីថល ក្នុង​កំណែទម្រង់​វិស័យ​អប់រំ ​​អាច​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង Expertise France និង France Education Internationale។ ខ្ញុំ​​បានស្នើ​ឱ្យ​ក្រុមការងារ​ទាំងពីរ​ភាគី​សិក្សា​លើ​កម្មវិធី​បណ្តុះបណ្តាល​នៅ​ឧ​ត្ត​ម​សិក្សា​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត ដើម្បី​បង្កើត​នូវ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុង​ការជំរុញ និង​លើកកម្ពស់​វិស័យនេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព»។

FEI ជា​អង្គការ​របស់​បារាំង​ដែល​គាំទ្រ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​ទូទាំង​ពិភពលោក មាន​គោលបំណង​ផ្តល់​ការបណ្តុះបណ្តាល ការគាំទ្រ និង​ការច្នៃប្រឌិត​ក្នុង​វិស័យ ​ដូចជា ការ​រចនា​កម្មវិធីសិក្សា និង​ការបណ្តុះបណ្តាល​គ្រូ​ជាដើម​។​

ជាមួយនឹង​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ​​​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ឆ្នាំ ២០២៦ ភាពជា​ដៃគូ​សន្យាថា​នឹង​ពង្រឹង​ទាំង​គុណភាព​នៃ​ការអប់រំ​ជា​ភាសា​បារាំង និង​ការបណ្តុះបណ្តាល AI នៅក្នុង​ស្ថាប័ន​កម្ពុជា​។​

​គួរ​កត់សម្គាល់ថា កិច្ចពិភាក្សា​រួមមាន​ផែនការ​បង្កើត​កម្មវិធី​សញ្ញាបត្រ Double Diplôme ​​ត្រូវបាន​ទទួលស្គាល់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង ដែល​អាចជួយ​ផ្សារភ្ជាប់​គម្លាត​រវាង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ទាំងពីរ​។​

លោក ណា​រ៉ុ​ន ក៏បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​បន្ទាន់​ក្នុងការ​រួមបញ្ចូល​ការបណ្តុះបណ្តាល AI សម្រាប់​គ្រូបង្រៀន ដែល​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការសិក្សា​នៅ​ទូទាំងប្រទេស​។​

​លោក​បាន​បន្តថា​៖ «​ការរីកចម្រើន​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​ទូលំទូលាយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​អប់រំ និង​រៀបចំ​កម្លាំង​ពលកម្ម​របស់ខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នៃ​យុគសម័យ​ឌីជីថល​»​។​

លោករដ្ឋមន្ដ្រី​ បាន​និយាយថា លោក​ Brandouy បានលើកឡើង​ពី​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ក្នុងន័យនេះ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្ប​និមិត្ត គឺជា​អាទិភាព​មួយ ដែល​នឹង​ត្រូវបាន​ពិចារណា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង​។​

កម្ពុជា​ត្រូវ​ពង្រឹង​អធិការកិច្ច​របស់ខ្លួន ព្រោះ​អធិការកិច្ច​សាលា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អប់រំ​របស់​ប្រទេស​។​

លោក ណា​រ៉ុ​ន បានថ្លែង​ថា៖ «​ការបណ្តុះបណ្តាល​អធិកា​រ​អប់រំ ការបញ្ចូល​បញ្ញា​សិប្បនិម្មិត​ទៅក្នុង​ការអប់រំ និង​ការបណ្តុះបណ្តាល​គ្រូ​ឱ្យប្រើ​ប្រាស់ AI ប្រកបដោយ​ប្រសិទ្ធភាព គឺជា​កិច្ចការ​បន្ទាន់​ដែល​ត្រូវតែ​ដោះស្រាយ ដើម្បី​ធានា​គុណភាព​នៃ​ការអប់រំ​ស្របតាម​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​»៕