
អគារខ្ពស់ៗក្នុងរាជធានីភ្នំពេញមើលឃើញពីចម្ងាយ។ រូបថត ភ្នំពេញប៉ុស្ដិ៍
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជនចំពោះគុណភាពខ្យល់ និងការសង្ស័យចំពោះទិន្នន័យផ្លូវការ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសន្យាថានឹងពង្រឹងតម្លាភាព និងការអនុវត្តការងារក្នុងការត្រួតពិនិត្យបរិស្ថាន។
ថ្លែងនៅក្នុងពិធីប្រគល់ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ថ្មី (AQMS) កាលពីថ្ងៃអង្គារ លោកបានទទួលស្គាល់ពីការបារម្ភរបស់ប្រជាជន ហើយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការផ្តល់នូវទិន្នន័យបំពុលខ្យល់ត្រឹមត្រូវ និងទាន់ពេលវេលា។
លោក សុផល្លែត បានលើកឡើងពីមន្ទិលសង្ស័យជុំវិញទិន្នន័យនៃការបំពុលបរិយាកាស ដោយសង្កត់ធ្ងន់ថាព័ត៌មានមិនពិតបានបង្កឱ្យមានការភ័យខ្លាច។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងបានជួបប្រទះបញ្ហាជាច្រើនទាក់ទងនឹងគុណភាពខ្យល់។ ប្រជាជនមិនទទួលបានព័ត៌មានពិតអំពីកម្រិតនៃការបំពុលនោះទេ ហើយដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ ជាពិសេសជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ពេលខ្លះនិយាយហួសហេតុការពិត»។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទទួលស្គាល់ការព្រួយបារម្ភរបស់ប្រជាជនកម្ពុជាជុំវិញការបំពុលបរិយាកាស ហើយប្តេជ្ញាផ្តល់ទិន្នន័យដែលអាចទុកចិត្តបាន។
លោកបានបន្ថែមថា៖ «ប្រជាជនព្រួយបារម្ភអំពីសុខភាពរបស់ពួកគាត់ អំពីការបំពុល នោះហើយជាមូលហេតុដែលយើងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់នេះ។ ដូច្នេះសាធារណជនអាចទទួលបានព័ត៌មានពិតតាមបែបវិទ្យាសាស្ត្រ»។
ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ដែលបានដំឡើងថ្មី ក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ទិន្នន័យពេលវេលាជាក់ស្តែងអំពីកម្រិតបំពុលនៅទូទាំងប្រទេសកម្ពុជា។
លោក សុផល្លែត បាននិយាយថា ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ មិនមែនគ្រាន់តែជាគ្រឿងបរិក្ខារប៉ុណ្ណោះទេ។
ពួកវាក៏ជាឧបករណ៍ដ៏មានអានុភាពក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខបរិស្ថានប្រកបដោយប្រសិទ្ធភាព វាយតម្លៃយ៉ាងត្រឹមត្រូវអំពីស្ថានភាពគុណភាពខ្យល់បច្ចុប្បន្ន កំណត់អត្តសញ្ញាណចំណុចក្តៅ និងប្រភពនៃការបំពុល និងតាមដានប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមខ្យល់ស្អាត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនចង់លាក់អីទេពីព្រោះការលាក់បាំងមិនត្រឹមត្រូវទេ។ សាធារណជនមានសិទ្ធិដឹង។ ដើម្បីអាចបម្រើពួកគាត់បានកាន់តែល្អ យើងត្រូវប្រាប់ពួកគេថាមានអ្វីកើតឡើង»។
លោក អ៊ាង សុផល្លែត បានស្នើឱ្យធ្វើការផ្សាយផ្ទាល់លើកម្មវិធីទូរស័ព្ទ (App) របស់កម្ពុជា និងអាស៊ានឧបករណ៍តាមដានគុណភាពខ្យល់ (AQMS) សម្រាប់ប្រជាជនបណ្ដាប្រទេសអាស៊ានទាំងមូលអាចមើលឱ្យដឹងទាំងអស់ កុំឱ្យមានការយល់ច្រលំពីគ្នាទៅវិញទៅមក រួមទាំងការបង្ហាញពីទិសដៅបក់របស់ខ្យល់ដើម្បីងាយស្រួលក្នុងការការពារខ្លួន និងវិធានការសុខភាព។
លោករដ្ឋមន្ដ្រីបានបន្ដថា៖ «ខ្ញុំបានស្នើដល់ភាគីកូរ៉េនូវរូបភាពផ្សាយបន្ដផ្ទាល់ពីផ្កាយរណប ហើយយើងរំពឹងនឹងបានទទួលនូវរយៈពេលប៉ុន្មានខ្មែរខាងមុខនេះ។ ដូច្នេះ យើងអាចមានរូបភាពពីផ្កាយរណប ទិសខ្យល់ និងទំហំគុណភាពខ្យលពុល ដែលអាចឱ្យប្រជាជនដឹងច្បាស់តែម្ដង»។
លោក សុផល្លែត បានថ្លែងកាលពីម្សិលមិញថា គោលដៅគឺផ្តល់ព័ត៌មានពិត លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងលើកទឹកចិត្តឱ្យមានវិធានការការពារខ្លួន។ ក្រសួងចាត់វិធានការដើម្បីធានាថា គុណភាពខ្យល់នៅកម្ពុជានៅតែល្អ ឬប្រសើរឡើង។
លោករដ្ឋមន្ត្រីបានពន្យល់ថា យុទ្ធសាស្ត្រផ្តោតលើការដោះស្រាយលក្ខខណ្ឌដោយយុត្តិធម៌ជាមុនសិន ដោយធានាថា ព័ត៌មានត្រឹមត្រូវត្រូវបានផ្តល់ជូនសាធារណៈជន។
លោកបញ្ជាក់ថា សាធារណជនមានសិទ្ធិដឹងពីគុណភាពគ្រប់យ៉ាង ហើយតួនាទីរបស់ក្រសួងគឺបម្រើសាធារណជន។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន និងការចូលរួមរបស់សាធារណជនក្នុងសកម្មភាព។
គោលដៅគឺដើម្បីផ្តល់នូវទិន្នន័យត្រឹមត្រូវ បង្កើនការយល់ដឹង និងបើកសកម្មភាពសម្របសម្រួល ខណៈពេលដែលកំណត់អត្តសញ្ញាណ និងផ្តល់អាទិភាពដល់ប្រភពបំពុល ដូចជាភ្លើង និងរោងចក្រសម្រាប់សកម្មភាពបន្ថែមទៀត។
លោកបានស្នើប្រជាជនទាញយក App គុណភាពខ្យល់របស់កម្ពុជា ដែលបានផ្សាយបន្ដផ្ទាល់ពីស្ថានីយទាំងជាង ៦០របស់កម្ពុជា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ហើយប្រជាជនមានការប្រុងប្រយ័ត្ន នៅពេលមើលឃើញតំបន់មានប្រែពណ៌ខ្យល់កខ្វក់៕