
ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា កាលពីខែកញ្ញា ឆ្នាំ២០២៤។ រូបថត សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ឃ្លាំង
រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ជាង ២៤ម៉ឺនដុល្លារសម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលជាប់បឹងទន្លេសាបក្នុងខេត្តសៀមរាប។
អ្នកដែលទទួលអនុវត្តគម្រោងនេះគឺសមាគមទឹកស្អាតជនបទកម្ពុជា ដែលនឹងប្រើប្រាស់ថវិកានេះដើម្បីសាងសង់ប្រព័ន្ធចែកចាយទឹកស្អាតប្រមាណ ៨គីឡូម៉ែត្រ ដែលជាថវិកាក្នុងគម្រោងគូសាណិណូ របស់ជប៉ុន។ នេះបើតាមការលើកឡើងរបស់ស្ថានទូតជប៉ុន ដែលបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈនេះ។
យោងតាមការវាយតម្លៃ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះមានបញ្ហាក្នុងការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព ជាហេតុធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យផ្នែកសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកស្អាត។
លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះថា៖ «យើងរំពឹងថាប្រជាជនប្រមាណ ២,៣០០នាក់ ដែលរស់នៅក្នុងតំបន់នេះ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែល នឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ»។
លោកបន្តថា ការផ្គត់ផ្គង់ទឹកជាផ្នែកមួយក្នុងចំណោមវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ចំពោះប្រទេសកម្ពុជា។
លោកថា កាលពីឆ្នាំមុន កម្មវិធីទូរទស្សន៍ឯកសារដ៏ល្បីមួយដែល ផលិតដោយទូរទស្សន៍ NHK ត្រូវបានចាក់ផ្សាយនៅប្រទេសជប៉ុន ដែលកម្មវិធីនោះបានបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ជប៉ុន លើការផ្គត់ផ្គង់ទឹក និងបានគូសបញ្ជាក់ឆន្ទៈដ៏មុតមាំរបស់ លោក ស៊ុន ចាន់ថុល ដែលពីមុនជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើឱ្យមានទឹក ដែលអាចបរិភោគបានទៅដល់ប្រជាជនកម្ពុជា។
គិតចាប់ពីឆ្នាំ១៩៩១ មកគម្រោងគូសាណូណិ របស់ជប៉ុនបានផ្ដល់ជំនួយឥតសំណងប្រមាណ ៧១លានដុល្លារ សម្រាប់គម្រោងនានាដែលអនុវត្តដោយអាជ្ញាធរថ្នាក់មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានគម្រោងសរុបប្រមាណ ៧០០គម្រោងនៅទូទាំងប្រទេស៕