សៀមរាប​៖ ដង​ស្ទឹងសៀមរាប ជា​ស្ទឹង​សិប្បនិម្មិត​ ដែលហូរកាត់​កណ្ដាល​ក្រុង​សៀមរាប នឹង​ត្រូវបាន​កែ​លម្អ​ជាថ្មី​ដើម្បី​ផ្ដល់​ជា​ទីកន្លែង​កម្សាន្ដ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ​។

លោក អ៊ឹង គីមលាង អភិបាលរងខេត្ដសៀមរាប បាន​ថ្លែងថា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ដ​នឹង​ធ្វើ​ការ​ស្ដា​ស្ទឹង​សៀមរាប ក្រោម​កម្ចី​របស់រដ្ឋាភិបាល​កូរ៉េ ដែល​មិន​រង​នូវ​បញ្ហា​ទឹក​ជំនន់​ទៀត​នោះទេ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ អាកាសយានដ្ឋាន​អន្ដរជាតិ​ក្រុង​សៀមរាប ចរាចរ​ការ​ហោះហើរ ២៥​ជើង​ក្នុង​មួយ​ថ្ងៃ ដោយភ្ញៀវ​ទេសចរនៅ​ចុង​ឆ្នាំ​២០២៤ និង​ដើម​ឆ្នាំ​២០២៥ ​មានចំនួន​ចន្លោះ​ពី​មធ្យម​ប្រមាណ ៣​៥០០ ​នាក់​រៀង​រាល់​ថ្ងៃ​។


យ៉ាងណាមិញ លោក គីមលាង ទទួល​ស្គាល់ថា៖ «ទោះបីជាមាន​កំណើ​នភ្ញៀវ​ទេសចរ​យ៉ាងណាក៏ដោយ ក៏​វាមិន​ទាន់​អាច​ឆ្លើយ​តប​ទៅនឹង​ចំនួន​ភ្ញៀវ​កាល​ពីមិន​ទាន់​ជួប​វិបត្ដិ​ជំងឺ​រាតត្បាត​សកល​នោះទេ»។


នៅក្នុង​ការចូលរួម​ចំណែកទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​គោលដៅ​សក្ដានុពល​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ រដ្ឋបាល​ខេត្ដ​សៀមរាប​មា​ន​ផែនការ​កែច្នៃ​ដង​ស្ទឹង​សៀមរាប​ប្រវែង ៧​គីឡូម៉ែត្រជា​រមណីយដ្ឋាន​ទេសចរណ៍​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​គម្រោង​វិនិយោគ​ប្រមាណ ១០​លានដុល្លារ រៀង​រាល់​មួយ​គីឡូម៉ែត្រ​នៃ​ដង​ស្ទឹង​សៀមរាប នឹង​ត្រូវបាន​បង្កើត​សកម្មភាព​ទេសចរណ៍​ប្លែក​ៗ​ខុសពី​គ្នា​។ ប្រសិនបើ​គម្រោង​នេះ​លេច​ជា​រូបរាង​នា​ខាង​មុខ វា​នឹង​អាច​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​លេងកាន់តែ​ច្រើន​»។

ស្ទឹង​សៀមរាប ត្រូវបាន​កែលម្អ​ពីរដង​រួចមកហើយ ដោយ​ដំណាក់កាល​ទី​ពីរ ធ្វើឡើង​នៅ​ខែឧសភា ឆ្នាំ​២០២២ បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៤ ក្រោម​ជំនួយ​របស់​ប្រទេស​កូរ៉េ​។

ការអភិវឌ្ឍន៍​ដំណាក់កាល​ទី​ពីរ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ស្ពាន​ផ្លូវ​ក្រវាត់ក្រុង ឬ​ស្ពាន​គង់​ម៉ុ​ច ទៅដល់​ចុង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដែលមាន​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ដោយ​ការកែលម្អ​មាត់​ស្ទឹង ការសង់​ស្ពានថ្ម​ថ្មី​ចំនួន​៣​ទីតាំង ការស្ថាបនា​ផ្លូវ​បេតុង នៅ​ម្ខាង​ស្ទឹង ការស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ និង​ការស្ថាបនា​ទំនប់​បង្ហៀរទឹក​។​

​គម្រោង​កែលម្អ​ស្ទឹង​នេះ ជាការ​លើកកម្ពស់​សោភ័ណភាព​ស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប និង​ជា​ទំនប់​ការពារ​ទឹកជំនន់​ផងដែរ​។

លោក Matti Kummu មកពី​នាយកដ្ឋានសំណង់​​បរិស្ថាន​​​របស់​សាកលវិទ្យាល័យ Aalto និងលោក Terry Lustig អ្នកស្រាវជ្រាវ​​ឯករាជ្យ​បាន​បោះពុម្ពផ្សាយ​ការស្រាវជ្រាវ​របស់​ពួកគេ «តើ​ស្ទឹង​សៀមរាប​ជា​ទន្លេ​មែន​ទេ​?» ក្នុង​ឆ្នាំ ២០០៥​។​

​បើតាម​ពួកគេ បាន​ឱ្យដឹងថា ស្ទឹង​សៀមរាប ដែល​ដើមឡើយ​ជា​ប្រឡាយ​សិប្បនិម្មិត ត្រូវបាន​សាងសង់​ឡើងដោយមាន​​ប្រភព​ចេញពី​ទន្លេ​ពួក​ក្នុងសម័យ​អង្គរ ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធគ្រប់គ្រង​ទឹក​​ក្នុង​តំបន់​។​

​អ្នកស្រាវជ្រាវ​ បាន​បង្ហាញ​នៅក្នុង​ការ​ស្រាវជ្រាវ​នោះ​ថា៖ «​យូរៗទៅ​ វា​បាន​វិ​វត្ត​ទៅជា​​ទន្លេ​ជាមួយនឹង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្ទាល់ខ្លួន​របស់​វា»។​

​ខណៈដែល​វា​ខ្វះ​តំបន់​ទំនាប​លិច​ទឹកធម្មជាតិ​ដូច​ទន្លេ​ វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ធារាសាស្ត្រ​របស់​តំបន់ ដោយ​ដឹកនាំ​ទឹក​ពី​ភ្នំ​គូលែន​ទៅ​បឹង​ទន្លេសាប​។​

​ទោះបី​ជាមាន​ប្រភពដើមជា​ប្រឡាយ​​សិប្បនិម្មិត​ក៏ដោយ ក៏ស្ទឹង​សៀមរាប​បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​បរិស្ថាន​ក្នុង​តំបន់ ហើយ​ឥឡូវនេះ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ស្ទឹង​​ជាជាង​គ្រាន់តែ​ជា​ប្រឡាយ​៕