ភ្នំពេញ៖ ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​សមាគម​ទេវ សក្ខី ភគវន្ត ចេញពី​បញ្ជី​សមាគម​នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ។

យោងតាម​សេចក្ដីប្រកាស​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ឱ្យដឹងថា​៖​ «សមាគម​ទេវ សក្ខី ភគវន្ដ ត្រូវបានលុបចេញ​ពី​បញ្ជី​សមាគម​នៅក្រសួង​មហាផ្ទៃ តាម​បញ្ញត្ដិ​មាត្រា ៣០ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​»។ 

ការ​លុប​ចេញពី​បញ្ជី​សមាគម​នេះ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់ពី​មានប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​សម្ដេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លងមក​។


កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមករា បុគ្គលដែល​បាន​ហៅខ្លួន​ឯងជា ​សក្ខី ភគវន្ត ឈ្មោះពិត ថង ប៊ុន​ថេ​ង បាន​ព្រម​ទទួល​កំហុស និង​ចេញ​មុខ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ប៉ះពាល់​ដល់​ព្រះសង្ឃ ព្រះ​ត្រៃបិដក និង​ព្រះពុទ្ធសាសនា។

ត្រឹមងារ​​វាគ្មិន​របស់​សមាគម លោក ថង ប៊ុន​ថេ​ង ព្រម​ទទួលស្គាល់​នូវ​កំហុសឆ្គង និង យល់ព្រម​ពោល​ពាក្យ​សុំទោស​ជា​សាធារណៈ​ យល់ព្រម​លុប​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ដែល​ប៉ះពាល់​កន្លងមក ចេញពី​បណ្តាញ​សង្គម​ ខណៈ​ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យមើល​នូវ​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​សកម្មភាព​ប្រតិបត្តិ​របស់​សមាគម​។​


លោក ប៊ុនថេង បាន​សុំ​ទោសជាសាធារណៈ​ចំពោះ​កំហុស​ឆ្គង ​​ដែល​បាន​លើកឡើងថា (ព្រះ​ត្រៃបិដក​មិន​គ្រប់​ទឹក) និងពាក្យ (អ្នក​បួស​ជា​ទម្ងន់​របស់​អ្នកស្រុក​) ឈប់​ប្រើសំពត់​ពានា សម្រេច​លប់​វីដេអូ​ណា​ដែល​ប៉ះពាល់​ទឹក​ចិត្ដ​ពុទ្ធ​បរិស័ទ​ និង​ព្រះ​សង្ឃ​៕