ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​លើ​ទី​សាធារណៈ ១៤​នាក់​ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​កោ​សក់​ និង​ឲ្យ​ហាត់​កីឡា ទុក​ជា​ការ​ព្រមាន។ អ្នក​វិភាគ​សង្គម​ចង់​ឲ្យ​មាន​យុទ្ធសាស្ត្រ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់​ក្មេង​ទំនើង។

បើ​តាម​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្មេង​ទំនើង​ទាំង ១៤​នាក់​នេះ ត្រូវ​បាន​អាវុធហត្ថ​ឃាត់​ខ្លួន​នៅ​រំលង​អាធ្រាត្រ​ថ្ងៃ​ទី៣ ខែមករា​នេះ នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ នៅ​ពេល​ចុះ​ល្បាត​ដើម្បី​បង្ការ និង​បង្រ្កាប​ក្រុម​ក្មេង​ទំនើង​​ដោយ​ឃាត់​ខ្លួន​បាន​ចំនួន ១៥នាក់ (ស្រី១នាក់) ដែល​ធ្វើ​សកម្មភាព​ជាក្រុម បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ​នៅ​ភូមិ​ព្រែក​តារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ។

ពួក​គេ​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​អប់រំ ក្នុង​នោះ​ក្មេង​ទំនើង​១៤​នាក់ ត្រូវ​ដាក់​វិន័យ​រដ្ឋបាល ដោយ​កោ​សក់​ ហាត់​កីឡា លើក​ម៉ូតូ​ដើរ​ក្នង​ទីបញ្ជាការ​ដោយ​ស្រែក​ថា «ខ្ញុំ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ កុំ​យក​តម្រាប់​តាម​ខ្ញុំ។ ពី​ពេល​នេះ​ទៅ ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ហើយ»។ អាវុធហត្ថ​ក៏​បាន​ដក​ហូត​ម៉ូតូ​៧​គ្រឿង រក្សា​ទុក ៣ខែ ​ផង​ដែរ។


ការ​អនុវត្ត​វិធានការ​នេះ ធ្វើ​ឡើង​តាម​បទ​បញ្ជា​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បទ​បញ្ជា​នេះ​តម្រូវ​ឲ្យ​​អាជ្ញាធរ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់។

សម្រាប់​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សា​ទុក​រយៈ​ពេល​បី​ខែ​ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទីមួយ​ និង​ប្រាំមួយ​ខែ​ប្រសិន​បើ​មិន​រាង​ចាល។


លោក ឈត ប៊ុនថង អ្នក​ជំនាញ​ផ្នែក​អប់រំ និង​ទស្សនវិជ្ជា ថ្លែង​ថា ការ​បង្ក្រាប​ក្មេង​ទំនើង​ត្រូវ​ដឹង​ពី​ឫស​គល់​របស់​ពួកគេ និង​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ ទាំង​វិធានការ​ក្ដៅ អប់រំ និង ការ​លើក​ទឹកចិត្ត ហើយ​យុទ្ធសាស្ត្រ​ខ្លះ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​ទំនើង។

លោក​ថា គ្រប់​ប្រទេស​សុទ្ធ​តែ​មាន​ក្មេង​ទំនើង គ្រាន់​តែ​ភាព​ទំនើង​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​អាជ្ញាធរ ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​ក្នុង​នាម​ជា​មនុស្ស​ចាស់ ដែល​ជា​ឪពុក ជាពូ ជា​បង ជាអ៊ំ មិន​អាច​យក​កំហឹង​ ទល់​កំហល់ ឬ​យក​កម្លាំង​បាយ​ទៅ​ដោះ​ស្រាយ​បញ្ហា​ ដើម្បី​ផ្លាស់​ប្ដូរ​ចរិត​របស់​ក្មេង ខ្ញុំ​គិត​ថា​មិន​អាច​ទៅ​រួច​ទេ»។

លោក​បន្ត​ថា៖ «រឿង​កោសក់ រឿង​ធ្វើ​ទារុណកម្ម​ផ្សេងៗ សម្រាប់​ខ្ញុំ​ក្នុង​នាម​អ្នក​សីលធម៌​ផង ខ្ញុំ​យល់​ថា​មិន​ល្អ។ មិន​មែន​ថា ខ្ញុំ​មិន​គាំទ្រ​ទេ តែ​ត្រូវ​ធ្វើ​តាម​ច្បាប់។ ពាក្យ​ថា​ច្បាប់​ មិន​តម្រូវ​ឲ្យ​ប្រើ​អំពើ​ហិង្សា ឬ​ទង្វើ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ដោះ​ស្រាយ​បញ្ហា​មិន​មាន​ប្រសិទ្ធភាព។ ដូច្នេះ គួរ​តែ​បញ្ឈប់​ទៅ​ការ​កោសក់​ ឬ​ការ​ធ្វើ​អី​មួយ​ដែល​ធ្វើ​ឲ្យ​ក្មេង​មិន​ផ្លាស់​ប្ដូរ ហើយ​កាន់​តែ​ខឹង និង​មាន​គំនុំ​ជាមួយ​អាជ្ញាធរ»៕