សហរដ្ឋ​អាមេរិក​ប្រកាស​ដក​ខ្លួន​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (UNHRC) កាត់​ជំនួយ​​សម្រាប់​ទីភ្នាក់ងារ UNRWA និង​ពិចារណា​ក្នុង​ការ​ដក​ខ្លួន​ពី​អង្គការ​UNESCO។

នៅ​ក្នុង​បទបញ្ជា​របស់​លោក ដូណាល់ ត្រាំ ​ដែល​សេតវិមាន​​ទើប​ប្រកាស​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ សហរដ្ឋ​អាមេរិក​នឹង​មិន​ចូល​រួម​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​មិន​ព្យាយាម​សុំ​ការ​បោះ​ឆ្នោត​បញ្ចូល​ក្នុង​ក្រុមប្រឹក្សា​នេះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​បញ្ឈប់​តំណាង​របស់​សហរដ្ឋ​អាមេរិក​នៅ ​UNHRC និង​បញ្ចប់​រាល់​មុខ​តំណែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ក្រុប​ប្រឹក្សា​នេះ។


សម្រាប់​អង្គការ​ UNESCO សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​ឡើង​វិញ​លើ​សមាជិកភាព​របស់​ខ្លួន​ ដែល​ការ​វាយ​តម្លៃ​នេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ហើយ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល ៩០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ចេញ​បទ​បញ្ជា​នេះ។

បទបញ្ជា​របស់​លោក​ ត្រាំ សរសេរ​ថា៖ «ការ​ពិនិត្យ​ឡើង​វិញ​នេះ​រួម​មាន​ការ​វាយ​តម្លៃ​ថាតើ​អង្គការ UNESCO គាំទ្រ​ដល់​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​ដែរ​ឬ​ទេ។ ជា​ពិសេស​ទៀត​នោះ ការ​ត្រួត​ពិនិត្យ​នេះ​នឹង​រួម​មាន​ការ​វាយ​តម្លៃ​ទៅ​លើ​មនោសញ្ចេតនា​ប្រឆាំង​ជនជាតិ​ជ្វីស ឬ​មនោសញ្ចេតនា​ប្រឆាំង​នឹង​អ៊ីស្រាអែល នៅ​ក្នុង​អង្គការ​នេះ»។


សម្រាប់​ទីភ្នាក់ងារ​​ផ្ដល់​ជំនួយ​និង​ការងារ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​ជិត​តំបន់​មជ្ឈិម​បូព៌ា សហរដ្ឋ​អាមេរិក​នឹង​កាត់​ជំនួយ​មូលនិធិ ជំនួយ​ឥត​សំណង ឬ​ការ​ចេញ​ថ្លៃ​អ្វី​ផ្សេង​ទាំង​អស់។ សម្រាប់​ជំនួយ​ដែល​អនុម័ត​រួច​ហើយ​សម្រាប់​ឆ្នាំ​២០២៥​នេះ​ក៏​នឹង​ត្រូវ​ដក​យក​វិញ​ដែរ។

សហរដ្ឋ​អាមេរិក​អះអាង​ថា សមាជិក​ទីភ្នាក់ងារ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ភេរវករ ហើយ​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​ ផង​ដែរ៕