ភ្នំពេញ៖ បញ្ហាដាក់សិស្សបញ្ចូលគ្នា ១ថ្នាក់មានរហូតដល់ទៅ១៤៨នាក់ នៅសាលាបឋមសិក្សាទួលកីនោះ ត្រូវបានដោះស្រាយដោយការទទួលយកគ្រូជាប់កិច្ចសន្យា២នាក់ឱ្យចូលបង្រៀនវិញ ដោយអភិបាលរាជធានីភ្នំពេញ ជាអ្នកផ្តល់ថវិកាឧបត្ថម្ភប្រចាំខែ។
មាតាបិតា និងអាណាព្យាបាលសិស្សបានប្រមូលផ្តុំគ្នានៅសាលាបឋមសិក្សាទួលកី ស្ថិតក្នងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ ក្រោយពីមានការដាក់សិស្សបញ្ចូលគ្នា ក្នុង១ថ្នាក់រហូតដល់ទៅ១៤៨នាក់។
ពួកគាត់បានលើកឡើងថា ការដាក់សិស្សបញ្ចូលគ្នានេះ គឺដោយសារតែខ្វះគ្រូបង្រៀន ក្រោយពីមានការបញ្ឈប់គ្រូជាប់កិច្ចសន្យា។
ស្រ្តីជាអាណាព្យាបាលម្នាក់បាននិយាយថា៖«ពួកខ្ញុំចង់ឱ្យគ្រូ៣នាក់បានមកបង្រៀនសិស្សវិញ។ ដោយសារតែការដកគាត់ចេញ ហើយគាត់អត់មានប្រាក់ខែទេ។ យើងចង់ជួយឧបត្ថម្ភគាត់១ខែ៥ពាន់រៀល...ឥលូវឱ្យកូនចៅហ្នឹងទៅរៀនឯណា ក្នុង១ថ្នាក់ជាង១០០នាក់ បូកចូលគ្នា ទៅជាន់កគ្នារៀនម៉េចទៅ? អង្គុយម៉េចទៅ?»។
ក្រោយពីទទួលបានព័ត៌មាននេះពីការផ្សព្វផ្សាយតាមបណ្តាញសង្គម លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានបានចុះទៅសម្របសម្រួលដំណោះស្រាយបញ្ហាខ្វះគ្រូបង្រៀននេះ នាថ្ងៃដដែលនោះ។
យោងតាមកំណត់ហេតុពីកិច្ចប្រជុំដោះស្រាយបានឱ្យដឹងថា មូលហេតុ ដែលធ្វើឱ្យចំនួនសិស្សកើនច្រើន ជាពិសេសថ្នាក់ទី១ និងថ្នាក់ទី២ មានចំនួន ១៤៨នាក់ក្នុង១ថ្នាក់នោះ គឺសាលា មានសិស្សសរុបរហូតដល់ទៅ៩២៨នាក់ ដែលចែកជា ១៣ថ្នាក់។
ចំណែកឯ គ្រូបង្រៀនក្របខណ្ឌមានចំនួន៨នាក់, គ្រូបង្រៀន២ពេលមាន៣នាក់ និងគ្រូបង្រៀនចូលនិវត្តន៍មានចំនួន២នាក់។
ស្ថានភាពនេះ សាលា ត្រូវការគ្រូបង្រៀន២នាក់បន្ថែមទៀត។ ករណីនេះ សាលាបានប្រើប្រាស់គ្រូកិច្ចសន្យាចំនួន២នាក់បន្ថែមទៀតរយៈពេល៣ខែរួចមកហើយ គិតចាប់ពីដើមឆ្នាំសិក្សា២០២៤-២០២៥ ដោយសាលាយល់ឃើញថា ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងមុខងារសាធារណៈ និងផ្តល់គ្រូនៅដើមឆ្នាំនេះ។
ប៉ុន្តែផ្ទុយទៅវិញ ក្របខណ្ឌដែលក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ផ្តល់ឱ្យសាលាបឋមសិក្សាទួលកី ទទួលបានតែគ្រូបង្រៀន២ពេល ចំនួន៣នាក់តែប៉ុណ្ណោះ។
កំណត់ហេតុបញ្ជាក់ថា ចំពោះក្របខណ្ឌគ្រូកិច្ចសន្យា ដែលសាលាបានស្នើសុំចំនួន២នាក់ សាលាពុំទទួលបានតាមការស្នើសុំឡើយ។
នេះជាហេតុធ្វើឱ្យសាលាសម្រេចចិត្តបង្រួមថ្នាក់ទី១ និងថ្នាក់ទី២ បញ្ចូលគ្នា ដែលបណ្តាលឱ្យចំនួនសិស្សកើនឡើង ច្រើនក្នុងថ្នាក់នីមួយៗ ប៉ះពាល់ដល់ដំណើរការបង្រៀន និងរៀន។
បន្ទាប់ពីទទួលបានអនុសាសន៍ ពីអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ចំពោះបញ្ហាខ្វះគ្រូបង្រៀននៅសាលាបឋមសិក្សាទួលកីនេះ លោកអភិបាលបានស្នើសុំឱ្យគ្រូកិច្ចសន្យា២នាក់ ដែលសាលាបាន បញ្ឈប់ ឱ្យគាត់ចូលបង្រៀនធម្មតាវិញ។ ចំពោះថវិកាឧបត្ថម្ភប្រចាំខែ លោកអភិបាល និងចាត់ចែងដោះស្រាយជូន។
ក្រសួងអប់រំ ក៏បានបំភ្លឺជូនសាធារណជនផងដែរថា ការដាក់សិស្សបញ្ចូលគ្នានេះ គឺដោយសារតែ សាលាមានគ្រូបង្រៀន២នាក់ ត្រូវចូលនិវត្តន៍ ដែលបានធ្វើឱ្យសាលាខ្វះគ្រូ។
គណៈនាយកសាលាបានចាត់វិធានការដោះស្រាយជាបឋម ដោយដាក់សិស្សបញ្ចូលគ្នា២ថ្នាក់មកធ្វើជាមួយថ្នាក់ ដើម្បីឱ្យសិស្សទាំងអស់អាចមានលទ្ធភាពមករៀនបាន។
ប៉ុន្តែការធ្វើបែបនេះ ជាការដោះស្រាយមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ទម្រាំសាលារកគ្រូបង្រៀនថ្មី មកជំនួសបាន។
ក្រសួងបញ្ជាក់ថា៖«ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ ស្នើសុំ សាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនទម្រាំមានគ្រូថ្មីមកជំនួស។ ចំពោះប្រាក់ឧបត្ថម្ភ ឯកឧត្តមនឹងចាត់ចែងដោះស្រាយជូនដល់ពួកគាត់។ ករណីនេះ សាលាបានចាត់ចែងដោះស្រាយរកគ្រូបង្រៀន មកជំនួសបានរួចរាល់ហើយ»។
ក្រុមការងាររបស់មន្ទីរអប់រំ និងគណៈអភិបាលខណ្ឌកំបូលបានប្រជុំផ្សព្វផ្សាយដល់មាតាបិតាសិស្ស អ្នកអាណាព្យាបាលសិស្ស ឱ្យមានភាពស្ងប់ស្ងាត់ និងយកកូនពួកគាត់មករៀនជាធម្មតាវិញ៕