សៀមរាប៖ ទន្លេមេគង្គ ជា​ធនធាន​ដ៏​សំខាន់​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ចិញ្ចឹមជីវិត​មនុស្ស​រាប់លាន​នាក់​។​

​វិស័យ​ជលផល​បាន​​ផ្តល់នូវ​អាហារ និង​ប្រាក់ចំណូល​ដ៏​សំខាន់ ប៉ុន្តែ​សម្ពាធ​កើនឡើង​ពី​នគរូបនីយកម្ម ទំនប់ទឹក និង​ប្រព័ន្ធធារាសាស្ត្រ​បាន​រំខាន​យ៉ាងខ្លាំង​ដល់ជីវសាស្ដ្រ​នៃ​ការធ្វើ​ចំណាកស្រុក​របស់​ត្រី​។​

ជាការ​ឆ្លើយតប អូស្ត្រាលី និង​បណ្តា​ប្រទេស​អាស៊ាន ជាពិសេស​នៅតាម​ដង​ទន្លេមេគង្គ​ បានចាប់ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​មួយ ផ្តោតលើ​ការស្ដារ​ឡើងវិញ​នូវ​ផ្លូវ​ធ្វើបំលាស់ទីរបស់​ត្រី​ តាមរយៈ​ផ្លូវត្រី ឬ​ជណ្ដើរ​ត្រី​​ ដែល​អនុញ្ញាតឱ្យ​ត្រី​ឆ្លងកាត់​ទំនប់ និង​របាំង​ផ្សេងៗ​ទៀត​។​


សន្និសីទ​លើកទីពីរ​ស្ដីពី​ជណ្ដើរ​ត្រី​នៅតំបន់​ទន្លេមេគង្គ​ក្រោម ឆ្នាំ​២០២៥​ ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៥ បានចែករំលែកនូវ​ចំណេះដឹង​ក្នុង​ចំណោម​ក្រុម​អ្នក​ស្រាវជ្រាវ និងបណ្ដា​ប្រទេស​នីមួយៗ​ដើម្បី​អនុវត្ដ​​​គំនិត​ផ្តួចផ្តើម​នេះ​។​

ឧបត្ថម្ភ​តាមរយៈ​ភាពជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី ដោយ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម (DFAT) គម្រោង​នេះ​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឡាវ និង​កម្ពុជា​។​


ទិដ្ឋភាពពីលើអាកាសនៃជណ្ដើរត្រីស្លែង។ រូបថត ACIAR

សព្វថ្ងៃនេះ វា​បាន​​​រួមបញ្ចូល​វៀតណាម និង​ថៃ ជាមួយនឹង​ផែនការ​បន្តទៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ដោយ​ពង្រឹង​ភាពជា​ដៃគូ​អាស៊ាន​-​អូស្ត្រាលី សម្រាប់​ការគ្រប់គ្រង​ជលផល​ប្រកបដោយ​ចីរភាព​។​

​លោក Derek Yip ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បានលើកឡើងថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​បន្ត​ក្នុងការ​ការពារ​សន្តិសុខ​ស្បៀង និង​ការលើកកម្ពស់​ជីវចម្រុះ​។​

លោកបានថ្លែង​ថា៖ «​​អាស៊ាន​មាន​សកម្មភាព​ជាពិសេស​នៅក្នុង​អនុតំបន់​មេគង្គ រួមទាំង​តាមរយៈ​គម្រោង​ចំនួន ១៩ នៅទីនេះ ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ជួយនាំយក​​ចំណេះដឹង​ថ្មីៗ ការច្នៃប្រឌិត​បច្ចេកវិទ្យា និង​សមត្ថភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ»។​

​ការ​សង្កត់ធ្ងន់​របស់​លោក​លើ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ព្រំដែន​ក្នុង​តំបន់ គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម និង​ឱកាស​រួមគ្នា​នៅក្នុង​ទន្លេមេគង្គ ដែល​ជលផល​ប្រកបដោយ​និរន្តរភាព​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​រាប់លាន​នាក់។

គោលដៅ​ចម្បង​មួយ​​​នៃ​គម្រោង​ទាំងនេះ​គឺ​ដើម្បី​ធានាថា ​ការអភិវឌ្ឍន៍​មិន​រារាំង​ដល់​ជីវសាស្ដ្រ​​របស់​ត្រី និង​ជីវចម្រុះ​។​

​លោក Yip បានលើកឡើង​​ពី​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​មកកាន់​តំបន់​បឹង​ទន្លេសាប​នៅ​កម្ពុជា ដែល​លោក​បាន​សង្កេតឃើញ​តុល្យភាព​រវាង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ការអភិរក្ស​បរិស្ថាន​។​

លោក​បានឱ្យដឹង​ថា​៖ «​​ខ្ញុំ​បាន​មើលឃើញ​ពី​របៀប​​អាទិភាព​ប្រកួតប្រជែង​ ដូចជា​ ការគ្រប់គ្រង​ទឹកជំនន់ និង​ការធានា​​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​មាន​សារៈសំខាន់​សម្រាប់​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជនទាំង​​នៅ​​ក្នុងប្រទេស​កម្ពុជា និង​ទូទាំង​ទន្លេមេគង្គ»​។​

អ្នកស្រី Wendy Umberger នាយកប្រតិបត្ដិ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានថ្លែងនៅក្នុងសន្និសីទលើកទីពីរស្ដីពីជណ្ដើរត្រីនៅតំបន់ទន្លេមេគង្គក្រោម ឆ្នាំ២០២៥ នៅក្រុងសៀមរាបថ្ងៃទី៥ ខែកុម្ភៈ។ រូបថត ហុង រស្មី

នាយក​ប្រតិបត្តិ​របស់ ACIAR លោកស្រី​ Wendy Umberger បាន​សង្កត់ធ្ងន់ថា ជណ្ដើរ​​ត្រី​គឺជា​ដំណោះស្រាយ​ដ៏​សំខាន់​មួយ​សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​វា​រី​អគ្គិសនី​។​

​លោកស្រី​បាន​និយាយថា៖ «​ជណ្ដើរ​​ត្រី​គឺជា​ដំណោះស្រាយ​ដែល​បង្ហាញឱ្យឃើញ​សម្រាប់​ការកាត់បន្ថយ​ផលប៉ះពាល់​​នៃ​ការអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ ការធានា​ចំនួន​បរិមាណ​​ត្រី​ដែលមាន​សុខភាព​ល្អ និង​ការ​ផ្តល់នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​យូរអង្វែង​សម្រាប់​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ទន្លេ​»។​

ចាប់តាំងពី​ឆ្នាំ ២០១០​ ACIAR បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់ ស្ថាប័ន​ស្រាវជ្រាវ និង​សហគមន៍​ក្នុងប្រទេស​ឡាវ និង​កម្ពុជា ដោយ​ជួយ​ស្ដារ​ចំនួន​បរិមាណ​ត្រី​សំខាន់ៗ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​។​

កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​សាងសង់​ជណ្ដើរ​ត្រី ដោយ​ចំនួន​បួន​បាន​សាងសង់​រួចហើយ ដែល​ក្នុងនោះ​មាន​ពីរ​នៅ​សៀមរាប មួយ​នៅ​កំពង់ឆ្នាំង និង​មួយទៀត​ជិត​រួចរាល់​នៅ​កំពង់ស្ពឺ​។​

​លោក ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា​បានទទួល​ស្គាល់​តួនាទី​សំខាន់​របស់​ជណ្ដើរ​ត្រី​ក្នុង​ការស្តារ​ការធ្វើ​ចំណាកស្រុក​របស់​ត្រី​ឡើងវិញ​។​

នៅពេល​មិន​ទាន់​ការ​អភិវឌ្ឍ​ទំនប់​ ប្រព័ន្ធធារាសាស្ដ្រ ត្រី​ចរាចរណ៍​ទៅតាមលក្ខណៈ​ជីវសាស្ដ្រ​​របស់វា​។​

ប្រជាសហគមទទួលបានអត្ថប្រយោជន៍ទិន្នផលត្រី ក្រោយការកសាងជណ្ដើរត្រីស្លែង។ រូបថត ACIAR

លោក សាវឿន បាន​ថ្លែងថា​៖ «​ប៉ុន្ដែនៅពេល​មានការអភិវឌ្ឍ​ ត្រី​មិន​អាច​ធ្វើការ​បំលាស់ទី​ពងកូន​តាម​ជីវសាស្ដ្រ​របស់​វាបាន​។ ដូច្នេះ ការ​សាងសង់​ជណ្ដើរ​ត្រី​ បាន​ផ្ដល់​ឱកាស​ឱ្យ​ត្រី​ត្រឡប់​ទៅកាន់​ទី​កន្លែង​ពង​កូន»។

លោក​ទទួល​ស្គាល់ថា ទិន្នផលត្រីធម្មជាតិ​​រងផលប៉ះពាល់​ពីកត្ដា​កាប់​បំផ្លាញ​ព្រៃលិចទឹក បម្រែ​បម្រួល​អាកាស​ធាតុ និង​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ក៏ដូចជា​ការ​សាងសង់​ទំនប់ធារាសាស្ដ្រ និង​​វារី​អគ្គិសនី​ ដែល​ធ្វើ​ឱ្យ​ត្រី​មិន​អាច​ត្រឡប់​ទៅកន្លែង​ពង​កូន​ ឬ​រក​ចំណី​របស់​វា​»។

ភាពជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​ឥឡូវនេះ​បាន​ពង្រីក​ទៅដល់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដោយ​ប្រទេស​នានា​នៅ​ទូទាំង​អនុតំបន់​មេគង្គ​ក្រោម​កំពុងធ្វើការ​ដើម្បី​រួមបញ្ចូល​ដំណោះស្រាយការ​បំលាស់ទី​របស់​ត្រី​ទៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​។​

លោកស្រី Umberger បានកត់សម្គាល់​ថា ​បទ​ពិសោធន៍​ក្នុង​តំបន់​បានផ្តល់​ការយល់ដឹង​ដ៏​មានតម្លៃ​សម្រាប់​ការធ្វើ​មាត្រដ្ឋាន​ដំណោះស្រាយ​ទាំងនេះ​ឆ្លងកាត់​ព្រំដែន​។​

លោកស្រី បានថ្លែងថា​៖ «​​វិធីសាស្ត្រ​របស់​យើង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការពង្រីក​ការច្នៃប្រឌិត​តាមរយៈ​ភាពជា​ដៃគូ និង​ការវិនិយោគ​ដែល​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា»​។​

សម្លឹងមើល​ទៅមុខ កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់​នេះ​នឹង​ពង្រីក​បន្ថែមទៀត ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​រៀបចំ​បើក​ដំណើរការ​ជណ្ដើរ​ត្រី​ដំបូង​របស់ខ្លួន​នៅ​ជិត​ទីក្រុង​ហ្សា​ការតា ​ក្នុង​ខែមេសា ឆ្នាំ ២០២៥​។​

លោកស្រី Umberger បាន​គូសបញ្ជាក់ថា ការរួមបញ្ចូលជណ្ដើរ​​ត្រី​ទៅក្នុង​ផែនការ​ថ្នាក់​តំបន់ ជួយ​ការពារ​ការខូចខាត​អេកូឡូស៊ី​នៅ​ទូទាំង​អាង​ទន្លេមេគង្គ​ក្រោម ការពារ​ជលផល​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​ស្បៀង និង​ប្រាក់ចំណូល ព្រមទាំង​ពង្រឹង​ភាព​ធន់​នឹង​សហគមន៍ និង​និរន្តរភាព​បរិស្ថាន​។​

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ACIAR បាន​គាំទ្រ​សាកលវិទ្យាល័យ Charles Sturt និង​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជា​ដៃគូ​នៅក្នុង​តំបន់​មេគង្គ ដើម្បី​ស្តារ​បរិមាណ​​ត្រី​ឡើងវិញ​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​រួមបញ្ចូល​ទាំង​ការអភិវឌ្ឍន៍ជណ្ដើរ​​ត្រីផង​ដែរ​​។​

ដោយមាន​ការជួយជ្រោមជ្រែង​នេះ ជណ្ដើរ​​ត្រី​ចំនួន ៨ ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​។ ជណ្ដើរ​ត្រី​​​ទាំងនេះ​អនុញ្ញាតឱ្យ​ត្រី​ទឹកសាប​ឆ្លងកាត់​របាំង ​ដូចជា​ ទំនប់ និង​វារីអគ្គិសនី​ ដែល​អនុញ្ញាតឱ្យ​ពួកវា​បន្តធ្វើ​ចំណាកស្រុក​​ ពង​​កូន និងរក​ចំណី​។​

​លោក​ Lee Baumgartner អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Charles Sturt (CSU) ដែល​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ដែល​ផ្តល់​មូលនិធិ​ដោយ ACIAR ចាប់តាំងពី​ឆ្នាំ ២០១០​ បាន​និយាយថា៖ «​​តុល្យភាព​​​តម្រូវ​ការ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាមួយនឹង​សុខភាព​​ប្រព័ន្ធ​អេកូឡូស៊ី​គឺមាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់​សម្រាប់​អាង​ទន្លេមេគង្គ​»។​

លោកបន្ដថា​៖ «​​សន្និសីទ​នេះ​ផ្តល់ឱកាស​សហការ​សម្រាប់​ការចែករំលែក​ការយល់ដឹង និង​ការពង្រឹង​ភាពជា​ដៃគូ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​និរន្តរភាព​ជីវភាព​រស់នៅ​របស់​ម​នុស្ស​រាប់លាន​នាក់​ដែល​ពឹង​ផ្អែកលើ​ទន្លេមេគង្គ»៕