រដូវ​ក្តៅ​និង​ការ​កើន​ឡើង​នូវ​កំហាប់​ក្លិន​ស្អុយ​នៃ​ទឹក​ស្អុយ​ គឺជា​កត្តា​ដែល​បង្ក​ឲ្យ​មូស​អង្កាម​រីក​លូត​លាស់​បង្ក​បង្កើត​កូន​ចៅ​បាន​យ៉ាង​លឿន។ ខណៈ​ដែល​មូស​អង្កាម​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ឲ្យ​ប្រុង​ប្រយ័ត្ន​មូស​ខ្លា​ដែល​បង្ក​ជំងឺ​គ្រុន​ឈាម។

ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​មូស​អង្កាម ដែល​មាន​ចំនួន​ច្រើន​ខុស​ពី​ឆ្នាំ​មុនៗ និង​បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​ចាត់​វិធានការ​ដូចជា​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​ជា​ដើម។

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​មូស​អង្កាម​នេះ​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ ដែល​ផ្តល់​លទ្ធភាព​ក្នុង​ការ​បង្កាត់​ពូជ ការ​កកើត​មូស និង​បំលាស់​ទី​នៃ​មូស រួម​ជាមួយ​និង​និន្នាការ​នៃ​កើន​ឡើង​ចំនួន​មូស​ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង​ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា។


លោក​​បន្ត​ថា លោក​បន្ត​ថា ចំនួន​មូស​អង្កាម​អាច​ថយ​ចុះ​នៅ​ពេល​មាន​ចរន្ត​ទឹក​ថ្មី​ដែល​នឹង​កាត់​បន្ថយ​កំហាប់​ទឹក​ស្អុយ។

លោក​ថ្លែង​ថា៖ «ក្រសួង​សុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​បាន​សហការ​ព្យាយាម​បាញ់​ថ្នាំ​មូស​ជា​បន្ត​បន្ទាប់ ​តែ​សត្វ​មូស​កើត​ថ្មី​លឿន​ដោយ​សារ​កំហាប់​ទឹក​ស្អុយ»។


លោក​ស្នើ​សុំ​ឲ្យ​សាធារណជន​ ចូលរួម​កាត់​បន្ថយ​ទឹក​ដក់​ស្អុយ ឬ​បាញ់​ទឹក​ចូល​កន្លែង​ទឹក​ដក់​ស្អុយ​ ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​កកើត​មូស​បាន​ច្រើន។

អង្កការ​យូនីសេហ្វ​ក្រើន​រំឭក​ឲ្យ​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​ជំងឺ​គ្រុនឈាម។ UNICEF

លោក​បន្ត​ថា៖ «មូស​អង្កាម​ចូល​ចិត្ត​ខាំ​នៅ​វេលា​យប់ ប៉ុន្តែ​វា​មិន​មែន​ជា​មូស​ខ្លា​បង្ក​គ្រុន​ឈាម ឬ​គ្រុន​ឈីក​នោះ​ទេ។ ពេល​ព្រលប់​ សូម​ចូល​មុង ឬ​កុំ​អង្គុយ​ស្ងៀម​នៅ​​មួយ​កន្លែង ដែល​នេះ ជា​វិធី​បង្ការ​មិន​ឲ្យ​មូស​ខាំ​បាន។ យើង​សហការ​គ្នា​ធ្វើ​អនាម័យ​បរិស្ថាន​បាន​ស្អាត ដើម្បី​សុខភាព​ទាំង​អស់​គ្នា»។

លោក លី សូវ៉ាន់ ក៏​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ និង​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​ផ្ទុះ​ឡើង​នៅ​ក្នុង​សហគមន៍ តាម​រយៈ​ការ​បំផ្លាញ​ជម្រក​មូស​ខ្លា។

វិធានការ​បង្ការ​ទាំង​នោះ​រួម​មាន​ការ​បំផ្លាញ​ប្រភព​បង្ក​ឲ្យ​​មាន​ដង្កូវ​ទឹក​ដែល​វិវត្ត​ទៅ​ជា​មូស​ខ្លា ដូច​ជា​របស់​ដែល​ដក់​ទឹក ឬ​ ព្រៃ​ស៊ុបទ្រុប​នៅ​ក្បែរ​ផ្ទះ។

ករណី​មាន​រោគ​សញ្ញា​ក្ដៅ​ខ្លួន លោក​ជំរុញ​ឲ្យ​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ​ព្យាបាល​សាធារណៈ​ឲ្យ​បាន​មុន​រយៈ​ពេល ៤៨​ម៉ោង និង​កុំ​ព្យាយាម​ព្យាបាល​ជំងឺ​នេះ​ដោយ​ខ្លួន​ឯង ឬ​ទៅ​ព្យាបាល​រក​សេវា​ព្យាបាល​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈាម។

នៅ​ក្នុង​ឆ្នាំ២០២៤ ​ករណី​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន​សរុប ១៨ ៩៨៧ នាក់ ថយ​ចុះ ៤៦​ភាគរយ​ និង​មាន​ករណី​ស្លាប់​ចំនួន​ ៤៦​នាក់ ថយ​ចុះ​ជាង​ឆ្នាំមុន​ចំនួន​ ៥៣ នាក់​ ៥៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣។ 

ក្នុង​ឆ្នាំ​២០២៣ ករណី​ជំងឺ​គ្រុនឈាម​មាន​ចំនួន​ ៣៥ ៣៩០ នាក់ និង​ចំនួន​អ្នក​ស្លាប់​ចំនួន ៩៩នាក់៕