ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​​ផ្តួចផ្តើម​​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ពីប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» ប្រព័ន្ធ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ រួមទាំង​​ការ​នាំចូល ​និង​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស ក៏ដូចជា​​ឱសថ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩។

គំនិត​ផ្ដួចផ្ដើម​លើ​ការ​អភិឌ្ឍ​ន៍​វិស័យ​បច្ចេកវិទ្យា​នេះ បាន​ជំរុញ​ឱ្យ​ក្រសួង​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​រហូត​ដល់​យុទ្ធសាស្ដ្រ​ថ្នាក់​ជាតិ​ធំៗ​ចំនួន​ ៤​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ថា​៖ «​​ពី​ឆ្នាំ​២០២០-២០២៤ ក៏​ជា​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​បានអនុម័ត​ឯកសារ​សំខាន់ៗ​ចំនួន​៤ គឺ «​ក្របខណ្ឌ​គោលនយោ​បាយ​​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥» «​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល​កម្ពុជា ២០២២-២០៣៥» «​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០» និង «​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​»។


លោក​បាន​លើកឡើងពីសមិទ្ធផល​សំខាន់​ៗ​ក្នុង​ពិធី​បើក​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​រយៈពេល ៥​ឆ្នាំ ២០២០-២០២៤ នៃ​ដំណើរ​ឆ្ពោះទៅ​បរិវត្ត​កម្ម​ឌីជីថល និងលើក​ទិសដៅការងារបន្ដ ​​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ​នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ឯកសារ​ទាំងអស់នេះ គឺជា​ប្រទីប ​និង​ជា​ត្រីវិស័យ​បំភ្លឺ ​និង​នាំ​ផ្លូវ​ដល់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនា​គមន៍ ក្នុងការ​ជំរុញ​ការអភិវឌ្ឍ ​និង​ការគ្រប់គ្រង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​វិស័យ​៣ ​ដែល​ស្ថិតនៅក្នុង​វិសាលភាព​នៃ​ការទទួល​ខុសត្រូវ។


លោក វ៉ាន់ដេត បានថ្លែងថា៖ «វិស័យ​ទាំងបីនោះ រួមមាន វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឬ​ហៅថា វិស័យ​ឌីជីថល ដើម្បី​រួមចំណែក​នៅក្នុង​ដំណើរ​ការកសាង​រដ្ឋាភិបាល​ឌីជីថល ពលរដ្ឋ​ឌីជីថល និង​ធុរកិច្ច​ឌីជីថល សំដៅ​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​សេដ្ឋកិច្ច​និង​សង្គម​ទាំងមូល​»។​

កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែកុម្ភៈនេះនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ រូបថត (ក.ប.ទ.)

លោកបានលើកឡើងថា រយៈ​ពេល​៥​ឆ្នាំ​នេះ​ ក្រសួង​សម្រេចបាន​ការរៀបចំ​កិច្ចការរដ្ឋបាល ដែល ធានាបាន​រំហូរ​ការងារ​លឿន​រហ័ស និង​មាន​តម្លាភាព តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អនុម័ត​ឯកសារ​ផ្ទៃក្នុង (DWF) និង​ប្រព័ន្ធគ្រប់គ្រង​ផ្សេងទៀត ព្រមទាំង​សម្រេចបាន​ការពង្រឹង​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដោយ​ផ្តោតទៅលើ ការកែសម្រួល​យន្តការ​ប្រមូល​ចំណូល និង​ការគ្រប់គ្រង​ចំណាយ​ឱ្យចំ​គោលដៅ​។

ជាក់ស្តែង​ពី​ឆ្នាំ​២០២០-២០២៤ ​​​ថវិកាជាតិ​ និង​វិភាគទាន​មូលនិធិ ត្រូវបាន​ប្រមូល​​សរុប​​​ប្រមាណ ៨០៤​លាន​ដុល្លារ​​ បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ថវិកាជាតិ​និង​វិភាគទាន​មូលនិធិ​ក្នុង​រយៈពេល ២០១៥-២០១៩ ដែល​ប្រមូលបាន ចំនួន​ប្រមាណ ២១៦​លាន​ដុល្លារ​អាមេរិក​។

លោករដ្ឋមន្រ្ដី បានបន្ដថា ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន (NIPTICT) ត្រូវបាន​ប្រែក្លាយ​ទៅជា​បណ្ឌិត្យសភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា (CADT) ដោយ​បែងចែក​តួនាទី​ភារកិច្ច​ការងារ​ច្បាស់លាស់​ដោយ​មិន​ឱ្យមាន​ការចុះ​ត្រួតពិនិត្យ​ស្ទួន​គ្នា​រវាង​អគ្គាធិការដ្ឋាន និង​នាយកដ្ឋានសវនកម្ម​ផ្ទៃក្នុង កែទម្រង់​សហគ្រាស​ទូរគមនាគមន៍​កម្ពុជា និង​ប្រៃសណីយ៍​កម្ពុជា។​

ស្ថិតក្នុង​ចំណោម​អាទិភាព​គន្លឹះ​៥ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ក្រសួង​បាន​បន្ដ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់​ឆ្លើយតប ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌីជីថល​នៃ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។

រាជរដ្ឋាភិបាល​ផ្ដោតលើ​​​អាទិភាព​៥ ​គឺ​ការកសាង​រដ្ឋាភិបាល​ឌីជីថល និង​ពលរដ្ឋ​ឌីជីថល​ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ធុរកិច្ច​ឌីជីថល ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ប្រព័ន្ធ​ន​វា​នុ​វត្ត​ឌីជីថល​ ការកសាង និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ការកសាង​ភាពជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ឌីជីថល និង ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​

លោក វ៉ាន់ដេត ទទួល​ស្គាល់​ថា​ ការ​ប្រែក្លាយ​ពី​សេដ្ឋកិច្ច​ប្រពៃណី​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​តាមរយៈ​ការចាប់យក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ ទាមទារ​នូវ​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ឌីជីថល ដោយ​ប្រមូលផ្តុំ​ការគិតគូរ និង​ការដាក់ចេញ​នូវ​​វិធានការ​ការងារ​សំខាន់ៗ។

លោកបន្ដថា ​ក្នុង​ដំណើរ​វិវឌ្ឍន៍​នៃ​បរិវត្ត​កម្ម​ឌីជីថល​នេះ​អាច​នឹង​កើតមានឡើង​នូវ​ហានិភ័យ​នៃ​ការប្រើប្រាស់​ឧបករណ៍​ឌីជីថល​ខុសឆ្គង​សម្រាប់​បម្រើឱ្យ​គោលបំណង​មិនល្អ និង​មិន​សុចរិត ដូចជា ការផ្តល់​ព័ត៌មាន​ក្លែងក្លាយ និង​បោកប្រាស់ ការចូលទៅ​ទាញយក​មកប្រើប្រាស់​ទិន្នន័យ ឯកជន​ដោយ​ពុំមាន​ការអនុញ្ញាត ដើម្បី​កេងចំណេញ ឬ​កេង​ប្រ​វញ្ច និង​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​អ៊ីនធឺណិត​ជាដើម​។

កិច្ចពិភាក្សាជាក្រុមក្នុងពិធីបើកកម្មវិធីសន្និបាតបូកសរុបលទ្ធផល នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថលកម្ពុជា។ រូបថត (ក.ប.ទ.)

​​នេះ​តម្រូវឱ្យមាន​ការកសាង​បទដ្ឋាន​គតិយុត្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​សំខាន់ៗ ដែលជា​មូលដ្ឋាន គ្រឹះ​ដ៏​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​ការពង្រឹង​សន្តិសុខ​សាយ​ប័​រ ក៏ដូចជា​ការការពារ​ឯកជន​ភាព​បុគ្គល​។​

លោក​បាន​ឱ្យដឹងថា​៖ «​ថ្នាល DGPost ត្រូវបាន​អភិវឌ្ឍ​ដើម្បី​គាំទ្រ ​និង​បម្រើ​សេចក្តីត្រូវការ​របស់​អ្នកប្រើប្រាស់ និង​គាំទ្រ​ដល់​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក»​។

​ក្នុង​យុគសម័យ​ឌីជីថល គ្រប់​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច​បាន​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ជា​មូលដ្ឋាន​ក្នុង ប្រតិបត្តិការ និង​ជា​ឃ្នា​ស់​ក្នុងការ​អភិវឌ្ឍ ដែល​ញ៉ាំងឱ្យ​វិស័យ​ទូរគមនាគមន៍​កាន់​តែមាន​តួនាទី​យ៉ាងសំខាន់ មិនអាច​ខ្វះ​បាន​។

លោកបាន​ថ្លែងថា​៖ «ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​បាន​ជំរុញ​ជា​បន្តបន្ទាប់​ឱ្យមាន​ការវិនិយោគ សាងសង់​ស្ថានីយ​អង់​តែ​ន​ថ្មីៗ​បន្ថែមទៀត​នៅតាម​បុរី តាម​បណ្តា​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម បណ្តា​ខេត្ត បើទោះបីជា​ត្រូវ​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយចំនួន»។

បញ្ហាទាំងនោះ​ រួមាមន​ កង្វះ​​​កិច្ចសហការ​ក្នុងការ​ផ្តល់​ទីតាំង សម្រាប់​សាងសង់​ស្ថានីយ​អង់​តែ​ន និង​ការតវ៉ា​រារាំង​មិនឱ្យ​សាងសង់​ដោយមាន​ការយល់​ខុស​អំពី​ផលប៉ះពាល់​សុខភាព​ដែល​បណ្តាលមកពី​ស្ថានីយ​អង់​តែ​ន ជាដើម​។

​នៅក្នុង​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ឌីជីថល ក្រសួង​បានដាក់​ចេញ​វិធានការ​ការងារ​លើ ការកសាង​គោលនយោបាយ បទដ្ឋាន​គតិ​ត​យុត្ត ការធ្វើ​និយ័តកម្ម​វិស័យ​ឌីជីថល ការជំរុញ​ធុរកិច្ច​ថ្មី​ឌីជីថល ការអនុវត្ត​គម្រោង​ស្រាវជ្រាវ អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ជាពិសេស​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​ថ្មីៗ។

ទាំងនោះ ​រួមមាន​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត បច្ចេកវិទ្យា​ភ្លោះ​ បច្ចេកវិទ្យា​ប្លុក​ឆេន និង​បច្ចេកវិទ្យា​អ៊ីនធឺណិត​នៃ​វត្ថុ ជាដើម ព្រមទាំង​ការលើកកម្ពស់​ការកសាង​រដ្ឋាភិបាល​ឌីជីថល ការរួមចំណែក​ក្នុង​ការកសាង​ពលរដ្ឋ​ឌីជីថល និង​ការពង្រឹង​សន្តិសុខ​ឌីជីថល​។​

ថ្នាល ​និង​កម្មវិធី​ឌីជីថល​ចំនួន ៥ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ទទួលស្គាល់​ រួមមាន ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh សម្រាប់​ជា​ប្រយោជន៍ដល់​​ក្រសួង​ស្ថាប័ន ​និង​គ្រឹះស្ថាន​អប់រំ​ប្រើប្រាស់ ក៏ដូចជា​​នាំមក​នូវ​កិត្តិយស និង​កិត្តិនាម​ដល់​​ប្រទេសជាតិ​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។

ក្រសួង​បាននិងកំពុងអភិវឌ្ឍ​ថ្នាល ​និង​កម្មវិធី​រដ្ឋាភិបាល​ឌីជីថល​មួយចំនួន​ផ្សេងទៀត​ជា​បន្តបន្ទាប់ ជាពិសេស​បានគិត​គូរ​ដល់​ការ​អភិវឌ្ឍ​ថ្នាល DG SuperApp ដើម្បី​ដាក់ឱ្យ​ដំណើរការ​សាកល្បង​នាពេលខាងមុខ៕