
ករណីឃាតកម្មលើនារីម្នាក់ដែលគេប្រទះឃើញសាកសពនៅសង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ ត្រូវបានប្រព្រឹត្តដោយអតីតប្តីរបស់ជនរងគ្រោះ ដោយសារភ្លើងប្រច័ណ្ឌ បន្ទាប់មកជនសង្ស័យ បានចងកសម្លាប់ខ្លួន នៅឯស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមសមត្ថកិច្ច។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនានេះ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា មានករណីឃាតកម្មលើនារីម្នាក់ ឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនរងគ្រោះមានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
បើតាមសមត្ថកិច្ច ឃាតកម្មនេះបង្កដោយជនសង្ស័យ ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ ៣០ឆ្នាំ មកពីភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន១នាក់ និងបានលែងលះគ្នារយៈពេល១ឆ្នាំ មកហើយ។
សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានមកផឹកស៊ីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដែលជាកន្លែងជនរងគ្រោះធ្វើការ រយៈពេល ៣ថ្ងៃជាប់គ្នា ហើយក៏មានទំនាស់ពាក្យសម្ដី ដោយជនសង្ស័យប្រច័ណ្ឌនឹងជនរងគ្រោះ។
មុនពេលកើតហេតុ ជនសង្ស័យបានប្រាប់សាក្សី ដែលជាមេការថា រូបគេនឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោល។ បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុខាងលើ និងធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។
ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។
លុះដល់នៅវេលាម៉ោង៨យប់ ថ្ងៃដដែល សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មានថា មានបុរសម្នាក់ចងកសម្លាប់ខ្លួន។
ក្រោយចុះដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័្ឆយរួចរាល់ សមត្ថកិច្ច បានកំណត់ថា បុរសរូបនេះ ពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធ នៅសង្កាត់ស្វាយប៉ាកពិតប្រាកដមែន៕