
ពលរដ្ឋចំនួន ៣៥៨០០ នាក់ក្នុងសហគមន៍នៃខេត្តបន្ទាយមានជ័យទទួលបានទឹកស្អាតដោយផ្ទាល់តាមរយៈប្រព័ន្ធចែកចាយទឹកស្អាតសម្រាប់សហគមន៍ចំនួន ២៩។ រូបថត សហការី
ខេត្ដបន្ទាយមានជ័យ៖ សហគមន៍នៃខេត្តបន្ទាយមានជ័យទទួលបានទឹកស្អាតដោយផ្ទាល់តាមរយៈប្រព័ន្ធចែកចាយទឹកស្អាតសម្រាប់សហគមន៍ចំនួន ២៩ ដែលទើបនឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៥៨០០ នាក់។
ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ថ្មីចំនួន២៩ដែលត្រូវបានរចនាឡើងនាំយកទឹកស្អាតផ្តល់ដល់គ្រួសារចំនួនជាង ៨០០០គ្រួសារ នៅទូទាំងស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ គឺ ស្វាយចេក ភ្នំស្រុក មង្គលបូរី ព្រះនេត្រព្រះ និង ថ្មពួក។
លោក ម៉ៅ ទៀត សមាជិកគណៈកម្មាធិការគ្រប់គ្រងទឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «ប្រព័ន្ធទឹកស្អាតកំពុងជួយសហគមន៍ និងសុខភាពកុមារដោយកាត់បន្ថយជំងឺរាគ។
ពួកគាត់មិនចាំបាច់ដើរឆ្ងាយពីផ្ទះដើម្បីទៅយកទឹកទៀតទេ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍ ជាពិសេសដោយគាំទ្រសាលារៀនក្នុងការទទួលបានទឹកស្អាត»។
ស្រុកទាំង ៥ នេះតែងតែប្រឈមមុខនឹងការខ្វះទឹកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

អង្គការទស្សនៈពិភពលោក និងដៃគូរដ្ឋាភិបាល មន្ទីររដ្ឋបាលខេត្ត ក៏បានកសាងសមត្ថភាពសមាជិកគណៈកម្មាធិការគ្រប់គ្រងទឹកចំនួន២៩ស្ថានីយ។ រូបថត សហការី
រួមគ្នាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងដែលដឹកនាំដោយអង្គការទស្សនៈពិភពលោក បានដោះស្រាយបញ្ហាទាំងនេះដោយផ្តល់នូវប្រភពទឹកស្អាតដែលអាចទុកចិត្តបាន និងប្រកបដោយចីរភាព។
ជាមួយនឹងប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ អង្គការទស្សនៈពិភពលោក និងដៃគូរដ្ឋាភិបាល មន្ទីររដ្ឋបាលខេត្ត ក៏បានកសាងសមត្ថភាពសមាជិកគណៈកម្មាធិការគ្រប់គ្រងទឹកចំនួន២៩ស្ថានីយ ដែលតំណាងដោយសមាជិកសហគមន៍ ដើម្បីធានាបាននិរន្តរភាពនៃស្ថានីយទឹកចែកចាយទាំងនេះ។
សមាជិកគណៈកម្មាធិការទឹកទទួលបានវគ្គបណ្តុះបណ្តាលក្នុងភាពជាអ្នកដឹកនាំ ជំនាញអាជីវកម្ម ការអនុវត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងការថែទាំប្រព័ន្ធចែកចាយទឹកបំពង់តាមសហគមន៍។
ការបើកសម្ពោធប្រព័ន្ធចែកចាយទឹកតាមបំពង់សហគមន៍ទាំងនេះគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឈានដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ៦ ដោយធានាឱ្យមានការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់ៗគ្នា។
វាក៏រួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដោយនាំមកនូវការអភិវឌ្ឍប្រកបដោយភាពធន់ទ្រាំ ចីរភាព និងបរិយាបន្ន។
លោក Janes Ginting នាយកជាតិរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជាបានថ្លែងថា៖ «ថ្ងៃនេះយើងអបអរសាទរសមិទ្ធផលដ៏អស្ចារ្យមួយក្នុងបេសកកម្មរបស់យើង ដើម្បីធានាថា ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ និងមានសុវត្ថិភាពសម្រាប់គ្រប់ៗគ្នា»។
លោកបានបន្ដថា៖ «ព្រឹត្តិការណ៍នេះគឺជាភ័ស្តុតាងមួយទៀតនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការបង្កើនសមត្ថភាពរបស់សហគមន៍ទាំងអស់នៅកម្ពុជា មិនត្រឹមតែដោះស្រាយតម្រូវការទឹកបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងភាពធន់ទ្រាំ និងសុខភាពប្រជាជនកម្ពុជាគ្រប់ៗគ្នាផងដែរ»។
យោងតាមអង្គការ បានបង្ហាញថា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាង ៥ ទសវត្សរ៍ហើយ បន្តដំណើររបស់ខ្លួនក្នុងការនាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមានដល់អ្នកដែលងាយរងគ្រោះបំផុតនៅកម្ពុជា។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយតែប៉ុណ្ណោះ អង្គការទស្សនៈពិភពលោក បានផ្តល់ទឹកប្រើប្រាស់សម្រាប់ប្រជាជនជាងចំនួន ១៣៧ ០០០នាក់ នៅទូទាំងប្រទេស ដោយសម្របសម្រួលការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ចំនួន១២៥ នៅក្នុងខេត្តចំនួន៩៕