
ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរកម្សាន្តនៅផ្លូវថ្មើរជើងមាត់ទន្លេ កាលពីថ្ងៃទី៨ ខែមីនា។ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ
ទោះបីកម្ពុជាមានសុវត្ថិភាពល្អសម្រាប់ភ្ញៀវទេសចរនិងអ្នកវិនិយោគិនបរទេសក៏ដោយ អគ្គស្នងការនគរបាលជាតិបង្ហាញនីតិវិធីក្នុងការដាក់ពាក្យបណ្ដឹងក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើងចំពោះពួកគេ។
នៅក្នុងសេចក្ដីណែនាំអំពីបែបបទ នីតិវិធីនៃការដាក់ពាក្យបណ្ដឹងដែល លោក ស ថេត អគ្គស្នងការនគរបាលជាតិបានចុះហត្ថលេខានៅថ្ងៃទី១១ខែមីនានេះ សាមីខ្លួនត្រូវយកពាក្យបណ្ដឹងទៅដាក់ដោយផ្ទាល់នៅនាយកដ្ឋាននគរបាលទេសចរណ៍ អង្គភាពនគរបាលទេសចរណ៍ចំណុះអគ្គនាយកដ្ឋានផ្ទាល់ ការិយាល័យទេសចរណ៍ ឬនៅអធិការដ្ឋាននគរបាលខណ្ឌ ស្រុក។
សេចក្ដីណែនាំបញ្ជាក់ថា៖ «ពាក្យបណ្តឹងត្រូវសរសេរជាភាសាខ្មែរ ភាសាអង់គ្លេស បារាំង ឬអាចជាភាសាណាមួយដោយតម្រូវឱ្យមានការបកប្រែជាភាសាខ្មែរ ឬភាសាណាមួយក្នុងចំណោមភាសាអន្តរជាតិទាំងពីរខាងលើ»។
បន្ទាប់ពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចត្រូវសាកសួរសាមីបណ្ដឹងទៅតាមនីតិវិធី ហើយត្រូវចុះទៅស្រាវជ្រាវកន្លែងកើតហេតុ និងស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនល្មើស បញ្ជូនទៅតុលាការតាមនីតិវិធី។
លោក ស ថេត បានថ្លែងនៅក្នុងសេចក្ដីណែនាំនេះថា នយោបាយបើកចំហជើងមេឃ និងនយោបាយទេសចរណ៍ជាតិ ការធានាសុវត្ថិភាពដល់ជនគ្រប់រូបដែលមានវត្តមាននៅកម្ពុជា បានធ្វើឱ្យកម្ពុជា មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាគោលដៅទេសចរណ៍ ដែលមានប្រិយភាពនៅក្នុងតំបន់។ កត្តានេះបានធ្វើឱ្យភ្ញៀវទេសចរបរទេសមានកំណើនជាលំដាប់ជារៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «រយៈពេលកន្លងមក កងកម្លាំងនគរបាលជាតិបានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម និងទទួលលទ្ធផលយ៉ាងល្អប្រសើរក្នុងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដោយបាន ធ្វើឱ្យភ្ញៀវទេសចរជាច្រើនលើសលប់កោតសរសើរចំពោះការយកចិត្តទុកដាក់ទាំងនេះ។
លោកបន្តថា៖ «ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មានភ្ញៀវទេសចរមួយចំនួនតូចបានទទួលរងគ្រោះដោយសារហេតុការណ៍ ឬឧប្បត្តិហេតុចៃដន្យផ្សេងៗ ដែលទាមទារឱ្យសមត្ថកិច្ចនគរបាលជាតិ ជួយដោះស្រាយ និងសង្គ្រោះបានទាន់ពេលវេលា»៕