
រដ្ឋបាលខេត្តពោធិ៍សាត់បានណែនាំឱ្យពលរដ្ឋ ដែលរស់នៅតាមផ្លូវអន្ទង់អាំង ដោយខុសច្បាប់ ធ្វើការចាកចេញ ដើម្បីរៀបចំតំបន់នេះ ឱ្យទៅជាតំបន់បៃតងឡើងវិញ។ រូបថត រដ្ឋបាលខេត្ត
ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់បានព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០)ក្នុងរយៈពេល១៥ថ្ងៃ ដែលក្នុងនោះប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ និង ពិន័យ៥០០លានរៀលផងដែរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការរៀបចំតំបន់អន្លង់អាំង ឱ្យទៅជាតំបន់បៃតង ដែលផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី១១ ខែមីនានេះ បានជម្រាបជូន ប្រជាពលរដ្ឋ ដែលនៅសេសសល់ នៅតំបន់អន្ទង់អាំង ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ឱ្យធ្វើការចាកចេញ។
រដ្ឋបាលខេត្តបានកំណត់ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ដើម្បីឱ្យអ្នក ដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំងដោយខ្លួនឯង។
រដ្ឋបាលខេត្តបញ្ជាក់ថា៖«ក្នុងករណីផុតពេលកំណត់ បើនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារដែល មានតម្លៃ និងផលប្រយោជន៍ផ្សេងៗនោះឡើយ»។
បន្ថែមពីនោះ អ្នកដែលមិនព្រមចាកចេញ ក៏ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ក្នុង ក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដែលបានចែងថា៖ «ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ឆ្នាំ ទៅ៥ ឆ្នាំ និង ពិន័យជាប្រាក់ពី១០០ លានលានរៀល ទៅ ៥០០ លានរៀលផងដែរ។
ការកំណត់ឱ្យចាកចេញនេះ គឺយោងតាមព្រះរាជក្រមលេខ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពី ច្បាប់តំបន់ការពារធម្មជាតិ និងលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំ ដោះស្រាយតំបន់អន្ទង់អាំង ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រៅពីនោះ រដ្ឋបាលខេត្តក៏ធ្លាប់បានចេញលិខិតយ៉ាងហោចណាស់២ដង កាលពីខែមិថុនា និងខែសីហា ឆ្នាំ២០២៤កន្លងមក ពាក់ព័ន្ធនឹងការរៀបចំ និងតម្រូវឱ្យចាកចេញ របស់ពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅតំបន់នោះ។
រដ្ឋបាលខេត្ត ក៏បានរៀបចំទីតាំងថ្មីទំហំជាង ១៥០ហិកតា សម្រាប់ពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អន្ទង់អាំងរស់នៅផងដែរ។ ទីតាំងនោះ គឺស្ថិតនៅជិតទីប្រជុំជនជាង ដែលមានចម្ងាយប្រមាណជា ៦គីឡូម៉ែត្រពីរង្វង់មូលដំរី ទីរួមស្រុកវាលវែង។
ប្រជាពលរដ្ឋ ៩៨គ្រួសារ បានចូលទៅរស់នៅតំបន់អន្ទង់អាំង ដោយមិនស្របច្បាប់។ ប៉ុន្តែក្នុងនោះ មានពលរដ្ឋភាគច្រើន យល់ព្រមចាកចេញទៅកាន់ទីតាំងថ្មីនោះ៕