
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ពេលចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅខ្នងផ្សារ កាលពីសប្តាហ៍មុន
ភ្នំពេញៈ រដ្ឋាភិបាលបានលុបគម្រោងអភិវឌ្ឍជាច្រើន នៅតំបន់ទេសចរណ៍ខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ ដោយមិនឱ្យសូម្បីតែការកសាងផ្លូវបេតុងឡើងទៅលើភ្នំ ដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានជាអ្នកគ្រប់គ្រងផ្តល់សេវាដល់ភ្ញៀវទេសចរវិញ។
នេះជាការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា កាលពីរសៀលថ្ងៃអង្គារ ទី១១ ខែមីនានេះ បន្ទាប់ពីបានដឹកនាំរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងទេសចរណ៍ចុះទៅពិនិត្យជាក់ស្តែងនៅទីនោះ កាលពីចុងសប្តាហ៍មុន។
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតមានប្រសាសន៍ដូច្នេះថា៖«វិស័យទេសចរណ៍ ត្រូវវិនិយោគក្នុងហេដ្ឋារចនាទេសចរណ៍ តែវិនិយោគឱ្យចំតែម្តង កុំវិនិយោគខុស គឺខាតលុយ។ អញ្ចឹងកន្លែងនោះវិនិយោគស្អី? តិចថា សុំធ្វើផ្លូវបេតុងឡើងទៅដល់លើ ត្រូវអភិវឌ្ឍរីសតនៅលើនោះ។ អត់ទេ កុំ។ ខ្ញុំឱ្យលុបប៉ុន្មានគ្រោង នៅលើនោះ ដែលការគិតគូរ រៀបចំវិនិយោគ ដល់ពេលយើងពិនិត្យជាក់ស្តែង វាអត់សមស្រប។ ទុកអាហ្នឹងឱ្យសហគមន៍គេធ្វើទៅ»។
ក្នុងអំឡុងពេលជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ប្រធាន និងអនុប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់នៅខ្នងផ្សារ ក៏បានសំដែងក្តីបារម្ភពីការបើកផ្លូវឱ្យវិស័យឯកជនធ្វើការវិនិយោគក្នុងតំបន់នោះ។
ទោះយ៉ាងណា លោកបានបញ្ជាក់ប្រាប់ពួកគាត់ ដែលជាតំណាងសហគមន៍ថា ការឱ្យវិស័យឯកជន វិនិយោគនោះ គឺជាជំរើសចុងក្រោយបំផុត។
លោកនាយករដ្ឋមន្រ្តីលើកឡើងថា៖«កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី។ កុំទៅយកអ្នករកស៊ី ទៅធ្វើការជំនួសសហគមន៍ ហើយត្រឹមតែបង្កើតការងារ។ កន្លែងណាដែលសហគមន៍ គាត់ចេះរកស៊ី បង្រៀនគាត់ ជួយគាត់ បង្កើនសមត្ថភាពគាត់ឱ្យចេះ រកធុរកិច្ច»។
រាជរដ្ឋាភិបាល តាមរយៈក្រសួង និងស្ថាបន័ពាក់ព័ន្ធ គឺជាអ្នកគាំទ្រសហគមន៍ ដោយជួយកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានស្អាត។ ក្នុងនោះមានដូចជា កសាងបន្ទប់ទឹក កន្លែងលក់ដូរសមរម្យ ប្រព័ន្ធស្ទាក់ទឹក និងកន្លែងសង្គ្រោះបន្ទាន់ជាដើម ហើយពួកគាត់បង្កើតជាផ្ទះសំណាក់ ហើយគ្រប់គ្រងដោយខ្លួនឯង។
បន្ថែមពីនោះ រដ្ឋាភិបាលក៏នឹងជួយបង្រៀនសហគមន៍ ពីការធ្វើបដិសណ្ឋារកិច្ច និងផ្តល់សេវាកម្មជូនភ្ញៀវទេសចរឱ្យបានល្អ ដើម្បីឱ្យចេះរកស៊ីដោយខ្លួនឯង។ ប៉ុន្តែក៏មានការរៀបចំបង្កើតកិច្ចសហការ ជាកញ្ចប់ជាមួយនឹង វិស័យឯកជន ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍(Tour guide)ផងដែរ។
ប្រមុខរដ្ឋាភិបាលបានលើកឡើងថា៖«ប្រជាពលរដ្ឋកាលពីមុន គាត់រកស៊ីកាប់ឈើ រកអនុផលឈើ។ ដល់ពេលមានទេសចរ គាត់បែរពីរឿងកាប់ឈើ គាត់មកធ្វើអាហ្នឹងវិញ។ អញ្ជឹងជាគោលដៅ ដែលយើងត្រូវធ្វើយ៉ាងម៉េច ជួយគាត់ឱ្យរកស៊ី ឱ្យបានកាន់តែច្រើន ចំណូលចូលសហគមន៍។ កុំចាំបាច់យកវិស័យឯកជនទៅជំនួស ប្រជាពលរដ្ឋ។ ទាល់តែខ្នាតធំ ត្រូវការទុន ហើយមូលដ្ឋានគាត់មិនអាចធ្វើទេ...តែត្រឹមតែបដិសណ្ឋារកិច្ច អូតែលសេវាកម្ម មួយចំនួននៅទីនោះ ខ្ញុំគិតថាត្រូវតែបង្រៀនឱ្យចេះ»។
លោកថ្លែងបន្តថា៖«ប្រសិនបើការវិនិយោគនេះធ្វើឱ្យបាត់បង់ឱកាសរបស់សហគមន៍ ដែលគាត់អាចធ្វើបានដូចគ្នា ហ្នឹងគឺវាពិបាក។ តែវិនិយោគខ្លះ វាផ្គុំគ្នាជាមួយនឹងសហគមន៍ ..បើសហគមន៍អនុវត្តបានប៉ុន្មាន យើងឱ្យអាទិភាព តែបើអត់ទេ វិស័យឯកជនត្រឹមកម្រិតណាមួយ តែកុំឱ្យធ្វើឱ្យរលំសហគមន៍ ដើម្បីជួយក្នុងកម្រិតណាមួយ ថែរក្សាបរិស្ថាន និងសហការណ៍គ្នា បំពេញគ្នាជាមួយសហគមន៍ ដើម្បីនាំគ្នាហៅភ្ញៀវឱ្យបានច្រើន ដើម្បីឱ្យសហគមន៍បានផលច្រើន»។ ទាំងនេះគឺជារូបមន្ត នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេស វិស័យទេសចរណ៍ ភ្ជាប់នឹងមូលដ្ឋាន។
បន្ទាប់ពីចុះពិនិត្យដោយផ្ទាល់នោះមក លោកនាយករដ្ឋមន្រ្តីក៏បាន ប្រគល់ភារកិច្ចជូនក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ សហការគ្នា ធ្វើការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះផងដែរ។
បន្ថែមពីនេះ ស្ថាប័នទាំង២ ក៏ត្រូវសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បាននឹងកំពុងតែរៀបចំផែនការជួយសហគមន៍ ទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល។
ក្នុងនោះក៏មានការជួបប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ហើយក្នុងសប្តាហ៍នេះ មន្រ្តីក្រសួងបរិស្ថានក៏នឹងចុះទៅធ្វើការសិក្សានៅតំបន់នោះដោយផ្ទាល់បន្ថែមទៀតផងដែរ។
ខ្នងផ្សារ ត្រូវបានចាត់ទុកថាជា«ឋានសួគ៌ធម្មជាតិ» ដែលកំពុងតែទាក់ទាញទាំងអ្នកទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្ត ជាលក្ខណៈផ្សងព្រេង ជាមួយនឹងភាពសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត។ លើសពីនោះ វាសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕