
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្រសួងបន្តថា ការអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ ធ្វើឡើងចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច សម្រាប់រថយន្តគ្រួសារ និងមិនអនុញ្ញាតឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព ដោយឡែករថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗ ត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

ស្ពានខ្ពស់ជាងគេនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ ដែល សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
