
សមរាត្រីរដូវប្រាំង Vernal Equinox នៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ចាប់ពីម៉ោង ៥:០០ ព្រឹក ដល់ ៦:៣០ ព្រឹក។ រូបថត ហុង រស្មី
ភ្នំពេញ៖ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានមកដល់ជាថ្មីនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនាខាងមុខ ដែលផ្ដល់នូវទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងដែលទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក។
បាតុភូតធម្មជាតិនេះ ត្រូវបានគេស្គាល់ថា ជា សមរាត្រីអង្គរ ឬ Equinox Angkor បង្ហាញពីការផ្លាស់ប្តូរតាមរដូវកាល និងបង្ហាញពីភាពប៉ិនប្រសប់នៃស្ថាបត្យកម្មខ្មែរ និងការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅទៅនឹងភពផែនដី។
យោងតាមសេចក្ដីប្រកាសក្រសួងទេសចរណ៍បានឱ្យដឹងថា៖ «ព្រឹត្តិការណ៍ Equinox Angkor គឺជាបាតុភូតពន្លឺព្រះអាទិត្យពិសេសដែលកើតឡើងពីរដងក្នុងមួយឆ្នាំនៅប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ដែលទីមួយត្រូវបានហៅថា សមរាត្រីរដូវប្រាំង Vernal Equinox នៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ចាប់ពីម៉ោង ៥:០០ ព្រឹក ដល់ ៦:៣០ ព្រឹក»។
ព្រឹត្ដិការណ៍ទីពីរ គឺ សមរាត្រីរដូវវស្សា ឬ Autumnal Equinox ចន្លោះថ្ងៃទី ២១ និង ២៣ ខែកញ្ញានៅពេលវេលាថ្ងៃរះប្រហាក់ប្រហែលគ្នា។
ក្រសួងអះអាងដោយមោទនភាពថា បាតុភូតនេះមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់នៃការរចនាប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពប៉ិនប្រសប់របស់ប្រជាពលរដ្ឋខ្មែរផងដែរ ដែលជំនឿ និងការយល់ដឹងអំពីចក្រវាឡបានដឹកនាំការសាងសង់ប្រាសាទអង្គរវត្ត។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ទាំងពីរនេះ ព្រះអាទិត្យរះដោយផ្ទាល់ស្របទៅនឹងប៉មកណ្តាលរបស់ប្រាសាទ បង្កើតបានជាការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលនៃភាពស៊ីសង្វាក់គ្នារវាងស្ថាបត្យកម្ម និងធម្មជាតិ។

នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ភ្ញៀវទេសចរប្រមាណ ៨៧២៦ នាក់បានប្រមូលផ្តុំគ្នានៅប្រាសាទអង្គរវត្តដើម្បីទស្សនាសមរាត្រី ដែលក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកចំនួន ៦៥០០នាក់ និងភ្ញៀវអន្តរជាតិចំនួន ២២២៦នាក់។ រូបថត ហុង រស្មី
អច្ឆរិយៈសមរាត្រីនេះ ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ គឺជាលទ្ធផលនៃការយល់ដឹងជឿនលឿនរបស់ប្រជាជនខ្មែរពីបុរាណ លើវិស័យតារាសាស្ត្រ ស្ថាបត្យកម្ម និងចលនាសេឡេស្ទាល។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា៖ «វាជាព្រឹត្តិការណ៍ដ៏កម្រ និងគួរឱ្យស្ញប់ស្ញែង។ ពេលព្រឹកនៃសមរាត្រីទាក់ទាញមនុស្សរាប់ពាន់នាក់ ចង់ឃើញថ្ងៃរះដ៏ស្រស់ស្អាត។ វាជាការលាយបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ ស្ថាបត្យកម្ម និងធម្មជាតិដែលចូលរួមក្នុងភាពសុខដុមល្អឥតខ្ចោះ»។
ព្រឹត្តិការណ៍កាលពីឆ្នាំមុនមានអ្នកចូលរួមបំបែកកំណត់ត្រាដោយមានអ្នកទស្សនាជាច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃទី ២១ និង ២២ ខែមីនា។
នៅថ្ងៃទី ២២ ខែមីនា ចំនួននេះបានកើនដល់ជិត ១២០០០ នាក់ ជាមួយនឹងភ្ញៀវបរទេសជាង ២៦០០ នាក់ ខណៈភ្ញៀវជាតិ និងអន្តរជាតិ បានមកជួបជុំគ្នានៅទីតាំងនោះ ដោយអន្ទះសារចង់ឃើញព្រះអាទិត្យរះចំកំពូលប្រាសាទ។
បាតុភូតទី២ ដែលកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរសរុបចំនួន ៣៨២៣៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣៦២០០នាក់ និងភ្ញៀវអន្តរជាតិចំនួន ២០៣៦នាក់។
នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ភ្ញៀវទេសចរប្រមាណ ៨៧២៦ នាក់បានប្រមូលផ្តុំគ្នានៅប្រាសាទអង្គរវត្តដើម្បីទស្សនាសមរាត្រី ដែលក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកចំនួន ៦៥០០នាក់ និងភ្ញៀវអន្តរជាតិចំនួន ២២២៦នាក់។

បាតុភូតទី២ ដែលកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរសរុបចំនួន ៣៨២៣៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣៦២០០នាក់ និងភ្ញៀវអន្តរជាតិចំនួន ២០៣៦នាក់។ រូបថត ហុង រស្មី
ទោះបីជាអាកាសធាតុមិនអំណោយផលនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ក៏ដោយ ក៏ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននៅតែមកទស្សនាសមរាត្រីរដូវវស្សានៅប្រាសាទអង្គរវត្ត។
នៅពេលដែលទ្វារស្ពានហាលបានបើក ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃពិភពលោក រួមទាំងអ្នកធ្វើដំណើរតាមរដូវ អ្នកថតរូប និងក្រុមគ្រួសារបានឆ្លងកាត់ផ្លូវដើរបុរាណឆ្ពោះទៅប្រាសាទ។
ជើងមេឃចាប់ផ្តើមបញ្ចេញពន្លឺព្រៀលៗ ដែលប្រែរូបស្រមោលនៃប្រាសាទអង្គរវត្តទៅជាទេសភាពដ៏ស្រស់បំព្រងនៃពិភពលោក។
កាមេរ៉ាច្រូងច្រាងចាប់ផ្ដើមផ្ដិតយកទាំងរូបថត និងវីដេអូ ខណៈព្រះអាទិត្យក្រហមទុំផុសឡើងបន្ដិចម្ដងៗ នៅលើកំពូលប្រាសាទអង្គរវត្ដ ដែលបញ្ជាក់ថា ពេលយប់ និងពេលថ្ងៃមានរយៈពេលស្មើរគ្នា។
នៅពេលព្រះអាទិត្យរះកាន់តែខ្ពស់ បំភ្លឺប្រាសាទដ៏មហិមា និងបញ្ចេញស្រមោលវែងៗលើថ្មបុរាណ គ្រានៃសមរាត្រីរវាងពេលយប់ និងពេលថ្ងៃ បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏យូរអង្វែងចំពោះអ្នកដែលមានវត្តមាន៕