
ទិដ្ឋភាព នៃផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ នៅពេលរាត្រី។ រូបថតក្រុមហ៊ុន
កំពង់ស្ពឺៈ ភ្លើងបំភ្លឺផ្លូវ ជាធម្មតា គឺរចនាឡើង ដើម្បីសម្រួលដល់អ្នកថ្មើរជើង និងទោចក្រ ឬ ត្រីចក្រយាន ក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ ប៉ុន្តែអ្នកថ្មើរជើង និងយានយន្តទាំងនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ផ្លូវល្បឿនលឿននោះឡើង។ នេះគឺជាហេតុផល ដែលមិនមានការដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន។
នេះជាការពន្យល់របស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ នាថ្ងៃសុក្រ ទី១៤ ខែមីនានេះ ដែលជាការឆ្លើយតបទៅនឹង មតិយោបល់របស់សាធារណជន ពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន។
ក្រុមហ៊ុនបានលើកឡើងថា ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។
នាពេលអ្នកបើកបរ បើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់ នៅពេលប៉ះជាមួយភ្លើងរថយន្ត។
ក្រុមហ៊ុនបញ្ជាក់ដូច្នេះថា៖«ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យអ្នកថ្មើរជើង ទោចក្រយាន ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់៤ប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺផ្លូវជាធម្មតាគឺរចនាឡើង ដើម្បីសម្រួលដល់អ្នកថ្មើរជើង និងទោចក្រ ឬត្រីចក្រយាន ក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ»។
បន្ថែមពីនោះ ការមិនដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវ គឺជាការអនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ។ ក្រៅពីនេះ ការមិនដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវ ក៏ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ព្រមទាំងគិតគូរអំពីបរិស្ថាន និងផលប៉ះពាល់ផ្សេងៗជាយថាហេតុ។
ម៉្យាងវិញទៀតបង្គោលភ្លើងត្រូវមានចន្លោះកំណត់ ពន្លឺដែលបំភ្លឺតាមផ្លូវអាចមានការបំភ្លឺមិនស្មើគ្នា ខ្លះភ្លឺ និងខ្លះទៀតងងឹត។ ក្នុងការបើកបរដោយល្បឿនលឿន ការប្រែប្រួលពន្លឺបែបនេះអាចធ្វើឱ្យភ្នែកអស់កម្លាំង ឆាប់ហត់ និងបង្កការងងុយក្នុងការបើកបរ ដែលអាចបណ្តាលឱ្យមានហានិភ័យលើសុវត្ថិភាពចរាចរណ៍។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានក្រើនរំលឹក អំពីការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្តឱ្យបានត្រឹមត្រូវ មុនពេលប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះផងដែរ។
ក្រុមហ៊ុនបានលើកឡើងថា ភ្លើងរថយន្តពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយបំភ្លឺផ្លូវនាពេលយប់ ការពារសុវត្ថិភាពក្នុងពេលបើកបរ ជៀសវាងការប៉ះទង្គិច ឬឧបសគ្គផ្សេងៗតាមដងផ្លូវ។ ម្យ៉ាងវិញទៀត វាក៏ជួយការពារការមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង។
ភ្លើងបំភ្លឺនីមួយៗសុទ្ធសឹងតែមានមុខងារ និងសារៈសំខាន់ស្មើៗគ្នា ពិសេសភ្លើងបំភ្លឺខាងក្រោយរថយន្តដូចជា ភ្លើងសញ្ញាប្តូរទិសផ្នែកខាងក្រោយ ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងអាសន្ន។ល។
ភ្លើងទាំងនេះជាភ្លើងសញ្ញាសម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ ដែលនៅខាងក្រោយរថយន្ត ក្នុងពេលដែលរថយន្តត្រូវការប្តូរទិស ឆ្វេង ស្តាំ ថយក្រោយ ចាប់ហ្វ្រាំង បន្ថយល្បឿន បញ្ឈប់យាន ឬផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ដែលបានកើតមានឡើង។
ក្រុមហ៊ុនបានរំលឹកថា៖«មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកប្រចាំផ្លូវល្បឿនលឿននឹងរឹតបន្តឹងទៅលើការត្រួតពិនិត្យបច្ចេកទេសភ្លើងរថយន្ត ព្រមទាំងចាត់វិធានការទៅលើបុគ្គលណា ដែលប្រព្រឹត្តិល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬគោលការណ៍ប្រើប្រាស់ផ្លូវល្បឿនលឿន»។
ក្រុមហ៊ុនបានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យប្រព័ន្ធភ្លើងរថយន្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកដំណើរដទៃផងដែរ។
របាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ថ្ងៃទី៩ ខែមីនានេះ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ១១៥ ៨៩៤ដង។
ការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១៣៩៩ ចំនួន ១៩៤ខ្សែ ក្នុងនោះ មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណី ស្វែងរកជំនួយចំនួន ៧៩ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១១៣ ករណីផងដែរ)៕