
ពិធីក្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅមុខស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមីនា។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
អ្នកជំនាញសេដ្ឋកិច្ចមានជំនឿថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលរៀបចំនៅក្នុងខេត្តសៀមរាបនាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ នឹងនាំផលវិជ្ជមានច្រើនដល់កំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប។
អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំដំបូងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។
តាមផែនការ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
កម្មវិធីនេះត្រូវបានរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឱ្យទៅទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះដ៏សម្បូរ និងកម្មវិធីកម្សាន្តជាច្រើន។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងខេត្តសៀមរាប នឹងបង្ហាញអំពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងន័យផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។
លើសពីនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏ជាកម្លាំងចលករមួយក្នុងការជួយជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប កាន់តែមានភាពរស់រវើក។
លោកបានថ្លែងថា៖«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ច ដោយនឹងមានមនុស្សចូលរួមច្រើនទាំងជនជាតិខ្មែរ និងជនបរទេស។ អ្នកចូលរួមនឹងមានការចំណាយ ដែលការចំណាយទាំងអស់នោះ នឹងធ្វើឱ្យមានលំហូរសាច់ប្រាក់ច្រើនក្នុងចរន្តសេដ្ឋកិច្ចជាតិ»។
យល់ឃើញប្រហាក់ប្រហែលនឹងការលើកឡើងខាងលើ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គឺជាការលើកតម្កើងវប្បធម៌ អរិយធម៌ និងជាតិសាសន៍ខ្មែរលើឆាកអន្តរជាតិ ហើយការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិឱ្យមកដើរកម្សាន្តក្នុងខេត្តសៀមរាបឱ្យកាន់តែច្រើន។
លោកអះអាងថា៖«ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺជារំលេចឡើងនូវវប្បធម៌ និងប្រពៃណីរបស់ជាតិសាសន៍យើង ហើយក៏ជាការផ្សព្វផ្សាយទៅភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីឱ្យពួកគេទៅទស្សនាខេត្តសៀមរាបផងដែរ»។
ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ លោក សុខ សប្បាយណា ក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ កាលពីថ្ងៃទី ៩ មីនា ឆ្នាំ២០២៤ បាននិយាយថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ នឹងធ្វើឡើងចំនួន ៦ ទីតាំង រួមមាន បរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងខេត្តសៀមរាប, King’s Road, Pub Street, និងអង្គរខ្យុងយូ។ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ នឹងមានរៀបចំកម្មវិធីធំៗចំនួន ៣៨។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ២០១៣ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋជាច្រើនដែលតែងទន្ទឹងរង់ចាំវត្តមានព្រឹត្តិការណ៍នៅលើទឹកដីនៃខេត្តសៀមរាប។
ទន្ទឹមនឹងនេះ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីចូលរួមលើកស្ទួយមរតកវប្បធម៌អរូបី លើទីតាំងនៃមរតកវប្បធម៌រូបី ជាពិសេសបង្កើតនូវឱកាសជួបជុំ ផ្ដល់នូវបរិយាកាសសប្បាយរីករាយ ស្នាមញញឹម ដល់មហាគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕