
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតសមាគមន៍ឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា។ AKP
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតថ្លែងថា កម្ពុជាត្រៀមខ្លួនរួចរាល់ដើម្បីប្រើកងទ័ពការពារព្រំដែនក្នុងករណីមានការរំលោភបំពានដោយប្រើកម្លាំងទ័ព ហើយលោកនឹងនៅតែបន្តនិយាយរឿងសន្តិភាពរហូតដល់អ្នកនយោបាយប្រឆាំងដេកយល់សប្តិ។
លោកថ្លែងថា៖ «ហើយបើសួរថាហេតុម៉េចបានជាយើងមិនចោលប្រធានបទសន្តិភាព។ ខ្ញុំថា និយាយទាល់តែអ្នកឯងដេកក៏យល់សព្វ [ឮ] ដែរ។ ស៊ូឲ្យធុញ តែកុំឲ្យវាបាត់»។
លោកថ្លែងដូច្នេះនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនានេះ ដោយសំដៅទៅលើការរិះគន់របស់អ្នកនយោបាយប្រឆាំងពីរឿងអរគុណសន្តិភាព និងការចោទថា លោកមិនការពារទឹកដី ប្រាសាទ ឬកោះ។
ឆ្លើយតបសំដៅទៅនឹងលទ្ធភាពនៃការចូលលុកលុយទឹកដីពីសំណាក់ប្រទេសជិតខាង ជាពិសេសភាគីថៃ លោកហ៊ុន ម៉ាណែត លែងថា៖ «ប៉ុន្មានថ្ងៃមុន ថ្ងៃ៨ ថ្ងៃ៩ ខែមីនានេះ មានអ្នកជ្រុលនិយមថៃថា ប្រាសាទតាមាន់ធំជាងរបស់គេ ហើយគេប្រុងលើកគ្នាមកស្រែកច្រៀង នៅលើនោះ។ រដ្ឋាភិបាលចាំបាច់ទៅស្រែកធ្វើអី។ អាហ្នឹងជារឿងនយោបាយផ្ទៃក្នុងគេ។ ឥឡូវ គេស្រែក គេរត់មកដល់ព្រំដែន ទាហានថៃទប់»។
លោកបន្តថា៖ «កម្ពុជាអត់មានទៅហែកហកទេ ប៉ុន្តែ តែអ្នកឯងចូលរំលោភ(ទឹកដី) ប្រើវិធីសាស្ត្រកងកម្លាំងប្រដាប់អាវុធ យើងត្រៀមលក្ខណៈការពារគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារបូរណភាពទឹកដីរបស់យើង រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធម្ដងទៀត អត់ខ្លាចទេ ខ្ញុំសុំបញ្ជាក់។ តែរដ្ឋាភិបាលមិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើងទេ ព្រោះវាលំបាក»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជានឹងព្យាយាមធ្វើផ្លូវនៅតាមព្រំដែនជុំវិញប្រទេសតែម្ដង។
លោកនិយាយថា៖ «យើងនឹងប្ដេជ្ញាចិត្តធ្វើយ៉ាងណាតភ្ជាប់គ្រប់តំបន់ព្រំដែនទូទាំងប្រទេសយើងឲ្យជាប់គ្នាទាំងអស់ ដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់ខ្មែរបានទៅរស់នៅ កសាងសេដ្ឋកិច្ចនៅទីនោះ ហើយបានទៅលេងទីនោះគ្រប់កន្លែង។ នេះជាការប្ដេជ្ញាចិត្តរបស់យើង»៕