ភ្នំពេញៈ ករណីភ្លើងឆេះព្រៃនៅទូទាំងប្រទេសចំនួន៦៨៩ត្រូវបានធ្វើកំណត់ត្រា ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ខណៈនៅរាជធានីភ្នំពេញ និងខេត្តចំនួន៦ទៀត មានសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង ដែលមាន«ការបំពុលកម្រិតស្រាល»។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមករណីភ្លើងឆេះព្រៃទាំងជាង៦០០នោះ មាននៅក្នុងខេត្តមណ្ឌល​គិរីច្រើនជាងគេ គឺរហូតដល់ទៅ៩៨ករណី បន្ទាប់មកខេត្តស្ទឹងត្រែង៩២ករណី និងខេត្តរតនគិរី៨៦ករណី។ រីឯខេត្ត-រាជធានី ដែលគ្មានករណីភ្លើងឆេះរួមមានខេត្តកែប ប៉ៃលិន និងរាជធានីភ្នំពេញ។

ខេត្តដែលមានករីណភ្លើងឆេះព្រៃតិចជាងគេ គឺខេត្តស្វាយរៀងចំនួន២ករណី ខេត្តកំពង់ចាម និងខេត្តព្រះសីហនុមាន៤ករណីដូចគ្នា និងខេត្តកណ្តាល និងត្បួងឃ្មុំមាន៥ករណីដូចគ្នា។


ក្រសួងបរិស្ថាននៅថ្ងៃពុធ ទី២៦​ខែមីនានេះ​ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន ឱ្យបន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 ។ កំហាប់ភាគល្អិតនិចលនេះ គឺស្ថិតនៅក្រោមកម្រិតស្តង់ដារតែជាង២ទៀតប៉ុណ្ណោះ។ ទោះយ៉ាងណា បើគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ ស្ថិតក្នុងកម្រិត“ល្អ”នៅឡើយ។


អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់ នៅកម្ពុជាមានការប្រែប្រួលគុណភាព ក្នុងរយៈពេល២៤ម៉ោង ចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនានេះ។

តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា នៅរាជធានីភ្នំពេញ មានកម្រិតភាគល្អិតនិចល PM២,៥ បានឡើងលើសស្តង់ដាកំណត់ ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។

នេះមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសក​ម្មភាព​ក្រៅផ្ទះធម្មតា។

លោកបញ្ជាក់ថា៖«កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឱ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ»។

លោកបន្តថា តាមការត្រួតពិនិត្យជាប្រចាំដោយ ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩កន្លែង ដែលបានដាក់ពង្រាយនៅទូទាំងប្រទេស និងឧបករណ៍តាមដានតាមផ្កាយរណបចំនួន១គ្រឿងផ្សេងទៀត គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ គឺលទ្ធផលស្ថិតនៅក្រោមស្តង់ដា។

ក្នុងការតាមដានចុងក្រោយនេះ ខេត្តដែលមានសន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវ គឺ«គុណភាពខ្យល់ល្អណាស់» មាន ខេត្តកំពង់ឆ្នាំង កំពត ក្រចេះ កែប និងខេត្តត្បូងឃ្មុំ។

ចំពោះពណ៌បៃតង គឺ«គុណភាពខ្យល់ល្អ» មានខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង កំពង់ស្ពឺ  មណ្ឌលគីរី ព្រៃវែង ស្វាយរៀង ព្រះសីហនុ ឧត្តរមានជ័យ ពោធិ៍សាត់ ស្ទឹងត្រែង ប៉ៃលិន និងខេត្តតាកែវ។

ដោយឡែក ពណ៌លឿង គឺ «ការបំពុលកម្រិតស្រាល» មានខេត្តបន្ទាយមានជ័យ កណ្តាល កោះកុង រាជធានីភ្នំពេញ ព្រះវិហារ រតនគិរី និងខេត្តសៀមរាប។

ទោះយ៉ាងណា គ្មានខេត្តណាមួយ ដែលមានពណ៌ទឹកក្រូច «ការបំពុលមធ្យម», ពណ៌ក្រហម«ការបំពុលខ្លាំង» ឬពណ៌ស្វាយ «ការបំពុលធ្ងន់ធ្ងរ»នោះទេ។

ក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់៕